Sunday, August 24, 2025
Homeនយោបាយអតីតបេក្ខភាពទូតអាមេរិក ស្នើប្រធានាធិបតីត្រាំ អន្តរាគមន៍ឲ្យថៃ ដោះលែងកងទ័ពកម្ពុជា ១៨រូប

អតីតបេក្ខភាពទូតអាមេរិក ស្នើប្រធានាធិបតីត្រាំ អន្តរាគមន៍ឲ្យថៃ ដោះលែងកងទ័ពកម្ពុជា ១៨រូប

ភ្នំពេញ ៖ អតីតបេក្ខភាពឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ លោកភូ លីវុឌ្ឍ (Leewood Phu) បានផ្ញើលិខិតជូនប្រធានាធិបតីអាមេរិកសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ស្នើសុំអន្ដរាគមន៍ឲ្យភាគីថៃ ដោះលែងជាបន្ទាន់ដោយឥតលក្ខខណ្ឌ នូវកងទ័ពកម្ពុជា ចំនួន១៨នាក់ ដែលទាហានថៃ បានចាប់ខ្លួនដោយខុសច្បាប់ ក្រោយមានបទឈប់បាញ់ ដើម្បីធានាឱ្យបាននូវការអនុវត្តបទឈប់បាញ់ពេញលេញពិតប្រាកដ និងធានាសន្ដិភាពយូរអង្វែងសម្រាប់កម្ពុជា-ថៃ ។

  លោក ភូ លីវុឌ្ឍ (Leewood Phu) បានបង្ហោះលិខិតរបស់លោក ផ្ញើជូនលោកដូណាល់ ត្រាំ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “យើងមិនអាចនៅស្ងៀម ទុកឲ្យបងប្អូនវីរកងទ័ពយើង ស្ថិតក្នុងការឃុំឃាំងរបស់ចោរសៀមទេ។ នេះជាលិខិតដែលខ្ញុំបានសរសេរ និងផ្ញើជូនលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ស្នើសុំអន្តរាគមន៍ដោះលែងវីរកងទ័ពយើង ពីការឃុំឃាំងរបស់ចោរសៀម ។ ខ្ញុំក៏ស្នើសូមបងប្អូនយើងទាំងអស់គ្នា ទាំងក្នុងនិងក្រៅប្រទេស សូមជួយវីរកងទ័ពយើងផង តាមរយៈការសរសេរលិខិតបែបនេះ ទៅលោកប្រធានាធិបតី ត្រាំ។ បើបងប្អូនត្រូវការជំនួយក្នុងការសរសេរ សូមប្រាប់ខ្ញុំ តាមខម្មិនខាងក្រោម ឬតាម inbox“ ។

  នៅក្នុងលិខិតផ្ញើជូនលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នោះ លោក ភូ លីវុឌ្ឍ បានជម្រាបជូនថា “លោកប្រធានាធិបតី ជាទីគោរព! ខ្ញុំមានកិត្តិយសណាស់ក្នុងការសរសេរនិងអបអរសាទរអ្នកចំពោះសមិទ្ធផល MAGA ដ៏អស្ចារ្យរបស់លោក និងគំនិតផ្តួចផ្តើមដ៏ថ្លៃថ្នូរបស់លោក ចំពោះសន្តិភាពពិភពលោក ។ លោកពិតជាសមនឹងទទួលបាននូវរង្វាន់ណូបែលសន្តិភាព ។

   ពន្ធពាណិជ្ជកម្មរបស់លោក គឺជាអានុភាពដ៏មានប្រសិទ្ធភាពសម្រាប់សន្តិភាពពិភពលោក បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងកម្ពុជា និងថៃ គឺជាឧទាហរណ៍នៃឥទ្ធិពលដ៏មានប្រសិទ្ធភាព ប៉ុន្តែជាអកុសល មួយថ្ងៃបន្ទាប់ពីវាចូលជាធរមាន ទាហានខ្មែរ ចំនួន២០នាក់ ត្រូវបានចាប់ខ្លួន ។ ប៉ុន្មានថ្ងៃក្រោយមក ពួកគេពីរនាក់ ត្រូវបានដោះលែង ដោយមានភ័ស្តុតាងនៃទារុណកម្ម និងរបួស។ ១៨នាក់ ក្នុងចំណោមពួកគេ នៅតែជាចំណាប់ខ្មាំង ហើយនឹងក្លាយជាកត្តាជំរុញឱ្យមានការចាកឆ្ងាយនៃគំនិតផ្តួចផ្តើមសន្តិភាពពិភពលោក ដ៏ថ្លៃថ្នូរបស់លោកប្រធានាធិបតី។

  លោកប្រធានាធិបតី! ខ្ញុំសូមគោរពស្នើសុំលោក ប្រើអំណាចនៅក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក បង្គាប់បញ្ជាឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ដោយគ្មានលក្ខខណ្ឌនិងជាបន្ទាន់ ដើម្បីធានាបាននូវបទឈប់បាញ់ដ៏រឹងមាំពិតប្រាកដ និងសន្តិភាពយូរអង្វែង សម្រាប់ប្រទេសទាំងពីរ។

  ខ្ញុំរង់ចាំឱកាសមួយ ដើម្បីជួបលោកប្រធានាធិបតី ម្តងទៀត និងចូលរួមកម្មវិធីទទួលរង្វាន់ណូបែលសន្តិភាព របស់លោកប្រធានាធិបតី នាពេលខាងមុខនេះ“ ។

  ក្រោយបានឃើញលិខិតរបស់លោក ភូ លីវុឌ្ឍ គោរពផ្ញើជូនលោកដូណាល់ ត្រាំ ដូចខាងលើនេះ លោកម៉ៃឃើល អាល់ហ្វារ៉ូ អ្នករាយការណ៍ព័ត៌មានប្រចាំសេតវិមាន នៃលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថ្មីៗនេះ បានចុះមកធ្វើសេចក្ដីរាយការណ៍ផ្ទាល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលទាហានថៃ បានឈ្លានពានកម្ពុជា តាម រយៈការរាយលួសបន្លា ដាក់កង់ឡាន ព័ទ្ធយកដីផ្ទះប្រជាពលរដ្ឋកម្ពុជា ធ្វើឲ្យពួកគាត់អត់ទីជម្រក ស្រែកទ្រហោយំយ៉ាងសង្វេគ ហើយពេលនេះលោកបានត្រលប់ទៅដល់សហរដ្ឋអាមេរិក វិញហើយនោះ លោកម៉ៃឃើល អាល់ហ្វារ៉ូ បានគាំទ្រឲ្យប្រធានាធិបតីអាមេរិក អន្តរាគមន៍ដោះលែងកងទ័ពកម្ពុជា ទាំង១៨រូប ជាបន្ទាន់ ដោយលោកបានបង្ហោះលិខិតរបស់លោក ភូ លីវិឌ្ឍ នេះ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ជាមួយសំណេរថា “នៅអាមេរិក យើងមិនទ្រាំនឹងការធ្វើបាបទេ។ ថៃ បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងកម្ពុជា និងយកទាហាន ១៨នាក់ ធ្វើជាចំណាប់ខ្មាំង រឿងនេះត្រូវតែបញ្ចប់។ ល្មមដោះលែងទាហានទាំង 18នាក់ហើយ ដល់ពេលដែលត្រូវត្រឡប់ទៅរកសន្តិភាពវិញហើយ សូមឲ្យពួកគេទទួលបានសន្តិភាព ។ 50លាន Trump ដែលស្រឡាញ់សេរីភាព ជនជាតិអាមេរិក ឈរលើសន្តិភាព តាមរយៈ ភាពរឹងមាំ។ យើងនឹងមិននៅស្ងៀមទេ អាមេរិក នឹងឈរជាមួយជនរងគ្រោះនៃឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមនុស្ស ជាតិ ជានិច្ច» ។

  ជាមួយគ្នានោះដែរ លោក ហ្គារី ហ្វ្រែនឈី (Gary Franchi) ប្រធានក្រុមឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន ក៏បានគាំទ្រលិខិតរបស់ឯកអគ្គរដ្ឋទូត ដែលអំពាវនាវឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ អន្តរាគមន៍ឲ្យប្រទេសថៃ ដោះលែងទាហានកម្ពុជា ទាំងអស់ ត្រឡប់មកវិញជាបន្ទាន់នេះ។ លោកថា ចលនាដ៏ក្លាហាននេះ បង្ហាញថា សូម្បីតែអ្នកការទូតអាជីព ក៏ទទួលស្គាល់ភាពបន្ទាន់នៃស្ថានភាពនេះ។

លោកហ្គារី ហ្វ្រែនឈី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ថា “ព័ត៌មានទាន់ហេតុការណ៍ ៖ នៅក្នុងការផ្សាយបន្តផ្ទាល់ជាប្រវត្តិសាស្ត្រ ពីទីក្រុងញូវយ៉ក លោក Michael Alfaro បានបង្ហាញពីការវិវត្តដ៏កក្រើកផែនដីដែលអាចបង្កឱ្យមានសង្គ្រាមលោកលើកទី២ នៅអាស៊ីអាគ្នេយ៍។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសថៃ បានបំបែកគ្រប់ពិធីការការទូតទាំងអស់ ទាមទារឱ្យប្រធានា ធិបតី Trump បង្ខំឱ្យថៃប្រគល់ទាហានកម្ពុជា ១៨នាក់វិញ ជាបន្ទាន់ សញ្ញាចលនាដែលមិនធ្លាប់មានពីមុនមកនេះ ថាតើស្ថានភាពនឹងក្លាយទៅជាយ៉ាងណា? វិបត្តិបានឈានដល់ដំណាក់កាលសំខាន់។ នាយទាហានថៃ បានប្រកាសបោះបង់សម្ព័ន្ធភាពអាមេរិក ដោយសរសើរនាវាចម្បាំងចិន ថា “ល្អជាងអាមេរិក” និងបញ្ជាក់ពីគម្រោងទិញនាវាមុជទឹកចិន ផ្តាច់មុខ។ នេះតំណាងឱ្យការបំផ្លាញមូលដ្ឋានប្រតិបត្តិការ CIA ធំបំផុតរបស់អា មេរិក នៅអាស៊ីអាគ្នេយ៍ ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងតៃវ៉ាន់»។

  លោកហ្គារី ហ្វ្រេនឈី បន្ថា ការចាប់ជំរិតទាហានកម្ពុជា ១៨នាក់ របស់ប្រទេសថៃ ជាការប្រព្រឹត្តិនូវអ្វីដែលឯកអគ្គរដ្ឋទូតហៅថា “ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ” ហើយឧត្តមសេនីយ៍របស់ពួកគេ កំពុងប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា ដើម្បីចំណេញនយោបាយ។ ក្រសួងការបរទេសអាមេរិក បានថ្កោលទោសជាសាធារណៈ ចំពោះភាពធ្ងន់ធ្ងរនៃវិបត្តិនេះ។

  លិខិតរបស់បេក្ខភាពឯកអគ្គរដ្ឋទូត អំពាវនាវឱ្យពិចារណាឡើងវិញអំពី “សង្គ្រាមអត្រាពន្ធគយ” ជាមួយប្រទេសថៃ និងទាមទារឱ្យដោះលែងទាហានកម្ពុជា ទាំងអស់ ត្រឡប់មកវិញជាបន្ទាន់ និងតម្រូវឲ្យទាហានថៃ គោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា ឲ្យបានខ្ជាប់ខ្ជួន បញ្ឈប់ជាបន្ទាន់នូវទង្វើឈ្លានពានមកលើកម្ពុជា…។

  ជុំវិញបញ្ហានេះដែរ សម្រាប់លោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងតាមបណ្ដាញសង្គមថា “ឆ្លងកាត់សង្រ្គាមក្នុងរយ:ពេលនេះ គឺកម្ពុជា ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវរបស់ខ្លួន ដោយគោរពច្បាប់អន្តរជាតិ ស្រឡាញ់សន្តិភាព មិនឈ្លានពានគេ ដែលជាអំណោយផលបំផុតក្នុងការទទួលបាននូវការគាំទ្រពីសហគមន៍អន្តរជាតិ។ កម្ពុជាមើលឃើញច្បាស់ នាពេលនេះ អ្នកណាមិត្ត អ្នកណាជាមិត្តរបស់សត្រូវ អ្នកណាតែៗស្ករៗ។ ចំពោះមិត្តដែលជួយកម្ពុជា ក្នុងពេលនេះ យើងខ្ញុំនឹងចងចាំ“ ។

  ដោយឡែក លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងថា ក្រោយពីសង្រ្គាម ៥ថ្ងៃ កម្ពុជា ត្រូវឈរលើការពិត និងដើរលើផ្លូវត្រឹមត្រូវ ដើម្បីបន្តបង្ហាញពិភពលោក ខណៈកម្ពុជា កំពុងត្រូវបានសហគមន៍អន្តរជាតិ ចាប់អារម្មណ៍ជាខ្លាំង ហើយលោកក៏គាំទ្រអតីតបេក្ខភាពឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ លោក ភូ លីវុឌ្ឍ ដែលបានស្នើសុំលោកដូណាល់ ត្រាំ ធ្វើអន្តរាគមន៍ឲ្យថៃ ដោះលែងទាហានកម្ពុជា ទាំង១៨រូប ជាបន្ទាន់។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ប្រាប់ «នគរធំ» នៅថ្ងៃទី២២ ខែសីហាឆ្នាំ២០២៥ ថា “ខ្ញុំចង់បង្ហាញថា ក្រោយពីសង្រ្គាម ៥ថ្ងៃហ្នឹង យើងចង់ឲ្យកម្ពុជា បង្ហាញនៅលើពិភពលោក ដែលពិភពលោក គេកំពុងតែចាប់ អារម្មណ៍កម្ពុជា នៅក្នុងសង្រ្គាម ៥ថ្ងៃ កម្ពុជា រងគ្រោះនិងឆ្លងកាត់នូវអ្វីខ្លះ អំពីការរំលោភបំពានដោយកងទ័ពសៀមជ្រុលនិយម មកលើអធិបតេយ្យកម្ពុជា? ក៏ដូចជាបូរណភាពទឹកដី។ អ៊ីចឹងអ្វីដែលខ្ញុំបញ្ជាក់ គឺថា កម្ពុជា ត្រូវឈរលើការពិត បង្ហាញអី្វជាការពិត ហើយនិងលើកនូវអ្វីដែលជាភាពត្រឹមត្រូវ នៅក្នុងអ្វីដែលកម្ពុជា កំពុង តែប្រឈមទៅនឹងជម្លោះសង្រ្គាមរាំងជលជាមួយប្រទេសសៀម អីហ្នឹង គឺថាវាជាការអត់ធ្មត់ ហើយនិងបង្កើននូវនយោបាយការទូត ការបរទេសហ្នឹងឲ្យទ្វេដង ដែលកម្ពុជា តាមរយៈក្រសួងការបរទេស ក៏ដូចជាការគូសវាសរបស់នាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន ម៉ាណែត ហ្នឹង នឹងធ្វើអ្វីខ្លះសម្រាប់ទៅសហគមន៍អន្តរជាតិឲ្យមានការគាំទ្រ យើងមិនចង់បានថា ឲ្យនៅខាងកម្ពុជា ហើយនយោបាយការបរទេស គេត្រូវដកឃ្លា ឬក៏ចាកចេញ ទាត់ ចោលភាគីថៃ ទេ គឺយើងចង់ថា ធ្វើម៉េចឲ្យឈរលើជំហរការពិត ដែលកម្ពុជា ជាប្រទេសរងគ្រោះ ប្រទេសដែលត្រូវបានគេជាន់ឈ្លី រំលោភបំពានអធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន ហើយទៅមើលឃើញនៅលើឆាកអន្តរជាតិ តាមរយៈសង្រ្គាមព័ត៌មាន សង្រ្គាមបច្ចេកវិទ្យា ជាមួយនឹងរបាយការណ៍ខុសឆ្គង ផ្ទុយស្រឡះពីការពិតរបស់ភាគីសៀម ។ អ៊ីចឹងហើយអ្វីៗកម្ពុជា ត្រូវអំណត់ដោយភាពឆ្លាតវៃ ក្នុងការធ្វើសេចក្ដីរាយការណ៍របាយ ការណ៍ណាទៅសហគមន៍អន្តរជាតិ តាមរយៈអ្វីដែលកម្ពុជា មានប្រៀបនៅលើផ្លូវច្បាប់ សន្ធិសញ្ញាអន្តរជាតិ កិច្ចព្រមព្រៀងបែបណាដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ តាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ដែលដើរស្របនឹងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មិនផ្ទុយនឹងយន្តការធម្មនុញ្ញអាស៊ាន ក៏ដូចសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១  និងកិច្ចព្រមព្រៀងបារាំង-សៀម ទៅនឹងការគូសវាសព្រំដែន ឆ្នាំ១៩០៤ និង១៩០៧ ជាពិសេសគឺសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ ICJ ដែលបានគូសវាសឲ្យកម្ពុជា ឈ្នះនៅតាមបន្ទាត់ព្រំដែននៃតំបន់ប្រាសាទព្រះវិហារ ក៏ដូចជាតំបន់ផ្សេងៗ នៃសន្ធិសញ្ញាគូសវាសព្រំដែនបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ អីជាដើមហ្នឹង ។ អ៊ីចឹងហើយ ដែលខណៈកម្ពុជា កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ពិសេសគឺសហរដ្ឋអាមេរិក ប្រទេសមហាអំ ណាចចិន ក៏ដូចជាអ្នកសង្កេតការណ៍នៅក្នុងកិច្ចព្រមព្រៀងនៃកិច្ចប្រជុំបទឈប់បាញ់គ្នាមួយ នៅឯទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រហូតដល់មានចេញជាការឯកភាពគ្នា ជាសន្ធិសញ្ញាអន្តរជាតិមួយ នៅ១៣ចំណុច អំពីបទឈប់បាញ់គ្នា ហើយនិងគោរពបទឈប់បាញ់គ្នា តាមអ្វីដែលបានគូសវាសហ្នឹង ។ អាហ្នឹងហើយដែលខ្ញុំចង់បង្ហាញថា កម្ពុជា ត្រូវឈរលើការពិតបង្ហាញនូវភ័ស្តុតាង តឹកតាង ឯកសារយោងនៃហេតុផលក្នុងប្រទេស និងក្រៅប្រទេស ទៅនឹងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ទាក់ទងទៅនឹងបណ្ដឹងទីក្រុងឡាអេ តុលាការយុត្តិធម៌អន្តរជាតិ ហើយដើរលើផ្លូវត្រឹមត្រូវហ្នឹង គឺកម្ពុជា បន្តភាពអំណត់ ដើម្បីរកភាពត្រឹមត្រូវ ហើយឈរនៅលើទម្ងន់ច្បាប់អន្តរជាតិ ព្រោះយើងគ្មានជម្រើសអីក្រៅពីប្ដឹងទៅសហគមន៍អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរជាតិ ហើយកម្ពុជា យើងចង់បានសន្តិភាព យើងមិនចង់ធ្វើសង្រ្គាមដើម្បីបង្ហូរឈាមគ្នា វិនាសកម្មដល់ជាតិសាសន៍ទាំងពីរ ឲ្យហិនហោចប្រទេសទាំងពីរ រហូតដល់បង្កើតអរិភាពនឹងគ្នាទេ។ ប៉ុន្តែកម្ពុជាគ្មានជម្រើស បើសិនជាសត្រូវបរទេសដែលឈ្លានពាន មករំលោភអធិបតេយ្យកម្ពុជា គឺយើងបង្ខំចិត្តក្នុងការធ្វើសង្រ្គាមទប់ទល់ រក្សានូវស្ថិរភាពនិងសន្តិភាពនៅកម្ពុជា បានកើតមានក្រោយ ពី២៣ តុលា ១៩៩១ មកហ្នឹង“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ចំពោះរឿងចំណាប់ខ្មាំងនៃវីរកងទ័ពទាំង១៨នាក់ ដែលនៅមានវត្តមាននៅលើទឹកដីថៃ ហើយបើតាមពិតទៅ បើថៃ មិនអាងនៅចំណុចណាមួយភាពខ្លាំង ភាពលំនឹងរបស់គេទៅនឹងការជឿជាក់ដែលចង់យកប្រៀបមកលើកម្ពុជា ទេ គឺថាក្រោយពីមានកិច្ចព្រមព្រៀងគ្នា ចំនួន១៣ចំ ណុចនោះ គឺថា ភាគីថៃ ត្រូវតែបញ្ជូនវីរកងទ័ពហ្នឹង មកឲ្យកម្ពុជា វិញ នៅក្នុងអ្វីដែលមានចែងនៅក្នុងសន្ធិ សញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៦ គឺថាក្រោយពីចប់សង្រ្គាម ឈ្លើយសឹក ត្រូវបានផ្ទេរ ត្រូវបានបញ្ជូនទៅឲ្យប្រទេសដែលមានសង្រ្គាមជាមួយគ្នា។ ប៉ុន្តែមកដល់ឥឡូវ យើងឃើញថា ជាង២០ថ្ងៃទៅហើយ គឺថាមិនទាន់ឃើញភាគីថៃ ជាពិសេសកងទ័ពសៀមជ្រុលនិយម បានបញ្ជូនវីរកងទ័ពយើងទាំង១៨នាក់ មកទេ បើទោះបីមានការអំពាវនាវពីសហគមន៍អន្តរជាតិ ពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មិនថាយោធា មិនថាស៊ីវិល អង្គការមនុស្សធម៌ កាកបាទក្រហមអន្តរជាតិ អីជាដើមហ្នឹង គឺថានេះហើយជាការផ្គើន ជាការគឃ្លើនរបស់ភាគីថៃ មកលើកម្ពុជា ហើយហាក់បីដូចជាមើលងាយដល់សហគមន៍អន្តរជាតិ ជាពិសេសក្រុមអ្នកដែលសង្កេតការណ៍ ដែលរៀបចំឲ្យមានការប្រជុំបទឈប់បាញ់គ្នាអីជាដើម នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ អីជាដើម គឺថាបើទោះបីកម្ពុជា ស្នើសុំ កម្ពុជា ធ្វើការថ្កោលទោសបែបណា រំលោភទៅនឹងច្បាប់អន្តរជាតិ ប៉ុន្តែសំណួរសួរថា ថៃ អាងអ្វីបានជាថៃ មិនគោរពច្បាប់អន្តរជាតិ? ថៃ ដើរល្មើសទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា? អាហ្នឹងហើយ ដែលយើងចង់ដឹងថា តើអ្នកណាជាម្ចាស់សម្ព័ន្ធមិត្តធំនៅពីក្រោយប្រទេសថៃ ដែលថៃ ចេះតែធ្វើអីតាមអំពើចិត្ត មិនគោរពច្បាប់អន្តរជាតិ មិនគោរពនូវក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺយើងដឹងហើយថា សម្ព័ន្ធមិត្តដ៏រឹងមាំមួយរវាងថៃ និងសហរដ្ឋអាមេរិក ។ អ៊ីចឹងចង់មិនចង់ តើយើងត្រូវធ្វើវិធីសាស្រ្តបែបណា ក្នុងការទាក់ទាញ ការលួងលោម ការលើកនូវហេតុផលជាចំណុចខ្លាំង យើងមិនចង់ដាក់សម្ពាធទេ ដើម្បីទុកឲ្យមហាអំណាចនៃសហរដ្ឋអាមេរិក ដែលដូណាល់ ត្រាំ លោកចង់បានសន្តិភាព ហើយកម្ពុជា ក៏បានគាំទ្រនូវបេក្ខភាពរង្វាន់ណូបែលសន្តិភាពអីហ្នឹង គឺថាយើងបានធ្វើឲ្យគ្រប់ជ្រុងជ្រោយ ហើយនិងមានការអនុវត្តជាមួយភាគីទាំងពីរ រវាងភាគីប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន ម៉ាណែត តាមទូរស័ព្ទ ចំនួនពីរដង គឺថាសុទ្ធតែមានការប្ដេជ្ញា ការបញ្ជាក់សក្ខីកម្មតថភាពទៅនឹងទិដ្ឋភាពនយោបាយ ក្រោយពីសង្រ្គាម ៥ថ្ងៃ ។ អ៊ីចឹងហើយ ជីវិតចំណាប់ខ្មាំង វីរកងទ័ពយើង ទាំង១៨នាក់ វាអាស្រ័យនៅលើប្រទេសមហាអំណាច នៃសហរដ្ឋអាមេរិក ក៏ដូចជាមហាអំណាចចិន ក្នុងការជជែកចរចាបែបណា ដើម្បីដោះលែងចំណាប់ខ្មាំងនោះ ឲ្យមកកម្ពុជា វិញ…” ។

 គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល២៤ថ្ងៃហើយ ដែលថៃ បានចាប់ខ្លួនកងទ័ពកម្ពុជា ដោយខុសច្បាប់ តាំងពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។ ក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់កម្ពុជា ឱ្យបានឆាប់បំផុត ដើម្បីឱ្យពួកគេបានមកជួបជុំក្រុមគ្រួសារដែលកំពុងរង់ចាំយ៉ាងអន្ទះសា ៕ កុលបុត្រ

RELATED ARTICLES