Wednesday, September 10, 2025
Homeនយោបាយប្រធានាធិបតីហ្វីលីពីន មកកម្ពុជា ចុះអនុស្សរណៈយោគយល់៣

ប្រធានាធិបតីហ្វីលីពីន មកកម្ពុជា ចុះអនុស្សរណៈយោគយល់៣

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីហ្វីលីពីន លោកហ្វឺឌីណង់ ម៉ារកូស ចេអា បានចុះអនុស្សរណៈយោគយល់ ចំនួន៣ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

 តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រី Louise Araneta-Marcos បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Ferdinand Romualdez Marcos Jr. បានអញ្ជើញជួបជាមួយសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៅថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២៥ ។ លោក Marcos Jr. និងថ្នាក់ដឹកនាំកម្ពុជា ទាំងពីររូប បានធ្វើការពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយក្នុងនោះ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីហ្វីលីពីន នាឱកាសនេះ ព្រមទាំងទស្សនកិច្ចផ្លូវការរបស់សម្ដេច នៅប្រទេសហ្វីលីពីន នាដើមឆ្នាំកន្លងមក បានឆ្លុះបញ្ចាំងពីមិត្តភាពរឹងមាំ និងការប្តេជ្ញាចិត្តមុតមាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ហ្វីលីពីន ឱ្យកាន់តែខ្ពស់ថែម ទៀត។ ចំណែកលោកហ្វឺឌីណង់ ម៉ារកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន បានបង្ហាញនូវការគាំទ្រចំពោះបទឈប់បាញ់ និងបានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ហ្វីលីពីន ដើម្បីចូលរួមជួយជំរុញឱ្យមានបទឈប់បាញ់មួយជាអចិន្ត្រៃយ៍ សំដៅធានាដល់សន្ដិភាព និងស្ថិរភាពនៃប្រទេសទាំងពីរ។

 ជាកិច្ចចាប់ផ្ដើម សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណា ចក្រកម្ពុជា។ សម្តេច មានប្រសាសន៍ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំ, ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ និងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេច បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហ្វីលីពីន ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជា ផ្តល់សារៈសំខាន់ចំពោះទំនាក់ ទំនងយូរអង្វែងជាមួយហ្វីលីពីន ដែលឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងឧត្តមប្រ យោជន៍រួម។

 ជាការឆ្លើយតប លោកប្រធានាធិបតីហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងសម្តេចហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាល។ លោកប្រធានាធិបតី បានឯកភាពចំពោះការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី អំពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដោយលោកបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា ៖ ការពង្រឹងទំនាក់ទំនងរវាងកងទ័ពនិងកងទ័ព, ពាណិជ្ជកម្ម និងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លោកប្រធានាធិបតី បានបន្ថែមថា ប្រទេសទាំងពីរ នៅមានសក្តានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងយូរអង្វែង។

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី លើវិស័យអាទិភាពមួយចំនួន រួមមាន ៖ សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម, ទេសចរណ៍, ថាមពល និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាដើម។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈយន្តការពហុភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាព។ ជាមួយគ្នានេះ  សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ដែលបានគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ ព្រមទាំងអរគុណហ្វីលីពីន ដែលចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ក៏ដូចជាការបង្កើនក្រុមអ្នកសង្កេតការណ៍អន្តរកាលនៅកម្ពុជា ផងដែរ។

ក្រោយបញ្ចប់កិច្ចពិភាក្សាគ្នាប្រកបដោយលទ្ធផលជាផ្លែផ្កា ថ្នាក់ដឹកនាំទាំងពីរ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣ រួមមាន ៖

១. ការផ្លាស់ប្តូរកំណត់ទូតនៃការធ្វើវិសោធនកម្មលើ «ប្រការ១ ៖ វិស័យនៃកិច្ចសហប្រតិបត្តិការ» នៃអនុស្ស រណៈនៃការយោគយល់គ្នារវាងនគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលជាតិហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជននិងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា។

 ៣. អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ៕ 

RELATED ARTICLES