ភ្នំពេញ ៖ លោក សម រង្ស៉ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ (CNRC) បានប្រកាសរៀបចំដំណើររដ្ឋាភិបាលក្រៅប្រទេស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ចំថ្ងៃខួប ៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ១៩៩១ ដោយលោកបានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិតស៊ូ នឹងបំពេញតួនាទីជារដ្ឋាភិបាលក្រៅប្រទេស ដឹកនាំការងារបេសកកម្មគ្រប់គ្រងស្ថាប័នចំនួន៧ ហើយនឹងរៀបចំពិធីប្រកាសសមាសភាពបំពេញបេសកកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។

លោកសម រង្ស៉ី បានបង្ហោះសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាជាតិតស៊ូ នៅក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានមានខ្លឹមសារទាំងស្រុង ដួចខាងក្រោម ៖
-ដោយពិនិត្យឃើញអំពីវិបត្តិទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ កាន់តែធ្លាក់ដុនដាបយ៉ាងសង្វេគណាស់ ហើយទឹកដីនៃប្រទេសកម្ពុជា ត្រូវបរទេសឈ្លានពានឥតឈប់ឈរ។
– ដោយពិនិត្យឃើញថា រដ្ឋាភិបាលភ្នំពេញបច្ចុប្បន្ន មិនប្រើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីដោះស្រាយវិបត្តិជាតិ ការរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែរ និងបញ្ហាជម្លោះព្រំដែន។
– ដោយពិនិត្យឃើញថា មានតែការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុណ្ណោះ ទើបអាចដោះស្រាយបាននូវវិបត្តិជាតិ ការរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែរ និងបញ្ជាជម្លោះព្រំដែន។
ហេតុដូច្នេះហើយ ក្រុមប្រឹក្សាជាតិតស៊ូ (CNRC) នឹងរៀបចំខ្លួនបំពេញតួនាទីជារដ្ឋាភិបាលក្រៅប្រទេស ដើម្បីប្រើគ្រប់លទ្ធភាព អនុវត្តតាមខ្លឹមសារនិងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងគោលដៅដោះស្រាយវិបត្តិជាតិកម្ពុជា ការរងគ្រោះដ៏វេទនារបស់ប្រជាពលរដ្ឋខ្មែរ និងបញ្ហាជម្លោះព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ។
“ការបំពេញតួនាទីជារដ្ឋាភិបាលក្រៅប្រទេស” របស់ក្រុមប្រឹក្សាជាតិតស៊ូ ដឹកនាំការងារបេសកកម្មដោយស្ថាប័នគ្រប់គ្រងវិស័យ ចំនួន៧ ៖
១. ស្ថាប័នទំនាក់ទំនងអន្តរជាតិ និងអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស
២. ស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍
៣. ស្ថាប័នសន្តិសុខជាតិ និងសុវត្ថិភាពប្រជាពលរដ្ឋ
៤. ស្ថាប័នប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងសិទ្ធិមនុស្ស
៥. ស្ថាប័នកម្ចាត់អំពើពុករលួយ និងរៀបចំការគ្រប់គ្រងប្រទេសសាឡើងវិញ តាមគោលការណ៍សីលធម៌ សច្ចធម៌ និងយុត្តិធម៌
៦. ស្ថាប័នសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជួយពលរដ្ឋក្រីក្រ
៧. ស្ថាប័នព័ត៌មាន និងទំនាក់ទំនងសាធារណៈ ។
ក្រុមប្រឹក្សាជាតិតស៊ូ នឹងប្រកាសដំណើរការការងារជាផ្លូវការនៃ “ការបំពេញតួនាទីជារដ្ឋាភិបាលក្រៅប្រទេស” នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅថ្ងៃខួប ៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។ យើងខ្ញុំក៏រៀបចំពិធីប្រកាសសមាសភាពបំពេញបេសកកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ …។
លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ និងជាសមាជិកក្រុមប្រឹក្សាជាតិតស៊ូ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ថា លោកគាំទ្រការបង្កើតរដ្ឋាភិបាលក្រៅស្រុក ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោះស្រាយវិបត្តិកម្ពុជា នេះ ព្រោះរដ្ឋាភិបាលសព្វថ្ងៃ មិនបានអនុវត្តទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នោះទេ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! គាំទ្រ ដែលក្រុមប្រឹក្សាជាតិតស៊ូហ្នឹង ចង់ប្រកាសរដ្ឋាភិបាលក្រៅស្រុកហ្នឹង ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីដោះស្រាយវិបត្តិកម្ពុជា ហើយក៏ដោះ ស្រាយបញ្ហារងគ្រោះរបស់ប្រជាពលរដ្ឋ ហើយជាពិសេសគឺដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសជាមួយថៃ ព្រោះរដ្ឋាភិបាល សព្វថ្ងៃនេះ មិនបានអនុវត្តទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយនិងព្រមប្ដឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងនេះ ដើម្បីឲ្យជួយដោះស្រាយបញ្ហាព្រំដែនជាមួយ នឹងប្រទេសថៃ“ ។
ដោយឡែក លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាប្រធានប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ថា ការបង្កើតរដ្ឋាភិបាលនិរទេស របស់លោកសម រង្ស៊ី នៅពេលនេះ វាឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា លោកសម រង្ស៊ី មិនមែនសេ្នហា ជាតិទេ គឺក្បត់ជាតិ ពេញទីហើយ ។ ដូច្នេះលោកស្នើរដ្ឋាភិបាល អនុវត្តច្បាប់សញ្ជាតិ គឺបើហ៊ានតែបង្កើត ត្រូវតែដកសញ្ជាតិចោលរាល់សមាសភាពទាំងអស់ដែលគាំទ្ររដ្ឋាភិបាលក្បត់ជាតិនេះ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ខ្ញុំយល់ថា ការបង្កើតរដ្ឋាភិបាលនិរទេស របស់លោកសម រង្ស៊ី នៅពេលនេះ វាឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថា លោកសម រង្ស៊ី មិនមែនសេ្នហាជាតិទេ លោកសម រង្ស៊ី គឺក្បត់ជាតិ ពេញទីហើយ ពីព្រោះអំឡុងពេលដែលប្រទេសកំពុងតែប្រឈមជាមួយនឹងបរទេសឈ្លានពាន ហើយយើងបែរជាទៅចូលដៃចូលជើងជាមួយនឹងសៀមឈ្លានពាន សុទ្ធតែប្រមាថកងទ័ពខ្លួនឯងថា បាញ់ឲ្យតែពាសអីនោះ អាហ្នឹងវាជាចរិតនយោបាយមួយ ដែលខ្ញុំមើលឃើញថា លោកសម រង្ស៊ី ដើរដល់ជីវិតចុងក្រោយនៃនយោបាយរបស់គាត់ហើយ ។ កុំថាឡើយទៅដល់ចូលរួមដោះស្រាយវិបត្តិ សូម្បីតែដោះស្រាយបញ្ហាកូនចៅខ្លួនឯង ទាំងក្នុងហើយនិងក្រៅប្រទេសនេះ ផ្ទៃក្នុងខ្លួនឯងហ្នឹង ក៏ដោះមិនចេញផង ។ អ៊ីចឹងរឿងលោកសម រង្ស៊ី បង្កើតរដ្ឋាភិបាលនិរទេសនេះ សម្រាប់ខ្ញុំ គ្មានអ្វីចម្លែកទេ ប៉ុន្តែអ្វីដែលខ្ញុំស្នើ គឺរដ្ឋាភិបាលដែលមានច្បាប់រួចហើយ ច្បាប់សញ្ជាតិហ្នឹង ហ៊ានតែបង្កើត គឺត្រូវតែដកសញ្ជាតិចោល រាល់សមាសភាពទាំងអស់ដែលគាំទ្ររដ្ឋាភិបាលក្បត់ជាតិនេះ ហើយសម្រាប់អ្នកនៅក្នុងប្រទេស ក៏ដូចគ្នាដែរ តែចូលដៃចូលជើង កុំទុក គឺយើងមិនអនុញ្ញាតឲ្យសង្គមកម្ពុជា បែកបាក់ វិនាសអន្តរាយដោយសារតែមនុស្សមួយដំបស្វាហ្នឹងទេ ។ អ៊ីចឹងខ្ញុំសុំជម្រាបថា ការបង្កើតរដ្ឋាភិបាលនិរទេសនេះ វាគ្មានអីភ្ញាក់ផ្អើលទេ គឺជារឿងមួយដែលជាជីវិតចុងក្រោយរបស់លោកសម រង្ស៊ី បង្កើតហើយ ដើម្បីបញ្ចប់ជីវិតនយោបាយខ្លួនឯងតែប៉ុណ្ណោះឯង“ ៕ កុលបុត្រ