ភ្នំពេញ ៖ ក្មេងស្រីជំទង់ម្នាក់ ទៅរៀននៅសាលាបែជាទៅតាមមិត្តគេចខ្លួនចុះចោលផ្ទះបាត់ បង្កឲ្យកើតក្តីភ័យព្រួយពីសំណាក់ម្តាយ ក្រុមគ្រួសារ អស់រយៈពេល១យប់១ថ្ងៃ មិនឃើញវិលវិញ ម្តាយរង់ទៅប្តឹងនគរបាលបុ៉ស្តិ៍ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ ។
ក្មេងស្រីបាត់ខ្លួនមានឈ្មោះ ផូ ពីយ៉ាឆ័ត្រ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី១១ វិទ្យាល័យជម្ពូវ័ន មានឪពុក ឈ្មោះ សុិន សុីផូ ម្តាយឈ្មោះ សុឹម សារ៉ាណា មុខរបរមេផ្ទះ និងមានបងប្អូនចំនួន៥នាក់ ប្រុស៤នាក់ ស្រី១នាក់ ក្មេងស្រីបាត់ខ្លួនជាកូនពៅ មានទីលំនៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ធពោធិសែនជ័យ ។
តាមម្តាយក្មេងស្រីបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ ម្សិលមុិញ កូនស្រីរបស់គាត់បានចាកចេញពីផ្ទះ ឆ្ពោះទៅសាលារៀន បាត់រហូតដល់ល្ងាចទៅហើយ នៅតែមិនឃើញកូនវិលត្រឡប់មកវិញ មិនអស់ចិត្ត តាមសាកសួរសិស្សសាលាមិត្តភ័ក្របស់រកូនស្រី ទើបដឹងថាកូនមិនបានចូលសាលាតាំងពីវេលាថ្ងៃមកម្លេះ ទើបបង្កឲ្យក្រុមគ្រួសារឆោឡោ ស្វះស្វែងដើររកកូនស្រី ។ តាមប្រភពដោយឡែកមួយទៀតបានឲ្យដឹងថា ក្មេងស្រីខាងលើ ត្រូវបានមិត្តភ័ក្រក្នុងហ្វេសបុ៊កបបួលនាំចាកចេញទៅ ទើបធ្វើឲ្យ ស្រ្តីជាម្តាយកាន់តែកើតក្តីព្រួយបារម្មណ៍ពីសុវត្តិភាពកូនស្រី ។
ម្តាយក្មេងស្រីខាងលើ បានបន្តទៀតថា អ្វីដែលជាក្តីភ័យព្រួយ ក្តីបារម្មណ៍អំពីសុវត្តិភាពរបស់កូន បន្ទាប់ពីដាក់ការសង្ស័យ ថមានអ្នកល្បួងនាំកូនស្រីរបស់គាត់ រត់ចុះចោលផ្ទះ ទើបនៅព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧នេះ ម្តាយក្មេងស្រីខាងលើ កាន់កាត រូបថតកូនស្រីរត់ទីប្តឹងប៉ូលីសបុ៉ស្តិ៍ចោមចៅឲ្យជួយ ប្រកាសជ្រាវជ្រាវស្វែងរកកូន ៕