ខេត្តតាកែវៈ យុវជន២នាក់ជាបងប្អូនបង្កើតនឹងគ្នា បានសុំឪពុកទៅស្ទូចត្រីលេងនៅត្រពាំងទឹកក្បែរផ្ទះ ស្រាប់តែអកុសល ក៏បានលង់ ទឹកស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ធ្វើឱ្យបុរសជាឪពុកទួញសោកបោកខ្លួន ពោលបន្ទោសទេវតាថាអយុត្តិធម៌ ខំសាងអំពើល្អរាល់ថ្ងៃ បែរ ជាត្រូវវេទនាចិត្តបែបនេះទៅវិញ។

ហេតុការណ៍ដ៏សោកសង្រេងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចត្រពាំងទឹកមួយកន្លែង ស្ថិតក្នុងភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
យុវជនទាំង២នាក់បងប្អូនដែលលង់ទឹកស្លាប់ខាងលើ រួមមាន ទី១-ឈ្មោះរ៉ន ស័ក្តិត្រា អាយុ២២ឆ្នាំ និងទី២-ឈ្មោះរ៉ន ចក្រត្រា អាយុ១៣ឆ្នាំ យុវជនរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា និងមានលំនៅក្នុងភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រភពពីសាច់ញាតិយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះទាំង២នាក់បងប្អូន បានសុំឪពុក របស់ខ្លួនចេញទៅស្ទូចត្រីនៅត្រពាំងទឹកក្បែរផ្ទះ ស្រាប់តែក្រោយមក មិនដឹងថាយ៉ាងម៉េច បែរជាលង់ទឹកត្រពាំងស្លាប់ទាំង២នាក់បងប្អូន ទៅវិញ។
ក្រោយបាត់បង់កូនប្រុសជាទីស្រលាញ់ដល់ទៅ២នាក់ ត្រឹមមួយប៉ព្រិចភ្នែក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បុ រសជាឪពុកបានបង្ហោះ សំណេរតាមបណ្តាញសង្គម ទាំងស្តាយស្រណោះជីវិតកូនប្រុសទាំងពីរនាក់ យ៉ាងដូច្នេះថា “ យកជីវិតខ្ញុំទៅ ឱ្យកូនខ្ញុំរស់វិញមក…”។
បុរសជាឪពុក បានបន្ថែមថា “ប៉ា និងម៉ាក់វេទនាណាស់កូន កូនប៉ា ប៉ាស្រលាញ់កូនណាស់ ទេវតាអើយម៉េចក៏អយុត្តិធម៌ម៉េស សម្រាប់ គ្រួសារខ្ញុំ សព្វថ្ងៃខ្ញុំខំសាងអំពើល្អណាស់ លោកអើយលោក ខ្ញុំវេទនាចិត្តណាស់ព្រះ អើយ…”។
ចំណែកយុវជនជាកូនទី២ក្នុងគ្រួសារ ដែលបាត់បង់បងប្រុស និងប្អូនប្រុសពៅ ក្នុងពេលតែមួយ បានបង្ហោះសំណេរលើគណនីបណ្តាញ សង្គមរបស់ខ្លួន យ៉ាងដូច្នេះថា “ខ្ញុំទទួលយកមិនបានទេបងប្រុស និងប្អូនពៅបង ចិត្តដាច់ឱ្យបងនៅម្នាក់ឯងដែរ បងប្រុសប្អូនពៅបង…”។
យុវជនខាងលើ បន្តថា “បងប្អូនមានតែបីនាក់ ឡូវបងហើយនិងប្អូនទៅចោលខ្ញុំអស់ បងអើយ ប្អូនអើយ ចិត្តដាច់ម៉្លេះ ឱ្យខ្ញុំនៅម្នាក់ឯង និង បងប្រុសហើយប្អូនពៅបង…”។

គួរបញ្ជាក់ថា យុវជនរងគ្រោះទាំង២នាក់បងប្អូន សព្វថ្ងៃកំពុងរៀននៅភ្នំពេញ លុះដល់ថ្ងៃចុងសប្តាហ៍ សម្រាកពីការសិក្សា ទើបត្រឡប់ មកលេងផ្ទះ ជួបជុំក្រុមគ្រួសារ លុះថ្ងៃកើតហេតុ យុវជនទាំង២នាក់បងប្អូន បានសុំឪពុកទៅស្ទូចត្រីលេងនៅត្រពាំងទឹកក្បែរផ្ទះ បែរជាជួប គ្រោះអកុសល បាត់បង់ជីវិតទាំង២នាក់បងប្អូនតែម្តង៕