ភ្នំពេញ៖ជនសង្ស័យ០២នាក់ ជាមុខសញ្ញាកាច់កម៉ូតូនិងឆ្កិះសោផ្ទះប្រជាពលរដ្ឋនៅពេលយប់ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ឫស្សីកែវធ្វើការល្បាតនៅក្នុងមូលដ្ឋានក៏បានចាប់ឃាត់ខ្លួននិងដកហូតកង់ចំនួន២គ្រឿងឧបករណ៍សម្រាប់ធ្វើសកម្មភាពឆ្កឹះសោរផ្ទះនិងដែកសំប៉ែតកែឆ្នៃសម្រាប់កាច់សោរកម៉ូតូមួយចំនួនកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៤ខែមីនាឆ្នាំ២០១៧ដែលស្ថិតនៅចំណុចផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។
លោកតូចគឹមសុងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១-ឈ្មោះ ងិន សេរិវុធ ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដមានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២-ឈ្មោះ ឈិន សុភា ភេទប្រុស អាយុ២៣ឆ្នាំមានមុខរបរមិនពិតប្រាកដ មានទីលំនៅផ្លវរថភ្លើង ក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។
លោកបានបន្តទៀតថានៅយប់ថ្ងៃទី១៤ ខែមីនាកម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងប្រជាការពារសង្កាត់បានល្បាតនៅក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខណៈពេលកំពុងល្បាតស្រាប់តែប្រទះឃើញជនសង្ស័យទាំង០២នាក់ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួននិងឆែកឆេររកឃើញឧបករណ៍សម្រាប់ធ្វើសកម្មភាពឆ្កឹះសោរផ្ទះនិងដែកសំប៉ែតកែឆ្នៃសម្រាប់កាច់សោរកម៉ូតូមួយចំនួន។ ក្រោយពីធ្វើការឆែកឆេររកឃើញមក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើទៅកាន់ប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕ កែវ ឈីម