ខេត្តកំពង់ស្ពឺ ៖ ក្រុមកម្មករដឹកជញ្ជូនចំណីសត្វ ក្នុងឃ្លាំងស្តុកមួយកន្លែង ស្ថិតនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្តឹងទៅសាលាឃុំព្រះនិព្វាន ដើម្បីឱ្យជួយដោះស្រាយ ករណីថៅកែជាជនជាតិវៀតណាម បានគាបសង្កត់ ជិះជាន់កម្លាំងពលកម្មពួកខ្លួនដែលជាកម្មករ។

នៅក្នុងបណ្តឹងរបស់ក្រុមកម្មករ បានសំណូមពរឱ្យថៅកែជាជនជាតិវៀតណាម គោរពទៅតាមច្បាប់ការងាររបស់ប្រទេសកម្ពុជា ឱ្យបានត្រឹមត្រូវ ជាពិសេសបញ្ហាម៉ោងពេលវេលាធ្វើការងារឱ្យបានត្រឹមត្រូវ មិនត្រូវធ្វើអ្វីតាមតែអំពើចិត្ត ឬត្រូវដេញចោល ដេញចេញតាមចិត្តរបស់ខ្លួន មិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ។

យោងតាមពាក្យបណ្តឹងរបស់ក្រុមកម្មករ សរុប៥១នាក់ ដែលសរសេរដោយផ្ទាល់ដៃ បានរៀបរាប់ថា «ខ្ញុំបាទយើងខ្ញុំទាំងអស់គ្នា ជាកម្មករបម្រើការក្នុងក្រុមហ៊ុន ជីខេ ដូទ្រីស៊ិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សូមគោរពជូនលោកមេឃុំព្រះនិព្វាន សូមប្តឹងពីក្រុម ហ៊ុន ដូចខាងក្រោម ៖
១-សូមទុកមេហេង នៅបម្រើការជាធម្មតា រួមទាំងកម្មរទាំងអស់
២-កម្មករទាំងអស់សំណូមពរឱ្យមានប្រាក់ខែច្បាស់លាស់
៣-សូមឱ្យក្រុមហ៊ុនមានទំនួលខុសត្រូវ ពេលមានបញ្ហាក្នុងម៉ោងការងារ
៤-ពេលចល័តកម្មករ ពីកន្លែងមួយទៅកន្លែងមួយ សូមឱ្យក្រុមហ៊ុនដោះស្រាយបមធ្យោបាយធ្វើដំណើរដល់កម្មករ
៥-សូមកុំឱ្យក្រុមហ៊ុនបញ្ឈប់កម្មករដោយគ្មានមូលហេតុ
៦-សូមឱ្យក្រុមហ៊ុនធ្វើប័ណ្ណ ប.ស.ស ឱ្យកម្មករ
សូមលោកមេឃុំ មេត្តាដោះស្រាយឱ្យខ្ញុំបាទយើងខ្ញុំទាំងអស់គ្នា ដោយក្តីអនុគ្រោះ»…។
សូមបញ្ជាក់ថា បើតាមការអះអាងរបស់កម្មករចំណីសត្វប្រាប់អ្នកកាសែតថា ថៅកែមិនបាននៅក្នុងប្រទេសកម្ពុជា ទេ គឺនៅតែមេការ ជាអ្នកទទួលខុសត្រូវ ជាអ្នកគាបសង្កត់ទៅលើក្រុមកម្មករ។

តាមការបញ្ជាក់ថា ការដឹកសម្ភារៈចំណីសត្វនេះ គឺយកមកពីក្រៅប្រទេស មិនដឹងថាយកមកពីប្រទេសណាទេ យកមកលាក់ទុកនៅក្នុងឃ្លាំងនេះជាច្រើន រាប់ម៉ឺនបាវ ដូចជារោងចក្រមួយទៅហើយ ហើយក៏គ្មានយីហោច្បាស់លាស់ដែរ។ ឃ្លាំងនេះ ស្ថិតនៅក្នុងភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់របស់កម្មករ បានឱ្យដឹងថា មានជនជាតិវៀតណាម នៅក្នុងរោងចក្រនេះ ជាច្រើននាក់ ដែលបានដឹកជញ្ជូនមកពីក្រៅប្រទេស ហើយក៏មិនមែនមានតែមួយកន្លែងនេះដែរ គឺមានច្រើនកន្លែងទៀត។
ពាក់ព័ន្ធនឹងករណីខាងលើ លោកទឹម តុន ជំទប់ទី១ឃុំព្រះនិព្វាន បានឱ្យដឹងថា ពិតជាមានរឿងក្រុមកម្មករចំ នួន៥១នាក់ បានដាក់ ពាក្យបណ្តឹងថៅកែក្រុមហ៊ុន ជីខេ ដូទ្រីស៊ិន (ខេមបូឌា) ឯ.ក មកសាលាឃុំ ដើម្បីឱ្យជួយអន្តរាគមន៍ដោះស្រាយប្រាកដមែន។ លោកថា ក្នុងនាមរដ្ឋបាលឃុំ លោកក៏បានធ្វើការទំនាក់ទំនងជាមួយខាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ សុំឱ្យកោះហៅថៅកែ មកធ្វើការដោះស្រាយ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ប៉ុន្តែដោយលោកជាប់រវល់ប្រជុំ លោកមិនទាន់បានទទួលព័ត៌មាននោះទេ។ ខាងមន្ទីរការងារជាអ្នកធ្វើការដោះស្រាយ។

ដោយឡែកលោកចឹក បូរិន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រឿងនេះមន្ត្រីរបស់លោកកំពុងធ្វើការសម្របសម្រួលហើយ តែលទ្ធផលបែបណានោះ លោកមិនទាន់ឱ្យដឹងលម្អិតនៅ ឡើយទេ៕