ភ្នំពេញ ៖ មាន សូនីតា បាននិយាយដោយរីករាយ នាពេលថ្មីៗនេះថា នាងត្រូវបានគេសរសើរថា ស្អាត និងស្គមជាងមុន ហើយពេលស្គមបែបនេះ ស្លៀកពាក់អីក៏ត្រូវ។ នាងថា ពីមុន មានអារម្មណ៍ខ្មាសខ្លួនឯងជាខ្លាំង ព្រោះគីឡូឡើងជ្រុល ដល់ទៅ ៥៦គ.ក្រ ប៉ុន្ដែពេលនេះនៅសល់ត្រឹម ៤៧គ.ក្រ ស្រកអស់ដល់ទៅ ៩គ.ក្រ។

ការប្រឹងសម្រកទម្ងន់របស់សូនីតា នាពេលនេះ គឺស្របគ្នាទៅនឹង ណា សាឌី ដែលឡើងគីឡូដល់ទៅ ៥៤គ.ក្រ និងកំពុងព្យាយាមសម្រកឲ្យបាន ៦គ.ក្រ គឺចង់បានគីឡូ ៤៨គ.ក្រ ខណៈដែល យក់ ថិតរដ្ឋា សម្រកទម្ងន់បានដល់ទៅ ១៨គ.ក្រ គឺពី ៦៥គ.ក្រ មកត្រឹម ៤៧ គ.ក្រ ។ សម្រាប់សូនីតា នាងគ្មានគម្រោងសម្រកទម្ងន់ថែមទៀតទេ ហើយពេញចិត្តគីឡូ ៤៧ ខ្លាំង និងញញឹមបិទមាត់មិនជិតទេ ពេលត្រូវគេសរសើរថា នាងរាងស្អាត ។
សូមបញ្ជាក់ថា មាន សូនីតា ទោះជាឆ្នាំនេះមានអាយុ ៣៥ឆ្នាំ ប៉ុន្ដែនាងនៅតែរក្សាបានសម្រស់ក្មេងជាងវ័យ ហើយពូកែតែងខ្លួនទៅតាមពេលវេលាទៀតផង ។ អតីត Freshie ឆ្នាំ២០០៩ រូបនេះ ខុសពីតារាសម្ដែងល្បីៗផ្សេងទៀត ព្រោះពេលនាងថតរឿងមួយចប់ ក៏ដកឃ្លាយកពេលវេលាទៅដើរលេងនៅក្រៅស្រុកសិន មិនសម្រុកថតផ្ទួនៗ ឲ្យកាន់តែល្បីថែមទៀតឡើយ ។ នាងធ្លាប់ប្រាប់ថា ១ឆ្នាំ ចង់ថតតែ ១រឿង ដើម្បីទុកពេលរកស៊ី ប៉ុន្ដែមុននេះ គេឃើញនាងបិទហាងកាហ្វេ នៅក្បែផ្សារទួលទំពួង ទៅហើយ ប៉ុន្ដែនៅដំណើរការហាង ២ ទៀត គឺហាងលក់ក្រមា និងកាត់ដេរ ។ សូនីតា ក៏ធ្លាប់សារភាពនៅចំពោះមុខអ្នកកាសែតថា បច្ចុប្បន្ននាងមានសង្សារហើយ ប៉ុន្ដែស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នានៅឡើយ មិនទាន់ដល់ពេលគិតគួររឿងរៀបការទេ ប៉ុន្ដែប្រុសនោះ ជាអ្នកណា សូនីតា អត់ព្រមបង្ហាញមុខ ជាដាច់ខាត ខណៈដែលដំណឹងលេចឮថា មន្រ្ដីគយវ័យចំណាស់ម្នាក់ តាមស្នេហានាង ជាង១០ឆ្នាំមកហើយនោះ នៅតែមិនទាន់ស្ងាត់ឡើយ ។
អ្នកជំនាញសិល្បៈ បានលើកឡើងថា មិនមែនតែ មាន សូនីតា ទេ ប៉ុន្ដែតារាទូទៅ គឺឲ្យតែឡើងគីឡូ ដូចជាបញ្ចប់អាជីពខ្លួនឯង ហេតុនេះ ការសម្រកបានជិត ១០គ.ក្រ របស់សូនីតា នឹងធ្វើឲ្យនាងនៅតែមានទីផ្សារសិល្បៈ ជាបន្ដទៀតជាមិនខាន បើទោះជាឆ្នាំនេះ នាងមានវ័យ៣៥ឆ្នាំ ទៅហើយក្ដី ។

យ៉ាងណា សូនីតា ដែលបរាជ័យចាប់អាជីពពិធីការិនី ព្រោះអ្នកដឹកនាំកម្មវិធីសិល្បៈ សាញរឿងនាងមានសំឡេងតូចពេកនោះ កាលពីខែឧសភា ឆ្នាំ២០២៥ នាងបានឡើងច្រៀង ជាលើកដំបូង ដោយមានទាំងក្រុមរាំអម ដល់ទៅ ៦នាក់ផង ដែលនោះជាការស្ទាបស្ទង់ការគាំទ្រ បើមានគេចង់ឲ្យនាងធ្វើតារាចម្រៀងអាជីព នាងបុកទីផ្សារចម្រៀងថែមទៀត ប៉ុន្ដែពេលនេះ បែរជាស្ងាត់ លែងឃើញនាងឡើងច្រៀងទៀតទៅវិញ ។ ប៉ុន្តែការប្រឹងសម្រកគីឡូ យ៉ាងគំហុក នាពេលនេះ បញ្ជាក់ថា ស្រីស្រស់រូបនេះ កំពុងតែត្រៀមខ្លួនបង្ហាញអ្វីថ្មីថែមទៀត លើសពីការច្រៀងរាំ ក៏ថាបាន ព្រោះបើនិយាយពីរឿងលុយវិញ គ្មានឧបសគ្គសម្រាប់សូនីតា ក្នុងការចំណាយលើការងារសិល្បៈណាមួយ ដែលនាងចង់ធ្វើឡើយ ដោយសារប៉ុន្មានឆ្នាំ ចុងក្រោយនេះ មានតែរូបនាងទេ ដែលទៅដើរលេងនៅក្រៅប្រទេសច្រើនជាងគេ និងជិះយន្ដហោះ កៅអី Business Class ទៀតផង។ ហេតុនេះបើពឹងលើចំណូលពីអាជីពសិល្បៈ តែមួយច្រក គឺមិនអាចឡើយ។ ប៉ុន្ដែដោយសារតែនាងស្រលាញ់អាជីពនេះ ទើបជម្នះរឿងគេរិះគន់ថា នាងច្រៀង និងនិយាយ MC អត់កើត គឺបានតែសម្ដែង តែអ្នកណាទៅដឹងថា សុខៗស្រាប់តែនាងហ៊ានឡើងច្រៀង និងមានក្រុមរាំអម ដូចតារាចម្រៀងអាជីពដែរ។

Fan ថា មាន សូនីតា សម្រកទម្ងន់បានសម្រេចនេះ ប្រាកដជាគូស្នេហ៍លាក់មុខរបស់នាង ស្រលាញ់ងប់ងុលថែមទៀតជាមិនខាន ហើយពួកគេចង់ឲ្យនាងក្លាហានគ្រងឈុតកូនក្រមុំពិត ដើម្បីបន្សាបរឿងគេថា នាងមាន ស្រីតាមស្នេហ៍ច្រើនជាងប្រុសនោះ ៕