Friday, May 22, 2026
Homeតារាខ្មែរខេមរៈ សិរីមន្ដ ចាប់ដៃអាន វិសាល

ខេមរៈ សិរីមន្ដ ចាប់ដៃអាន វិសាល

ភ្នំពេញ ៖ តារាចម្រៀងឧកញ៉ា ខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានប្រកាសនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ថា លោកបានចាប់ដៃជាមួយលោកអាន វិសាល ច្រៀងឆ្លងឆ្លើយគ្នាបទចម្រៀងមួយ ដែលបានថតទុក រយៈពេល ១ខែហើយ នឹងត្រៀមចេញក្នុងពេលឆាប់ៗនេះ។ ចំពោះមូលហេតុនៃការចាប់ដៃគ្នាច្រៀងនេះ ត្រូវបានលោកប៊ុនថៃ អះអាងថា លោកចង់ជួយឲ្យលោកវិសាល ល្បីឡើងវិញ ដើម្បីឲ្យមានចំណូលព្យាបាលជំងឺ «ជួយគ្នាក្នុងគ្រាលំបាក» ។

លោកអាន វិសាល​​ និងលោកខេមរៈ សិរីមន្ដ

លោកសិរីមន្ដ ក៏បង្ហើបដែរថា កន្លងមក លោកក៏ធ្លាប់បានជួយថវិកាមួយចំនួន ដល់លោកវិសាល ផងដែរ  ប៉ុន្ដែមិនប្រាប់ថា ចំនួនប៉ុន្មាននោះទេ និងថា លុយនោះ មិនគ្រប់គ្រាន់ឡើយ ព្រោះជំងឺលោកវិសាល ធ្ងន់ពេក ហេតុនេះលោកសង្ឃឹមថា ក្រោយលោកវិសាល ចេញបទថ្មី ជាមួយលោក ទស្សនិកជន នឹងជួយគាំទ្រ លើកទឹកចិត្ត និងផ្ដល់ថវិកាដើម្បីឲ្យលោកវិសាល មានលទ្ធភាពយកទៅព្យាបាលជំងឺ។ ចំណែកលោកវិសាល បានលើកម្រាបដៃ១០ ស្នើសុំឲ្យបងប្អូនគាំទ្របទចម្រៀងលោក និងខេមរៈ សិរីមន្ដ ច្រៀងឆ្លងឆ្លើយគ្នាផង ព្រោះបទនោះ នឹងចេញក្នុងពេលឆាប់ៗខាងមុខ ។

 លោកអាន វិសាល ថ្មីៗនេះ បានប្រាប់អ្នកកាសែតថា ស្ថានភាពជំងឺរបស់លោក កាន់តែធ្វើទុក្ខខ្លាំង ដេកព្យា បាលលើគ្រែពេទ្យ ហើយបញ្ហាពិបាកបំផុត គឺលោកគ្មានលុយ ។ លោកវិសាល ថាបើលោកហ៊ានតែបណ្ដោយឲ្យយឺតពេលតែបន្ដិចទៀតនោះ ជំងឺរបស់លោកនឹងវិវត្តទៅជាក្រិនថ្លើម ជាមិនខាន ខណៈដែលពេលនេះ ពោះរបស់លោក ចេះតែរីកធំ ។ ចំពោះមូលហេតុដែលលោកកើតជំងឺនេះ លោកវិសាល ថាដោយសាតែខ្លួនធ្វើជាតារាចម្រៀងពេលរាត្រី នៅតាមហាង ក្លឹប និង Pub មួយចំនួន ជាច្រើនឆ្នាំមកហើយ ហេតុនេះពេលភ្ញៀវរាប់អាន ចេះតែផឹកជាមួយភ្ញៀវ ទើបចុងក្រោយ លោកកើតជំងឺនេះ ប្រឈមគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើព្យាបាលមិនទាន់ពេលទេ ។

 គួរបញ្ជាក់ថា លោកខេមរៈ សិរីមន្ដ ធ្លាប់ច្រៀងរួមទ្រនំជាមួយលោកអាន វិសាល នៅផលិតកម្ម U2 ឬ CB កាលពីឆ្នាំ២០០៤ ហើយនៅពេលរាត្រី តារាទាំងពីរ ក៍៏ជាតារាច្រៀងប្រចាំឲ្យក្លឹប U2 ផងដែរ ។ ការចាប់ដៃគ្នារវាងលោកសិរីមន្ដ និងវិសាល ច្រៀងឆ្លងឆ្លើយគ្នា នាពេលនេះ ក្រោយពីពួកគេបែកទ្រនំ ២២ឆ្នាំ តែនៅបន្ដរាប់អានគ្នាធម្មតា ដែលពេលខ្លះ គេឃើញលោកថៃ ក៏ទៅញាំអាហារនៅហាងលោកអាន វិសាល ដែលចម្អិនដោយលោកវិសាល ផងដែរ ។

គេចាំបានថា ពេលជ្រកនៅទ្រនំរួមគ្នា U2 នោះ សិរីមន្ដ ក៏មិនទាន់ក្លាយជាតួឯកដែរ ព្រោះពេលនោះ លោកវិសាល ល្បីបទ «ផ្ដើមស្រលាញ់ ផ្ដើមអស់សង្ឃឹម» និងក្រោយមក ល្បីបទ «ទឹកភ្នែកខ្ទើយ» ។ ប៉ុន្តែជាង ២ ទសវត្សមកនេះ ទាំងកេរ្ដិ៍ឈ្មោះនិងទ្រព្យធន សិរីមន្ដ-អានវិសាល ខុសគ្នាខ្លាំង ព្រោះពេលនេះ លោកសិរីមន្ត ក្លាយជាឧកញ៉ា មានលុយលានដុល្លារ ដេកផ្ទះវីឡា និងជិះឡានថ្លៃៗ មានអង្គរក្សហែហមឆ្វេងស្ដាំ តែលោកវិសាល បែរជាធ្លាក់ខ្លួនដេកពេទ្យ គ្មានលុយព្យាបាលជំងឺទៅវិញ ហើយអ្វីដែលលោកតូចចិត្តនោះ គឺនៅពេលដែលខ្លួនកំពុងតែមានជំងឺ បែរជាមានអ្នកលេងបណ្ដាញសង្គមខ្លះ ចូលទៅរិះគន់ថា លោកមុខដូចអ្នកជក់ថ្នាំ តែលោកវិសាល ថាលោកមិនតបតឡើយ ។          

មហាជនបានលើកឡើងថា ការដែលខេមរៈ សិរីមន្ដ ចេញបទចម្រៀងឆ្លងឆ្លង តែ១បទ ហើយចង់ឲ្យលោកអាន វិសាល មានប្រជាប្រិយភាពឡើងវិញនោះ នៅមិនទាន់គ្រប់គ្រាន់ទេ ពោលគឺគួរចេញថែមទៀត ឬជួយលោក ឲ្យចូល Galaxy មានការងារ ប្រាក់ចំណូលទៀងទាត់ជាប្រចាំដែរ ទើបមានលទ្ធភាពក្នុងការព្យាបាលជំងឺលោក ឲ្យឆាប់បានជាសះស្បើយ ។ ប៉ុន្ដែសកម្មភាពរបស់លោកប៊ុនថៃ នាពេលនេះ ក៏ជាវិធីល្អមួយដែលបង្ហាញថា លោករកស៊ីមានបាន មិនភ្លេចមិត្តចាស់ បើទោះជាលោកជាឧកញ៉ា មិនបានសន្យា ឬធានាចេញលុយព្យាបាលជំងឺលោកអាន វិសាល ទាំងស្រុងក្ដី៕

RELATED ARTICLES