Saturday, October 18, 2025
Homeតារាខ្មែរប៉ាច គីមមួយ គូដណ្ដឹងតាមការពារដល់ម៉ាឡេស៊ី 

ប៉ាច គីមមួយ គូដណ្ដឹងតាមការពារដល់ម៉ាឡេស៊ី 

កូឡាឡាំពួរ (ម៉ាឡេស៊ី) ៖ អតីតតារាហង្សមាស ប៉ាច គីមមួយ បានហោះទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ដើម្បីច្រៀងសម្ដែងក្នុងព្រឹត្តិការណ៍ប្រគំតន្រ្ដីមិត្តភាពអាស៊ាន ឆ្នាំ២០២៥ (ASIAN Friendship Concert 2025 )នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ។ គីមមួយ គឺជាតារាតំណាងឲ្យប្រទេសកម្ពុជា នឹងចូលរួមសម្ដែងជាមួយសិល្បករ សិល្បការិនី ១០រូប មកពីប្រទេសជាសមាជិកអាស៊ាន នៅលើឆាកតន្រ្ដីមិត្ត ភាពអាស៊ាន ឆ្នាំ២០២៥ នៅមហោស្រព Seri Angkasa ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

ទោះបីជា ប៉ាច គីមមួយ ជាតារាខ្មែរ តែម្នាក់ តំណាងឲ្យកម្ពុជា ទៅចូលរួមវេទិកាអាស៊ាននេះ តែនាងមិនឯកោ ឬរងារបេះដូងទេ ព្រោះតែមានអង្គរក្សបេះដូង លោក សយ រតនៈ ជូនដំណើរទៅ ហើយមុនដល់ថ្ងៃច្រៀងសម្ដែង នាងមានពេលដើរកម្សាន្ដជាមួយគូស្នេហ៍ ដល់ទៅ២ថ្ងៃ ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំ ដូចជាពួកគេបានទៅកម្សាន្ដនៅអគារភ្លោះ (Petronas Twin Towers) ជាដើម ។

ប៉ាច គីមមួយ ថ្លែងថា នាងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ព្រឹត្តិការណ៍ដ៍ធំនេះ ហើយនាងក៏បានសម ចម្រៀងដែលត្រូវច្រៀង តែ១បទគត់ បង្ហាញពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា ឲ្យពិភពលោកបានស្គាល់ពីកម្ពុជា កាន់តែច្បាស់ ។

គីមមួយ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើង ទាក់ទងការច្រៀងសម្ដែងនៅម៉ាឡេស៊ី នោះថា ជាលើកទី១ សម្រាប់អាជីពចម្រៀងនាង ដែលមានឱកាសច្រៀងតំណាងជាតិបែបនេះ  ហើយនាងសារភាពថា ពិតជាមានអារម្មណ៍ភ័យខ្លះៗមែន បើទោះជាចាប់អាជីពចម្រៀងជាង១០ឆ្នាំក្ដី ប៉ុន្ដែការច្រៀងលើកនេះ មិនមែនជា Concerts ធម្មតាៗនោះទេ ។ គីមមួយ ថាបទចម្រៀងដែលនាងត្រូវច្រៀងនោះ តាមពិតក្រុមការងារ អ្នករៀបចំកម្មវិធីព្រឹត្តិការណ៍នោះ បានចុះមកថតនៅខ្មែរ អស់ទៅហើយ មុនដល់ថ្ងៃប្រារពកម្មវិធី ។

  គួរបញ្ជាក់ថា ប៉ាច គីមមួយ មុនហោះទៅប្រទេសម៉ាឡស៊ី នាងទើបវិលត្រឡប់មកដល់កម្ពុជា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីបានចេញទៅច្រៀងសម្ដែងនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣ ខែតុលា ក្នុងកម្មវិធី «មូលនិធិសិល្បករទ្រទ្រង់វីរកងទ័ព»។ ការចេញទៅច្រៀងសម្ដែងនៅក្រៅស្រុក ដល់ទៅ២លើក ក្នុងខែតុលា ធ្វើឲ្យគីមមួយ មានអារម្មណ៍ស្រស់ថ្លា ព្រោះនាងនិងគូស្នេហ៍ បានដើរកម្សាន្ដជាមួយគ្នា យ៉ាងរីករាយ ពោលគឺធ្វើការផង ដើរលេងផង បើទោះជានាងថា ការចេញទៅកូរ៉េ ១០ថ្ងៃ និងច្រៀងសម្ដែង ២លើកនេះ មិនបានលុយ ព្រោះជាការជួយជាតិ ហើយនាងពេញចិត្តនឹងការងារសប្បុរសធម៌មួយនេះ ជាខ្លាំង ព្រោះជាសិល្បការិនីម្នាក់ដែលមានឱកាសបានជួយដល់សង្គម មួយផ្នែកដែរ ។

ប៉ាច គីមមួយ បានភ្ជាប់ស្នេហាជាមួយលោក សយ រតនៈ គម្រប់៨ឆ្នាំ តែពួកគេទើបភ្ជាប់ពាក្យកាលពីថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២២  នឹងមានគម្រោងរៀបការជាមួយគ្នា កាលពីឆ្នាំ២០២៣-២០២៤ ប៉ុន្ដែបានលុបចោលទៅវិញ ដោយមិនដឹងមូលហេតុ ។ គីមមួយ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងចង់រៀបការនៅអាយុមិនឲ្យលើសពី ៣០ឆ្នាំ (២០២៤) ប៉ុន្ដែពេលនេះ បែរជាស្ងាត់រឿងរៀបការនេះទៅវិញ  ។ យ៉ាងណា លោក រតនៈ អះអាងថា ទោះបីជាមិនទាន់ក្លាយជាប្ដីប្រពន្ធស្របច្បាប់ តែពេលនេះ លោកនិងអូនគីមមួយ បានរួមរស់ជាមួយគ្នា ក្រោមដំបូលតែមួយទៅហើយ ។ ប៉ុន្ដែលោកអះអាងថា គ្មានគម្រោងយកកូន មុនរៀបការឡើយ បើត្រូវយកកូនមែន គឺនឹងយកក្រោយរៀបការតាមប្រពៃណី ៕

RELATED ARTICLES