ភ្នំពេញ ៖ ស្រីស្រស់ ខន សូរិយា បានគ្រងមកុដបវរកញ្ញាពិភពលោកកម្ពុជា ឆ្នាំ២០២៦ (Miss World Cambodia 2026) ដែលត្រូវគណៈគ្រប់គ្រងកម្មវិធី បំពាក់ឆៀងសម្គាល់ជាបវរកញ្ញានិងមកុដ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បើទោះជាគ្មានការប្រកួតប្រជែងជាមួយបេក្ខភាពផ្សេងៗទៀត ព្រោះតែបញ្ហាផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ។ លោកម៉ែន និមលរ័ត្ន ជឿជាក់សមត្ថភាពរបស់កញ្ញាសូរិយា នាងអាចធ្វើបានល្អ នៅពេលទៅប្រកួតលើឆាកអន្តរជាតិ Miss World 2026 នៅឆ្នាំ២០២៦ ខាងមុខ ។

លោកម៉ែន និមលរ័ត្ន អ្នកគ្រប់គ្រងកម្មវិធី Miss World Cambodia 2026 អះអាងថាដោយសារតែពេលបើកកម្មវិធី Miss World Cambodia 2026 ចំពេលដែលផ្ទុះបញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ ទើបថ្នាក់ដឹកនាំក្រ សួងពាក់ព័ន្ធ ប្រាប់ថា មិនបាច់ធ្វើតាមលំដាប់លំដោយ សប្បាយៗទេ ហេតុនេះហើយបានជាលោកនិងក្រុម ការងារ សម្រេចចិត្តជ្រើសរើសកញ្ញា ខន សូរិយា ព្រោះនាងស័ក្តិសមជាមួយកម្មវិធីមួយនេះ។ លោកបន្ថែមថា សូរិយា ចេះភាសាអង់គ្លេស ជាតារាភាពយន្ដ អ្នកលេងទិកតុក ដែលមានអ្នកតាមដានច្រើន ជា Influencer និងអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ម្នាក់ផងដែរ ហេតុនេះហើយ នៅលើឆាកអន្ដរជាតិ នាងនឹងធ្វើបានល្អ ទៅតាមកម្មវិធីតម្រូវ ។ ប៉ុន្ដែលោកនិមលរ័ត្ន បន្ថែមថា នៅចំពោះមុខ លោកនិងក្រុមការងារត្រូវបង្វឹកនាង គឺការបង្ហាត់ពីរបៀបដើរម៉ូដ (Top Model) ព្រោះមានរយៈពេល២ខែ ដើម្បីត្រៀមខ្លួន ដោយសារតែនៅអំឡុងខែធ្នូ ខាងបរទេស គេនឹងជូនដំណឹងថា នឹងរៀបចំធ្វើនៅប្រទេសណា? ខណៈ Miss World 2025 ធ្វើនៅប្រទេសឥណ្ឌា និងកម្មវិធីប្រកួតដូចគ្នានេះដែរ ផ្នែកបុរស ឆ្នាំ២០២៥ ធ្វើនៅប្រទេសវៀតណាម ។

គួរបញ្ជាក់ថា កញ្ញា ខន សូរិយា អាយុ២៧ឆ្នាំ កម្ពស់១,៦៩ ម៉ែត្រ បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដនិងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ផ្នែកច្បាប់ ។ អ្នករៀបចំកម្មវិធី Miss World Cambodia 2026 បង្ហាញនូវទស្សនៈរបស់កញ្ញា ខន សូរិយា ដោយនាងលើកឡើងថា ក្នុងនាមបវរកញ្ញាពិភពលោកកម្ពុជា ឆ្នាំ២០២៦ កញ្ញា ចង់បញ្ចូលការយល់ដឹងតាមបែបសម័យទំនើប ជាមួយនឹងប្រពៃណី។ កញ្ញាលើកឡើងថា «ពន្លឺមួយ» (One Light) លើកឡើងពីការព្យាបាលបេះដូង តាមរយៈការដាស់សតិអារម្មណ៍ និងការយល់ដឹងពីអារម្មណ៍ ជាពិ សេស ក្នុងចំណោមយុវវ័យដែលផ្ទុកនូវការឈឺចាប់ផ្នែកខាងក្នុង ដែលមើលមិនឃើញ។ សុខភាពផ្លូវចិត្ត នៅតែជាវិបត្តិដ៍ស្ងប់ស្ងាត់ មិនត្រឹមតែនៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្ដែនៅទូទាំងពិភពលោកតែម្ដង ។


លោកម៉ែន និមលរ័ត្ន ថាកញ្ញា ខន សូរិយា ដែលបានទាំងព្រម គឺទេពកោសល្យ សមត្ថភាព និងរូបសម្រស់នោះ នឹងទទួលបាន Top ណាមួយ នៅលើវេទិកាអន្ដរជាតិ Miss World 2026 ជាមិនខាន ព្រោះពីពេលនេះតទៅដល់ថ្ងៃប្រកួត នាងនឹងត្រូវទទួលបានការបង្វឹកពីអ្នកជំនាញ ក្រុមការងារលោក យ៉ាងដិតដល់ ។ កញ្ញា ខន សូរិយា មិនលើកទូរស័ព្ទទេ កាលពីរសៀលថ្ងៃទី២០ តុលា ឆ្នាំ២០២៥ ។ យ៉ាងណា នៅលើគណីហ្វេសប៊ុក សូរិយា បានអរគុណដល់លោកម៉ែន និមលរ័ត្ន និងក្រុមការងារ៕


លោកម៉ែន និមលរ័ត្ន អ្នកគ្រប់គ្រងកម្មវិធី Miss World Cambodia 2026