ភ្នំពេញ ៖ ចៅស្រីតារាកំប្លែងជើងចាស់ លោកជួង ជី ហៅនាយកុយ កញ្ញា ជី ឈីងលីន ថ្មីៗនេះមានភាពល្បីពីរឿងគេរិះគន់ច្រើនក្នុងបណ្ដាញសង្គម នៅពេលដែលនាងឡើងផ្ដល់បទពិសោធន៍រឿងស្នេហា ក្នុងកម្មវិធី Podcast «តាម Trend» ជាមួយនាង Solly ដែលទស្សនិកជនថា ពួកគេសុទ្ធតែមិនទាន់ពេញវ័យ (អនីតិជន) តែបែរជាមានបទពិសោធន៍រឿងស្នេហាជោកជាំតែម្ដង ពិសេស ឈីងលីន និយាយថា រឿងស្នេហា ជាការភ្លក់ ដែលគេចោទថា នាងចង់ភ្លក់ប្រុស បើទោះជានាងចង់សំដៅថា ពាក្យ «ភ្លក់ ឬភ្លក្ស» នោះបានន័យថា ចង់បើកចិត្តឲ្យបុរសម្នាក់ មកក្បែរ ដើម្បីពិសេធចិត្ត ឬចង់ដឹងថា គេជាមនុស្សបែបណា ប៉ុន្ដែមនុស្សជាច្រើន នៅតែចោទថា នាងចង់ «ភ្លក់ប្រុស»។

លោកជូង ជី ហៅនាយកុយ
ជី ឈីងលីន មិនអាចទាក់ទងបានទេ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន ។ ប៉ុន្ដែជីតារបស់ឈីងលីន គឺតារាកំប្លែងជើងចាស់ លោកជួង ជី ហៅនាយកុយ បានប្រាប់ «នគរធំ» តាមទូរស័ព្ទ នៅថ្ងៃដដែលថា លោកបានដឹងពីបញ្ហាចៅស្រី ជួបការរិះគន់នៅលើបណ្ដាញសង្គមនេះដែរ តែលោកមិនដឹងធ្វើម៉េចទេ ព្រោះចៅ ខានបានមកជួបតា ជាច្រើនឆ្នាំមកហើយ ។ នាយកុយ បន្ថែមថា ចៅស្រី (ឈីងលីន) កាលពីចូលសិល្បៈដំបូង លោកបានជំរុញនិងគាំទ្រឲ្យចៅលេងសិល្បៈមែន ប៉ុន្ដែតាំងពីឪពុកម្ដាយគេបែកបាក់គ្នា និងពេលនេះមានគូថ្មីរៀងៗខ្លួន ចៅស្រីមិនដែលមកលេងតា ហើយពេលលោកឈឺ ក៏នាងមិនដែលមកជួប ឬសួរនាំអ្វីដែរ ។ លោកជួង ជី ថាប្រសិនបើលោកនិងចៅ បានជួបគ្នាដូចមុន ម្ល៉េះលោកនឹងប្រាប់ដល់ចៅ ឲ្យប្រុងប្រយ័ត្នពីការនិយាយស្ដី ប៉ុន្ដែបើមិនដែលបានជួបគ្នាច្រើនឆ្នាំអ៊ីចឹង លោកក៏មិនដឹងជាធ្វើម៉េចដែរ ។

នាយកុយ និយាយថា នាយក៏មានការអន់ចិត្តខ្លះដែរ នៅពេលឃើញលើបណ្ដាញសង្គម គេចេះតែផ្សារភ្ជាប់ចៅស្រីលោកនិយាយនូវពាក្យពេចន៍មិនសមរម្យ ប៉ុន្ដែលោកថា បញ្ហានោះ មកពីទស្សនិកជនមិនបានដឹងថា តាមពិតតាឯណេះ មិនដែលជួបចៅ ជាច្រើនឆ្នាំមកហើយ ។

ជី ឈីងលីន ធ្លាប់បង្ហាញស្នាមរបួសស្ទើរសុសសាច់ ដោយសារសង្សារវាយ កាលពីខែឧសភា ឆ្នាំ២០២៥ ហើយពួកគេក៏ចែកផ្លូវគ្នា។ ក្រោយបែកសង្សារចាស់ ឈីងលីន មានសង្សារថ្មី និងតែងតែបង្ហាញមុខរួមគ្នាយ៉ាងផ្អែមល្ហែម លើបណ្ដាញសង្គម តែពេលនេះ នាងត្រូវគេដៀមដាមថា នាងភ្ជាប់ស្នេហ៍បុរសនោះ គ្រាន់តែនាងចង់ភ្លក់ស្នេហាទៅវិញ ។ ចៅស្រីនាយកុយ រូបនេះ មិនចាប់អាជីពកំប្លែង ដូចជីតា និងឪពុករបស់នាងទេ ប៉ុន្ដែមានទេពកោសល្យខាងសម្ដែង ហើយនាងលេចធ្លោក្នុងរឿង «ផ្កាថ្ម» និងរឿងជាច្រើនទៀត ។

តាមប្រភពថា ក្រោយរងការរិះគន់ថា ទាំង ជី ឈីងលីង និង Solly សុទ្ធតែជាអនីតិជន តែបទពិសោធន៍ស្នេហាឆ្អិនឆ្អៅនោះ ស្រីស្រស់ទាំងពីរថា ពួកនាងគ្រប់អាយុ ពេញវ័យហើយ មិនមែនដូចគេលើកឡើងទេ ។

គួររំលឹកថា ជីតារបស់ជី ឈីងលីន គឺនាយកុយ បានធ្លាក់ខ្លួនឈឺធ្ងន់ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ដោយវះកាត់សាច់កាច (មហារីក) ក្នុងពោះវៀនធំ និងបាញ់កាំរស្មី ព្យាបាល តែពេលនេះ នាយកុយប្រាប់ថា លោកមានសុខភាពប្រសើរឡើងវិញហើយ គ្រាន់តែតមអាហារខ្លះ ដូចជារបស់ផ្អាប់ ឬស្រា ខណៈដែលស្រានេះ លោកថា តាំងពីមុនលោកឈឺម្ល៉េះ គឺលោកមិនញ៉ាំឡើយ ។ នាយកុយ ថាតាំងពីនាយធ្លាក់ខ្លួនដេកពេទ្យ រហូតមកដល់ពេលនេះ បានធូរស្រាលហើយ មិនដែលឃើញចៅ ឈីងលីន ទូរស័ព្ទ ឬមកសួរសុខទុក្ខតា ដោយផ្ទាល់ឡើយ ។ យ៉ាងណា លោកថាបញ្ហានេះ គឺដោយសារតែឪពុកម្ដាយរបស់នាង បែកបាក់គ្នាទើប បានជាអ៊ីចឹង ។

ទស្សនិកជនខ្លះ ចង់ឲ្យ ជី ឈីងលីន ចេញមុខបកស្រាយពាក្យ «ភ្លក់» របស់នាង ឲ្យបានច្បាស់ ទៅអ្នកលេងបណ្ដាញសង្គម ដើម្បីកុំឲ្យប៉ះពាល់មុខមាត់ ក៏ដូចជាអាជីពសិល្បៈរបស់នាង តែគិតមកដល់រសៀលថ្ងៃទី២០ ខែតុលា មិនទាន់ឃើញនាងចេញមុខបកស្រាយបំភ្លឺរឿងនេះទេ គឺនៅរក្សាភាពស្ងៀមស្ងាត់៕
