ភ្នំពេញ ៖ បណ្ឌិតខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះ ហត្ថលេខារវាងនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រថៃ លោកអនុធិន ឆានវីរៈគូន ក្រោមការចូលរួមជាសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន លោកអាន់វ៉ា អ៊ីប្រាហ៊ីម នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ មកដល់ថ្ងៃនេះ ថៃ មិនទាន់ចាប់ផ្តើមគោរពនិងអនុវត្តនោះទេ ដូចជា មិនទាន់ចាប់ផ្តើមចល័តយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ចេញពីព្រំដែន និងទាន់មិនដោះលែងយោធាកម្ពុជា ១៨នាក់ ជាដើម ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ថា “ថៃ មិនទាន់គោរព Peace Deal ២៦ តុលា ២០២៥ ។ ថៃ មិនដោះលែងយោធិនកម្ពុជា ១៨នាក់ ខណៈសហរដ្ឋអាមេរិក ទន្ទឹងរង់ចាំមលើសុច្ឆន្ទៈថៃ ។ កម្ពុជា បានចាប់ផ្តើមចល័តយុទ្ធោបករណ៍ធុនធ្ងន់ ចេញពីព្រំដែន ចាប់តាំងពីរាត្រីថ្ងៃ២៦ តុលា ដោយមាន AOT ពិនិត្យសាក្សី ខណៈថៃ មិនទាន់កម្រើក ។ ថៃ មិនទាន់មានសុច្ឆន្ទៈបន្ធូរបន្ថយស្ថានការណ៍ ហាក់បែរជារឹតបន្តឹងទៅ វិញ (ឈូសដីនៅភូមិជោគ័យ និងព្រៃចាន់ បន្ថែម?)“ ។
លោកបណ្ឌិត យង់ ពៅ បានសរសេរបន្ថែម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ថា “ខ្ញុំសូមជូនខ្លឹមសារពីរចំណុច (ចំណុច១ និងចំណុច៧ ជាសេចក្តីបកប្រែក្រៅផ្លូវការ) នៃសេចក្តីប្រកាសរួម រវាងនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលចំណុចទាំងពីរនេះ សុទ្ធតែបានចង្អុលបង្ហាញថា […ប្រទេសទាំងពីរ នូវការប្ដេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់…]។

សូមអាន និងតាមដានពិនិត្យទាំងអស់គ្នា ៖
១. យើងខ្ញុំសូមអះអាងសាជាថ្មី នូវការប្តេជ្ញាចិត្តមិនរាថយចំពោះសន្តិភាព និងសន្តិសុខរវាងប្រទេសទាំងពីររបស់យើង ដូចដែលបានប្រកាសនៅក្រុងពូត្រាចាយ៉ា Putrajaya ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសូមលើកឡើងសាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការចៀសវាងពីការគំរាម កំហែង ឬការប្រើប្រាស់កម្លាំង, ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពចំពោះព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ក្នុងគោលដៅស្តារនិងថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក សម្រាប់ឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តស ញ្ញាណជាតិរបស់ប្រទេសនីមួយៗ។
៧. យើងទទួលស្គាល់ពីភាពចាំបាច់ត្រូវកំណត់នូវមាគ៌ាសម្រាប់អនាគតដ៏ភ្លឺស្វាងមួយ ដែលមិនជាប់ជំពាក់នូវចំណងជម្លោះពីអតីតកាល។ រដ្ឋាភិបាលទាំងពីរ បញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ លក្ខខណ្ឌទាំងនេះ ត្រូវបានបង្កើតឡើងសម្រាប់ឱ្យប្រទេសរបស់យើង មើលឆ្ពោះទៅមុខ ហើយចាប់ ផ្ដើមកសាងទំនាក់ទំនងជាអ្នកជិតខាងគ្នា ស្របខ្លឹមសារស្ដីពីការដោះស្រាយជម្លោះដោយសន្តិវិធី ដោយត្រួស ត្រាយផ្លូវសម្រាប់ការចាប់ផ្ដើមនូវទំព័រថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ថា ការដែលថៃ មិនគោរពកិច្ចព្រមព្រៀង អាចឲ្យយើងវាយតម្លៃ ៣ចំណុច គឺទី១ ប្រទេសនេះ សុខចិត្តធ្វើមិនដឹងមិនឮ ទៅលើសន្ធិសញ្ញា កិច្ចព្រមព្រៀងនានា ដើម្បីពង្រីកទឹកដី ។ ទី២ ដោយ សារតែបញ្ហានយោបាយផ្ទៃក្នុងថៃ កំពុងតែច្របូកច្របល់ខ្លាំងនៅក្នុងប្រទេសថៃ បច្ចុប្បន្ននេះ គឺជាចំណែកសំខាន់ ដែលទាំងអ្នកនយោបាយស៊ីវិលថៃ កងទ័ព ជនស៊ីវិល ក៏ដូចជារាជវាំង មិនមានការត្រូវរ៉ូវគ្នា និងទី៣ ដល់ពេលវេលាត្រូវបោះឆ្នោត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ខិតខំបង្កើនប្រជាប្រិយភាពលើបញ្ហាជាតិនិយម ដូច្នេះមិនហ៊ានបង្ខំនូវការគោរពកិច្ចព្រមព្រៀងនេះទេ ។
លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “បាទ! តាមការមើលឃើញរបស់ខ្ញុំ កិច្ចព្រមព្រៀងសន្តិភាព ឬហៅថា Peace Deal ដែលចុះហត្ថលេខានៅថ្ងៃទី២៦ តុលា ឆ្នាំ២០២៥នេះ ថៃ មិនទាន់បានចាប់ផ្ដើមបង្ហាញនូវការគោរពទេ ។ ទី១ ដែលខ្ញុំវាយតម្លៃថា គាត់មិនគោរព គឺការបន្ថយឬក៏ចល័តសព្វាវុធធុនធ្ងន់ យុទ្ធោបករណ៍ធុនធ្ងន់ ចេញពីព្រំដែន ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនោះ គឺថៃ មិនទាន់បានធ្វើទេ ខណៈដែលកម្ពុជា បានធ្វើភ្លាមៗ ក្រុម AOT បានទៅពិនិត្យភ្លាមៗ នៅថ្ងៃទី២៦ តុលា នោះ គឺដូចជាម្ដុំម៉ោង ៩យប់ ចាប់ផ្ដើមអនុវត្តតែម្ដង“ ។
លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្តថា “ហើយចំណុចមួយទៀត ដែលបានបញ្ជាក់ថា ថៃ មិនអនុវត្ត ហើយមិនខ្វល់នោះ គឺការដោះលែង ឬក៏បញ្ជូនយោធិនកម្ពុជា ទាំង១៨នាក់ ដែលមានចែងនៅក្នុងចំណុចនៃកិច្ចព្រមព្រៀងនោះ ឲ្យត្រូវតែបញ្ជូនជាបន្ទាន់ ក្រោយចុះកិច្ចព្រមព្រៀង តែថៃ មិនបានបញ្ជូនមកទេ រហូតមកដល់ថ្ងៃទី២៨ តុលា ឆ្នាំ២០២៥ នេះ ។ ហើយចំណុចមួយទៀត ដែលយើងមើលឃើញ គឺការកសាងទំនុកចិត្តគ្នា ប៉ុន្តែថៃ បែរជាបានបំពាននៃទំនុកចិត្ត ពោលគឺថ្ងៃទី២៧ តុលា បែរជាមានគ្រឿងចក្រ ចូលមកឈូសឆាយនៅភូមិព្រៃចាន់ អីទៅវិញ ។ នេះបានបង្ហាញភាពគឃ្លើន ដែលថៃ មិនខ្វល់នឹងគោរពទាល់តែសោះ ។ អ៊ីចឹងហើយ ចិត្តយើងអំពាវនាវឲ្យថៃ គោរពនូវកិច្ចព្រមព្រៀង ២៦តុលា នេះ ឲ្យខាងតែបាន ដើម្បីបង្កើននូវទំនុកចិត្ត ដើម្បីនាំប្រទេសទាំងពីរ មានការសន្ទនាគ្នា ស្វែងរកសន្តិភាពនៅតាមព្រំដែន វិលទៅរកភាពប្រក្រតីឡើងវិញផងដែរ“ ។
លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្តទៀតថា “ការដែលថៃ មិនគោរពកិច្ចព្រមព្រៀង ទី១ យើងវាយតម្លៃថា វាជាឥរិយាបថនៃនយោបាយប្រទេសថៃ តែងតែប្រកាន់ឥរិយាបថបែបនេះ គឺមិនខ្វល់នឹងគោរពកិច្ចព្រមព្រៀង ឬក៏សន្ធិសញ្ញាអន្តរជាតិទេ ដែលយើងមើលតាំងពីសម័យបារាំង មកម្ល៉េះ ១០០ឆ្នាំជាងហើយ ។ អ៊ីចឹងប្រទេសនេះ សុខចិត្តធ្វើមិនដឹង មិនឮ ទៅលើសន្ធិសញ្ញា កិច្ចព្រមព្រៀងនានា ដើម្បីពង្រីកទឹកដី ចំណុចទី១ ។ ចំណុចទី២ ដោយសារតែបញ្ហានយោបាយផ្ទៃក្នុងថៃ កំពុងតែច្របូកច្របល់ខ្លាំងនៅក្នុងប្រទេសថៃ បច្ចុប្បន្ន នេះគឺជាចំណែកសំខាន់ដែលថៃ ទាំងអ្នកនយោបាយស៊ីវិលថៃ ទាំងកងទ័ព ជនស៊ីវិល ក៏ដូចជារាជវាំង គឺមិនមានការត្រូវរ៉ូវគ្នា ។ ម្យ៉ាងចំណុចទី៣ ដល់ពេលវេលាត្រូវបោះឆ្នោត អ៊ីចឹងនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ក៏ខិតខំបង្កើនប្រជាប្រិយភាពលើបញ្ហាជាតិនិយម ។ ដូច្នេះមិនហ៊ានបង្ខំនូវការគោរពកិច្ចព្រមព្រៀងនេះទេ“ ។

ស្របគ្នានេះដែរ ទាក់ទងនឹងការដោះលែងឈ្លើយសង្រ្គាម ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃ នោះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងតាមបណ្ដាញសង្គម នៅថ្ងៃដដែលថា ការដោះលែងជាបន្ទាន់ នូវវីរកងទ័ពខ្មែរយើង ទាំង១៨រូប ដែលត្រូវទាហានថៃ ចាប់ខ្លួនជាចំណាប់ខ្មាំង កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ជាសូចនាករវាស់វែងពីសុច្ឆន្ទៈ ការប្តេជ្ញាចិត្ត និងសុចរិតភាពរបស់ភាគីថៃ ក្នុងការអនុវត្តកិច្ចព្រៀមព្រៀងសន្តិភាព (Kula Lumpua Peace Deal) ដែលមានសហរដ្ឋអាមេរិក ជាអ្នកបោះមេ។ បើភាគីថៃ នៅតែមិនដោះលែងវីរកងទ័ពខ្មែរយើងទាំង១៨រូបនោះ មកវិញទេ មានន័យថា ពួកគេគ្មានសុឆន្ទៈ ការប្តេជ្ញាចិត្ត និងសុចរិតភាពក្នុងការអនុវត្តកិច្ចព្រៀមព្រៀងសន្តិភាពទេ។ ភ្លាមៗបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខ្មែរយើង បានដកអាវុធធុនធ្ងន់ ចេញពីព្រំដែន ទាំងយប់តែម្តង តែភាគីថៃ នៅមិនទាន់ធ្វើដូចគ្នានេះនៅឡើយ ៕ កុលបុត្រ