Thursday, November 13, 2025
Homeតារាខ្មែរពេជ្រ សូលីកា ធ្វើខួបកំណើតលក់សំបុត្រ

ពេជ្រ សូលីកា ធ្វើខួបកំណើតលក់សំបុត្រ

ភ្នំពេញ ៖ តារាចម្រៀង គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានប្រារពពិធីខួបកំណើតរបស់ខ្លួន គម្រប់៣២ឆ្នាំ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្ដែខួបរបស់អ្នកមេម៉ាយកូន១ រូបស្រស់នេះ ខុសពីតារាផ្សេងៗ ពោលគឺនាងឆ្លៀតឱកាសនេះ ជួបជុំអ្នកគាំទ្រ ធ្វើកម្មវិធី « Blue Hour The First Fan Meet » លក់សំបុត្រតែម្ដង នៅអគារ The Bay បឹងកក់ ។ នេះជាការប្រារព្ធខួបកំណើតចម្លែកបន្ដិច ព្រោះតារាដទៃ ច្រើនតែយកថ្ងៃពិសេសរបស់ខ្លួន ទៅសប្បាយជាមួយគូស្នេហ៍ ជប់លៀងផឹកស៊ី រាំលេងក្នុងក្លឹប ប៉ុន្ដែស្រីពេជ្រ ឆ្លៀតច្រៀងរកលុយទៅវិញ ។

 តារាចម្រៀង សុគន្ធ និសា ដែលធ្លាប់ចាប់ដៃជាមួយពេជ្រ សូលីកា ច្រៀងបទ «ពេលយើងឈ្លោះគ្នា» បានផ្ញើសារជូនពរស្រីពេជ្រ និងចាត់ទុកនាងថា ជាក្មេងស្រីដែលរឹងមាំ ស្អាត ឆ្លាតនិងពូកែ ហើយនាងបានជូនពរឲ្យសូលីកា មានប្រជាប្រិយភាព និងសំណាងល្អ ។ ចំណែកលោកហ្សូណូ ដែលធ្លាប់ជ្រកនៅហង្សមាស ជាមួយស្រីពេជ្រ ថ្លែងសារទៅសូលីកា ដោយចាត់ទុកនាងជាក្មេងស្រីដ៏ពូកែម្នាក់ និងជូនពរឲ្យនាងកាន់តែស្អាត ។

Fan របស់ពេជ្រ សូលីកា សរសើរថា នាងនៅតែរក្សាបានរូបសម្រស់ទាក់ទាញ បើទោះជាធ្លាប់មានប្ដីនិងកូន១ក្ដី រូបឆោមមិនសូវប្រែប្រួលខ្លាំងទេ ពោលគឺមិនបែកសាច់ និងឡើងគីឡូជ្រុល ដូចតារាមួយចំនួនទៀតដែលមានប្ដីនិងកូនដែរឡើយ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ស្រីពេជ្រ ដែលចេញពីហង្សមាស ជាង១ឆ្នាំ នាងនៅតែរក្សាលំ នឹងទីផ្សារចម្រៀងបានដដែល ដោយគ្រាន់តែនៅឆ្នាំ២០២៤ ល្បី២បទ រកលុយបានជាង ៣០ម៉ឺនដុល្លារ ពីការ ច្រៀង Concerts ជិត១០០ឆាក។ សម្រាប់ឆ្នាំ២០២៥ ស្រីពេជ្រ ល្បីបាន ១បទទៀត គឺ «បងហត់ហើយ» ខណៈនាងបានប្រកាសថា មានគេកក់ទុកច្រៀងកម្មវិធីផ្សេងៗ នៅរដូវក្ដៅនេះសឹងតែពេញអស់ទៅហើយ ។ វាចាបែបនេះរបស់ស្រីពេជ្រ បញ្ជាក់ថា នាងនៅតែត្រូវប៉ាន់ បើទោះជាបទចម្រៀងនាង តាំងពីចេញពីហង្សមាស ភាគ ច្រើនច្រៀងតែសាច់រឿងស្នេហាផ្ទាល់ខ្លួន ក្រោយបែកបាក់ស្នេហ៍លោកគឹម ហាន កាលពីឆ្នាំ២០២២ ក្ដី ។

សូមរំលឹកថា ពេជ្រ សូលីកា ក្រោយចែកផ្លូវអតីតប្ដីអាណិកជនខ្មែរ លោកគឹម ហាន កាលពីឆ្នាំ២០២២ នាងបានប្រើជីវិតជាស្រ្ដីមេម៉ាយ ជិត៣ឆ្នាំហើយ តែនាងជាអ្នកមេម៉ាយកាលីព ហាយសូ ជិះរថយន្ដថ្លៃៗ និងរស់នៅខុន ដូលំដាប់ខ្ពស់ ខណៈអតីតប្ដី កំពុងមានក្ដីសុខជាមួយប្រពន្ធថ្មី ។ កាលពីដើមខែមិថុនា នៅថ្ងៃមង្គលការទេព បូព្រឹក្ស តារាកូន១ រូបនេះ បានបណ្ដើរគូស្នេហ៍ថ្មី ដោយបើកចំហ តែនាងបែរជាថា គេច្រឡំលើខ្លួននិងប្រុសនោះទៅវិញ បើទោះជានៅថ្ងៃខួបកំណើតនាងឆ្នាំនេះ គេឃើញប្រុសនោះទៅបង្ហាញខ្លួនជាភ្ញៀវពិសេស នៅរាត្រីនោះដែរក៏ដោយ ។

គួរកត់សម្គាល់ថា អំឡុងពេជ្រ សូលីកា នៅមានហាងឆេងអាជីពចម្រៀងនេះ ម្ដាយរបស់នាង អ្នកស្រីស៊ិន ស្រីនាង នៅជាប់ពន្ធនាគារនៅឡើយ ក្រោយត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល១២ឆ្នាំ ក្រោមបទឃាតកម្មលើគូស្នេហ៍ភេទដូចគ្នា កាលពីខែមករា ឆ្នាំ២០២០ ហេតុនេះប្រសិនបើគ្មានអ្វីប្រែប្រួលទេ នាងនឹងបានជួបជុំម្ដាយវិញ នៅឆ្នាំ២០៣២ ខាងមុខ ដែលពេលនោះ នាងនឹងមានអាយុ៣៩ឆ្នាំ ។ យ៉ាងណា អំឡុងពេលដែលជីវិតដើរដល់ផ្លូវបំបែកជាមួយគូស្នេហ៍ផង រស់នៅបែកម្ដាយផងបែបនេះ តែស្រីពេជ្រ បានបណ្ដុះប្អូនស្រីរបស់ខ្លួន កញ្ញាជេលី ជីង (Jelly Jing) ឲ្យចាប់អាជីពចម្រៀងដូចនាងដែរ ដោយនាងថែមទាំងនាំប្អូនស្រីឲ្យ ច្រៀងជាដៃគូជាមួយនាង ក្នុងការប្រគំតន្រ្ដី Solo Concert កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ទៀតផង ។

ប្រភពថា ពេជ្រ សូលីកា ចង់ជោគជ័យអាជីពចម្រៀង និងស្នេហាព្រមគ្នា នៅឆ្នាំ២០២៥-២០២៦ ហេតុនេះហើយបានជានាងក្លាហានចាប់ផ្ដើមហ៊ានបញ្ចេញមុខគូស្នេហ៍ថ្មី ៕

RELATED ARTICLES