Monday, March 10, 2025
Homeព័ត៌មានជាតិសព​សម្តេច សុខ អាន បូជា​ថ្ងៃទី​១៩ មីនា

សព​សម្តេច សុខ អាន បូជា​ថ្ងៃទី​១៩ មីនា

ភ្នំពេញ ៖ សពសម្តេចសុខ អាន ដែលបានទទួលមរណភាព កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នោះ ពេលនេះកំពុងត្រូវ បានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ក្នុងរាជធានីភ្នំពេញ ហើយពិធីបូជានឹងត្រូវធ្វើ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅ ឈាបនដ្ឋានមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ។

គួរបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តី ការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាល ពីវេលាម៉ោង៦និង៣២នាទីល្ងាច ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០១៧ នៅក្នុងមន្ទីរពេទ្យនៃប្រទេស ចិន ដោយរោគាពាធ។ សពសម្តេចសុខ អាន ត្រូវបានដឹកបញ្ជូនតាមយន្តហោះ មកដល់ប្រទេស កម្ពុជា នៅវេលាម៉ោង៥និង០៤នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ដើម្បីតម្កល់ រៀបចំធ្វើបុណ្យនៅគេហដ្ឋានសព ស្ថិតនៅផ្ទះ លេខ៧០ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌ ដូនពេញ។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំពិធីបុណ្យសព ដែល មានលោកឧបនាយករដ្ឋមន្ត្រីប៊ិន ឈិន ជាប្រធាន និងសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធាន រួមទាំងអនុប្រធាន និងសមាជិក ជាច្រើនរូបទៀត។

ជាមួយគ្នានេះ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៧ ទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើសុំបុរេប្រទានថវិកាចំនួន៣ពាន់លានរៀល (៣០០០ ០០០ ០០០រៀល) ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចំណាយទៅលើការរៀបចំពិធី បុណ្យសពសម្តេចសុខ អាន។

នៅល្ងាចថ្ងៃទី១៥ មីនា ដដែលនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោកស្រីអានី សុខអាន ដែលមានខ្លឹមសារទាំងស្រុងថាលោកជំទាវ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ !

ខណៈនេះ ខ្ញុំនិងភរិយា មានក្តីក្តុកក្តួល រំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព នៅវេលាម៉ោង១៨ៈ៣២នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសដ៏រន្ធត់ក្រៀមក្រំនេះ ខ្ញុំនិង ភរិយា សូមសម្តែងនូវសមានទុក្ខស្តាយស្រណោះ អាឡោះអាល័យ និងក្តីសង្វេគជាអនេកប្បការ ព្រោះថា មរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់ឧត្តមស្វាមី ប្រកប ដោយភក្តីភាពបំផុតចំពោះភរិយា ហើយក៏ជា ការបាត់បង់លោកឪពុក និងជីតា ពោរពេញ ដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះបុត្រាបុត្រី បុត្រាបុត្រីប្រសា និងចៅៗទាំងអស់ ជា ទីស្រលាញ់។ លើសពីនេះទៀត នេះគឺជាការ បាត់បង់ដ៏ធំធេងនូវឥស្សរជនដ៏ឆ្នើមរបស់ជាតិ មួយរូប ដែលបានបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានធ្វើពលិកម្មសព្វបែបយ៉ាង តស៊ូលះបង់តាំងពីកម្លាំងកាយ កម្លាំងប្រាជ្ញា ឆន្ទៈ មនសិការ បញ្ញាញាណ រួមចំណែកកសាងសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិ មាតុភូមិ រហូតបានស្នាដៃដ៏ត្រចះត្រចង់ច្រើន ឥតគណនាបាន។

ជាថ្មីម្តងទៀត ខ្ញុំនិងភរិយា សូមឧទ្ទិស ឱ្យដួងវិញ្ញាក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកជំទាវ ទទួលនូវក្តីរាប់អានដ៏ ជ្រាលជ្រៅពីរូបខ្ញុំ និងភរិយា…”

យោងតាមកម្មវិធីបុណ្យសពសម្តេចសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ពិធីបុណ្យសពនឹងប្រព្រឹត្ត ទៅតាមប្រពៃណី ចាប់ពីថ្ងៃទី១៦ រហូតដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅគេហដ្ឋាន នៃសពដោយមានកម្មវិធីជាបន្តបន្ទាប់តាមបែប បទប្រពៃណី និងព្រះពុទ្ធសាសនា។ លុះដល់ វេលាម៉ោង៦ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នឹងមានពិធីថ្វាយប្រគេនយាគូព្រះសង្ឃរួចធ្វើ កិច្ចខមាទោសចំពោះសព។ បន្ទាប់មក នៅវេលា ម៉ោង៧ព្រឹកថ្ងៃដដែល នឹងរៀបចំរំកិលសព ចេញពីភូមិគ្រឹះ ឆ្ពោះទៅទីឈាបនដ្ឋានមុខវត្ត បទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដើម្បីចាត់ចែងពិធីបូជាតាមប្រពៃណី។

ជីវប្រវត្តិសង្ខេប សម្តេចសុខ អាន 

សម្តេចសុខ អាន កើតនៅថ្ងៃទី១៦ ខែ មេសា ឆ្នាំ១៩៥០ នៅឃុំព្រះបាទជាន់ជុំ ស្រុក គិរីវង់ ខេត្តតាកែវ សព្វថ្ងៃមានលំនៅ ផ្ទះលេខ ៧០ ផ្លូវសម្តេចប៉ាន លេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្រិតវប្បធម៌ ភាសាបរទេស ចេះភាសាបារាំង អង់គ្លេស និង វៀតណាម។ សម្តេចសុខ អាន មានភរិយា ឈ្មោះថេង អាយអាន្នី កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥១ និងមានបុត្រាបុត្រី សរុបចំនួន៥នាក់ រួមមាន 

.ឈ្មោះសុខ សូម៉ា ភេទស្រី កើតថ្ងៃទី ០៩ ខែសីហា ឆ្នាំ១៩៧៩ មុខរបរនៅផ្ទះ

.ឈ្មោះសុខ ពុទ្ធិវុធ ភេទប្រុស កើត ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៨០ មុខរបរប្រធាន សហព័ន្ធស្រូវអង្ករកម្ពុជា

.ឈ្មោះសុខ សូកាន ភេទប្រុស កើត ថ្ងៃទី១១ មិថុនា ឆ្នាំ១៩៨៣ មុខរបរសមាជិក រដ្ឋសភា មណ្ឌលខេត្តតាកែវ

.ឈ្មោះសុខ សូកេន ភេទប្រុស កើត ថ្ងៃទី១១ ខែម៉ិថនា ឆ្នាំ១៩៨៣ មុខរបរអនុប្រធាននាយកដ្ឋានគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

.ឈ្មោះសុខ សង្វារ ភេទប្រុស កើត ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៨៧ មុខរបរអគ្គនាយករងអាជ្ញាធរអប្សរា

ប្រវត្តិការសិក្សា 

២០១៥ ៖ បណ្ឌិតកិត្តិយសផ្នែករដ្ឋបាល សាធារណៈ នៃសាកលវិទ្យាល័យ Kyungwoon សាធារណរដ្ឋកូរ៉េ

២០១០ ៖ ជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានគោរមងារ បណ្ឌិត្យសភាចារ្យ

២០១០ ៖ បណ្ឌិតកិត្តិយសផ្នែកនយោបាយ ការទូត ពីសាកលវិទ្យាល័យ woosuk សាធារណរដ្ឋកូរ៉េ

២០០៨ បណ្ឌិតកិត្តិយសផ្នែកអប់រំពីសាកលវិទ្យាល័យជាតិហ៊្វីលីពីន

២០០៧ ៖ បណ្ឌិតកិត្តិយសផ្នែកគោលនយោបាយសាធារណៈនិងគ្រប់គ្រង ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា

២០០៦ ៖ បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រ នយោបាយ ពីសាកលវិទ្យាល័យកម្ពុជា

២០០៥ ៖ បណ្ឌិតកិត្តិយសផ្នែករដ្ឋបាល សាធារណៈ នៃសាកលវិទ្យាល័យ Jeonju សាធារណរដ្ឋកូរ៉េ

២០០២ ៖ បណ្ឌិតសភាចារ្យរុស្ស៊ី ផ្នែកវិទ្យាសាស្ត្រ

១៩៩៦ ៖ បណ្ឌិតកិត្តិយសផ្នែកនីតិសាស្ត្រ ពី Wesleyan College, Iowa សហរដ្ឋអាមេរិក

១៩៧៣៧៥ ៖ សិស្សមន្ត្រីជាន់ខ្ពស់ ផ្នែកការទូត នៃសាលារដ្ឋបាលជាតិជាន់ខ្ពស់

១៩៦៧៧២ ៖ បរិញ្ញាបត្រផ្នែកភូមិវិទ្យា ប្រវត្តិវិទ្យា និងសង្គមវិទ្យា

១៩៦៧ ៖ មធ្យមសិក្សាប័ត្រភាគទី២ជាតិ និងមកពីប្រទេសបារាំង

ប្រវត្តិការងារ និងគោរមងារ 

២០១៧០៣១៣ ៖ ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជាសម្តេច វិបុលបញ្ញា សុខ អាន

២០១០០៤០៣ ៖ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាសមាជិកពេញ សិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារ ជាបណ្ឌិតសភាចារ្យ

២០០៤បច្ចុប្បន្ន ៖ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អង្គការ ICAPP

២០១៣ ៖ ប្រធានមហាសន្និបាតសម័យ ប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក

២០០៤បច្ចុប្បន្ន ៖ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

២០០៤បច្ចុប្បន្ន ៖ ប្រធានអាជ្ញាធរ ជាតិអប្សរា

១៩៩៣បច្ចុប្បន្ន ៖ សមាជិករដ្ឋសភា មណ្ឌលតាកែវ

១៩៩៨២០០៤ ៖ សហរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

១៩៩១១៩៩៣ ៖ ប្រធានខុទ្ទកាល័យ មជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC

១៩៨៨១៩៩១ ៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិយូណេស្កូកម្ពុជា

១៩៨៣១៩៨៨ ៖ អគ្គរដ្ឋទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា

១៩៨២១៩៨៣ ៖ អគ្គលេខាធិការនៃ គណៈកម្មាធិការសន្តិភាពកម្ពុជា

១៩៨១១៩៨៣ ប្រធានមន្ទីរនៃក្រសួង ការបរទេស និងជាលេខាផ្ទាល់សម្តេចហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស

១៩៧១១៩៧២ ៖ សាស្ត្រាចារ្យទុតិយភូមិ នៅខេត្តសៀមរាប

១៩៦៩១៩៧០ ៖ នាយកអនុវិទ្យាល័យ ព្រះបាទជាន់ជុំ ខេត្តតាកែវ

១៩៦៨១៩៦៩ ៖ សាស្ត្រាចារ្យនៃក្រសួង អប់រំជាតិ នៅខេត្តតាកែវ៕ ដារិទ្ធ

RELATED ARTICLES