ខេត្តកែប ៖ យុវជនជាកម្មករសំណង់ម្នាក់បានទាក់ទងបង្កើតស្នេហាជាមួយក្មេងស្រីម្នាក់ រស់នៅក្នុងមណ្ឌលកុមារកំព្រា រហូតដល់លួង– លោមក្មេងស្រីរងគ្រោះរួមរ័កមេត្រី រហូតដល់ បានសម្រេច១លើក លុះបែកធ្លាយរឿងរ៉ាវក៏ ត្រូវប្រធានមណ្ឌលកុមារកំព្រា ដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ច ចាប់ឃាត់ខ្លួនជនសង្ស័យ យកទៅ ចាត់ការតាមច្បាប់។
ករណីយុវជនស្ទាវ លួងលោមក្មេងស្រី រស់នៅក្នុងមណ្ឌលកុមារកំព្រារួមរ័កនេះ បាន កើតឡើង តាំងពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុង កែប ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ និងត្រូវ ប្រធានមណ្ឌលកុមារកំព្រា ដាក់ពាក្យបណ្តឹងឱ្យ សមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិ–សង្កាត់ កើតហេតុខាងលើ។
ជនសង្ស័យដែលល្បួងក្មេងស្រីរួមរ័ករហូត ដល់បានសម្រេចនេះ មានឈ្មោះគ្រិស ដារិទ្ធ ហៅសាក់ឡូ អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងភូមិ–សង្កាត់កើតហេតុ ខាងលើ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះណ. ស.ភ អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុង មណ្ឌលកុមារកំព្រា “អាស់ស្ពេកា” មានទីតាំង ស្ថិតក្នុងភូមិ–សង្កាត់កើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចក្រុងកែប បានឱ្យ ដឹងថា ជនសង្ស័យបានទាក់ទងស្នេហាជាមួយ នឹងក្មេងស្រីរងគ្រោះខាងលើមួយរយៈមកហើយ លុះមកដល់វេលាម៉ោង១២រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យ ក៏លួងលោមក្មេងស្រីរងគ្រោះ រួមរ័កជាមួយគ្នា រហូតដល់បានសម្រេច។ បន្ទាប់មក នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៧ រឿងរ៉ាវក៏បានបែកធ្លាយដឹងដល់អ្នកគ្រប់គ្រងមណ្ឌលកុមារកំព្រា ដែលក្មេងស្រីរងគ្រោះស្នាក់នៅ ទើបប្រធាន មណ្ឌលកុមារកំព្រា បានសម្រេចដាក់ពាក្យបណ្តឹង រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនាំយក ទៅសាកសួរតាមនីតិវិធីតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេពិតជាបានរួមរ័កជាមួយនឹង ក្មេងស្រីរងគ្រោះប្រាកដមែន តែមិនមែនជា ការចាប់បង្ខំអ្វីនោះឡើយ ពោលគឺពួកគេទាំង ២នាក់បានស្រលាញ់គ្នា ទើបព្រមរួមរ័កជាមួយ គ្នាដោយស្ម័គ្រចិត្ត។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធី រហូតមកដល់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យត្រូវ បានលោកហុង សុគុណវឌ្ឍនា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត សម្រេចចេញដីកា លេខ ២៩៨ ព្រ.ទ/០១៧ បង្គាប់ឱ្យឃុំខ្លួនក្នុង ពន្ធនាគារខេត្តកំពត ដើម្បីរង់ចាំបើកសវនាការ សម្រេចសេចក្តីនៅពេលក្រោយ៕
វ៉ាន់ ឌឿន