ភ្នំពេញ ៖ ក្មេងតូចម្នាក់ ទើបនឹងកើតបានប្រមាណ ជិត១ខែ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ត្រូវបានប្លុចោលតាមផ្លូវលំ ក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយបានរាយការណ៍ទៅអាជ្ញាធរសង្កាត់ ចុះមកយកទៅបីបាច់ថែរក្សាជាបណ្តោះអាសន្ន។

ប្រជាពលរដ្ឋ បានឱ្យដឹងថា នៅវេលាខាងលើ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងភូមិខាងលើ បានប្រទះឃើញទារកម្នាក់ ត្រូវបានជនមិនស្គាល់មុខ យកមកប្លុងចោលតាមផ្លូវ ឃើញដូច្នោះ គាត់ស្រែកប្រាប់អ្នកភូមិ ផ្ទះក្បែរខាង នាំមកជួយមើល និងរាយការណ៍ទៅអាជ្ញាធរសង្កាត់ ចុះទៅពិនិត្យភ្លាមៗ ។

ក្មេងតូចខាងលើ បើតាមការសន្និដ្ឋាន មានអាយុប្រមាណជិត ១ខែប៉ុណ្ណោះ តែជាអកុសល ត្រូវបានឪពុកម្តាយ យកមកបោះចោលបែបនេះទៅវិញ។ ធ្វើឲ្យប្រជាពលរដ្ឋដែលបានឃើញ បានសម្តែងការអាណិតអាសូរជាពន់ពេក មិនគួរណាមានវាសនាអភ័ព្វ កើតមកចំម្តាយ មានចិត្តដាច់ បង្កើតកូនចោលបែបនេះ អន់ជាងសត្វទៅទៀត។

ក្មេងតូចអភ័ព្វ ត្រូវបានអាជ្ញាធរមូលដ្ឋាន នាំយកទៅសាលាសង្កាត់ចោមចៅទី២ ដើម្បីបីបាច់ថែរក្សា និងចាត់ចែងបន្ត៕