Tuesday, December 2, 2025
Homeតារាខ្មែរ Dj កណ្ដុរ ថាមិនខ្វល់អ្នកប្រមាថជីវិត

 Dj កណ្ដុរ ថាមិនខ្វល់អ្នកប្រមាថជីវិត

ភ្នំពេញ ៖ លោកជុំ ផានិត ហៅនាយកណ្ដុរ ឬ Dj កណ្ដុរ បានប្រាប់អ្នកយកព័តមាន «នគរធំ» កាលពីពេលថ្មីៗនេះថា លោកគ្មានគម្រោងប្ដឹងឬគំរាមអ្នកទាំងឡាយដែលប្រមាថជីវិតលោកនោះទេ បើទោះជារឿងនេះ បានកើតច្រំដែលៗក្ដី។ ចំពោះមូលហេតុដែលនាយកណ្ដុរ «មិនប្ដឹង» នោះគឺដោយសារតែនាយថា ដោយសាតែ គណនីហ្វេសប៊ុក ដែលជេរលោកទាំងនោះ ជាគណនីក្លែងក្លាយ បើចង់ប្ដឹង ក៏មិនដឹងជាប្ដឹងអ្នកណាដែរ ។

DJ កណ្ដុរ ថាបញ្ហាមានគេប្រមាថជីវិតលោក ពេញបណ្ដាញសង្គម កន្លងមកនោះ លោកក៏មិនដែលបានជូនដំណឹងទៅសមត្ថកិច្ច ឬអាជ្ញាធរទេ ។ នាយថា សូម្បីតែមុនលោកម៉ារ៉ា ប៊ុណ្ណា ស្លាប់ ក៏បានឆាតមកលោកដែរថា នាយល្បីដល់ហើយ ឥឡូវគឺល្បី «ស្លាប់» ហើយនាយបានតបទៅលោកប៊ុណ្ណា វិញថា «អើ! បើអញស្លាប់មែន ល្អតើ!»។

  គួរបញ្ជាក់ថា នាយកណ្ដុរ មិនខុសពីនាយក្រឹម នោះទេ ព្រោះពេលខ្លះ មហាជនភ្ញាក់ផ្អើល ពេលបើកហ្វេសប៊ុក ឃើញគេបង្ហោះរូបថតនាយ ពណស៌ខ្មៅ និងដាក់អក្សរថា R.I.P ដែលបញ្ជាក់ថា មនុស្សស្លាប់ ទាំងដែល DJ កណ្ដុរ នៅមានដង្ហើមដកនៅឡើយ ។ បញ្ហាដែលគេចេះតែផ្អើលថា នាយកណ្ដុរ លាចាកលោកបែបនេះ ព្រោះ តែនាយកណ្ដុរ ជាតារាសកម្មក្នុងការគាំទ្ររដ្ឋាភិបាល ដោយមានទាំងចាក់សាក់អក្សរឈ្មោះសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅលើខ្នងដៃខាងស្ដាំ និងខ្នងដៃខាងឆ្វេង ចាក់សាក់ឈ្មោះគណបក្សប្រជាជនកម្ពុជា ទៀតផង ហេតុនេះហើយបានសកម្មជនបក្សប្រឆាំងខ្លះ បានហៅនាយកណ្ដុរ ថា «តារាទ្រពង» និងតែងតែផុសរូបលោកថា ស្លាប់ ដូចនាយក្រឹម ដែរ ។

  ទាក់ទងបញ្ហានេះ DJ កណ្ដុរ ថានាយមិនខ្វល់ គេថាម៉េចថាចុះ ប៉ុន្ដែនាយនឹងបន្ដគាំទ្ររាជរដ្ឋាភិបាល គាំទ្រសម្ដេច ហ៊ុន សែន សម្ដេច ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនកម្ពុជា លុះក្ស័យ។ DJ រូបនេះ បន្ថែមថា ក្រុមគ្រួសារនាយ សុទ្ធតែជាមន្រ្ដីយោធា បម្រើការពាររដ្ឋាភិបាល និងពេលនេះ កំពុងនៅសមរភូមិមុខ ការពារព្រំ ដែន អ៊ីចឹងបើមិនឲ្យនាយគាំទ្ររដ្ឋាភិបាលតើឲ្យទៅគាំទ្រអ្នកណា ? DJ កណ្ដុរ ថាមិនមែនទើបតែឆ្នាំនេះទេ ពោលគឺឆ្នាំមុន ក៏មានអ្នកមិនពេញចិត្តនាយ បង្ហោះថា នាយស្លាប់ ដែលរឿងនេះ ដូចគ្នាទៅនឹងនាយក្រឹម ដែរ។ ចំណែកអក្សរសាក់ ដែលលោកចាក់ឈ្មោះសម្ដេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នៅលើខ្នងដៃទាំងពីរនោះ នាយថា ដោយសាតែការស្រលាញ់ពេញបេះដូង អត់មានចង់បានលាភសក្ការៈអីដូចគេទេ គឺធ្វើដោយចិត្ដខ្លួនឯង ។

សូមបញ្ជាក់ថា លោកជុំ ផានិត ហៅនាយកណ្ដុរ រយៈពេលចុងក្រោយនេះ លោកលេចធ្លោក្នុងសកម្មភាពគាំទ្ររដ្ឋាភិបាល ច្រើនជាងការងារសិល្បៈ។ DJ កណ្ដុរ ដែលធ្លាប់ជាដៃគូចម្រៀងបទកន្ទ្រឹម ជាមួយកញ្ញា ជូរី ល្អហួស តាំងពីនាងនៅតូចនោះ មិនទាន់មានបទចម្រៀងថ្មី ឆ្លងឆ្លើយជាមួយស្រីក្មេង ដូចមុនទៀតទេ ទើបធ្វើឲ្យនាយ កាន់តែមានពេលវេលាច្រើន ទៅលើការគាំទ្រថ្នាក់ដឹកនាំ។

 ទាក់ទងរឿងបទចម្រៀងជាមួយស្រីស្អាត ល្អហួស DJ កណ្ដុរ ថា នាយ និងនាង ច្រៀងតែបទកន្ទឹ្រម ជាមួយគ្នាទេ បទចង្វាក់ផ្សេងៗទៀត គឺល្អហួស មិនជ្រើសយករូបលោកឡើយ ។ នាយថា កន្លងមក ល្អហួស ជាអ្នក បោះដៃចាប់ដៃគូជាមួយលោក ហើយបើមានការថតបទកន្ទ្រឹម ថ្មីៗ នាយនៅតែច្រៀងជាមួយនាយទៀត។ នាយកណ្ដុរ បានសរសើរគុណសម្បត្តិស្រីក្មេង ល្អហួស ថាពិតជាល្អដូចឈ្មោះមែន ព្រោះទាំងសមត្ថភាព រូបសម្បត្ដិ និងចរិតឫកពា បានទាំងព្រម ។

  ក្រៅពី DJ កណ្ដុរ តារាដែលសកម្មចេញសារការគាំទ្ររដ្ឋាភិបាល មានដូចជា នាយក្រឹម, សាពួន មីដាដា, ខេមរៈ សិរីមន្ដ, ព្រាប សុវត្ថិ តន់ ច័ន្ទសីម៉ា និងខេម ជាដើម ៕

RELATED ARTICLES