Thursday, December 4, 2025
Homeតារាខ្មែរតារា៣ដួង រៀបការខែធ្នូ

តារា៣ដួង រៀបការខែធ្នូ

ភ្នំពេញ ៖ នៅខែធ្នូ ឆ្នាំ២០២៥ នេះ មានតារា ៣ដួង ចូលរោងការព្រមគ្នា ខណៈដែលតារាមួយចំនួនទៀត ទោះជាបង្ហាញគូស្នេហ៍ជាសាធារណៈ ប៉ុន្ដែពួកគេនៅតែស្ទាក់ស្ទើរចិត្តរៀបអាពាហ៍ពិពាហ៍ ព្រោះខ្លាចប៉ះពាល់អាជីព ។

១- ស្វែង សុជាតា ៖  ចូលរោងការជាមួយគ្រូថ្នាំបុរាណ លោក ឌី ចាន់សុខហេង នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០ ២៥ នៅក្នុងបុរីបឹងបៃតង២ (កប់ស្រូវ) រាជធានីភ្នំពេញ។ តាមប្រភពថា ភ្ញៀវដែលអ្នកនាងសុជាតា ហៅភាគច្រើន ជាតារាជិតដិត ចំណែកភ្ញៀវខាងស្វាមីនាង ច្រើនតែជាគ្រូថ្នាំបុរាណ និងម៉ូយទិញថ្នាំលោក ។ តារារួមអាជីព បានសាទរសុជាតា ថារកបានម្ចាស់ចិត្តថ្មី ក្មេងជាងខ្លួន រហូតច្បាស់លាស់នឹងគ្នា ឈានដល់ការរៀបអា ពាហ៍ពិពាហ៍ តែអ្នកខ្លះបែរជាផ្លែផ្កាឌឺដងឲ្យសុជាតា ថាស្រលាញ់តែប្រុសក្មេង «គោចាស់ ប៉ះស្មៅខ្ចី» ព្រោះប្ដីអាយុប្អូននាងជាង១០ឆ្នាំ ហេតុនេះមានគេបារម្ភជំនួសនាង ខ្លាចតែមិនអាចរក្សាចំណងស្នេហាបានយូរអង្វែង នឹងប្រឈមដើរជាន់ដានចាស់ ។ ប៉ុន្ដែសុជាតា ថានាងនិងគូស្នេហ៍ បានរួមរស់ជាមួយគ្នា ក្រោមដំបូលតែមួយ ជិត១០ឆ្នាំទៅហើយ ទើបដល់ពេលវេលាដឹកដៃគ្នារៀបការតាមប្រពៃណីខ្មែរ ។

 ២- ខេង រតនៈ ហៅនាយព្រែក ៖ នាយព្រែក នឹងរៀបការជាមួយកញ្ញា ឈិន មុនីនាថ ដែលជាកូនអតីតតារាចម្រៀង ឈិន កុសល និងជាក្មួយរបស់ពិធីការិនី ឈិន ច័ន្ទសុធារី នៅថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ។ មង្គលការរបស់នាយព្រែក-មុនីនាថ ធ្វើនៅសាលប្រជុំបន្ទាយសុវត្ថិភាព ទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលភ្ញៀវនាយ និងគូណ្ដឹង ភាគច្រើនជាសិល្បកររួមអាជីព។ នាយព្រែក បានសាងស្នេហាជាមួយ ឈិន មុនីនាថ ៦ឆ្នាំទើបដាច់ចិត្តលត់ជង្គង់សុំនាងរៀបការ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ Faifield ។ មុនដឹកដៃកំពូលស្នេហ៍ថ្មី ក្រាបផ្ទឹម នាយព្រែក ធ្លាប់ភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នកខេត្តកំពង់ចាម ឈ្មោះ ជា ស្រីតី កាលពីឆ្នាំ២០១៦ តែបានចែកផ្លូវគ្នា នៅឆ្នាំ២០១៩ ។

៣- រ៉េត សារីតា ៖ បវរកញ្ញាចក្រវលកម្ពុជា ឆ្នាំ២០២០ រូបនេះ នឹងដឹកដៃម្ចាស់ស្នេហាជនជាតិអាមេរិក លោកថូម៉ាស់ ជីមីនេស (Tomas Gimenez) រស់នៅទីក្រុងញូវយ៉ក (New York)  រៀបការនៅខេត្តសៀមរាប រយៈពេលដល់ទៅ ៣ថ្ងៃ គឺថ្ងៃទី១៨ ខែធ្នូ ធ្វើពិធីទទួលភ្ញៀវរៀបចំនៅ Satcha Cafe , ថ្ងៃទី១៩ ខែធ្នូ រៀបការតាមប្រពៃណីខ្មែរ រៀបចំនៅ Apsara Theatre  និងថ្ងៃទី២០ ខែធ្នូ រៀបការតាមបែបអឺរ៉ុប ធ្វើនៅ Résidence de Krous  ខណៈសារីតា ហៅភ្ញៀវតែចំនួន២៥០នាក់ប៉ុណ្ណោះ។ ចំពោះការជ្រើសរើសយកពិធីមង្គលការលើទឹកដីខេត្តសៀមរាប មិនមែន សារីតា មានស្រុកកំណើតនៅទីនោះទេ តាមពិតនាងមានស្រុកកំណើតនៅខេត្តតាកែវ ឯណ្ណោះ ប៉ុន្ដែនាងចង់ផ្សារភ្ជាប់មង្គលការរបស់ខ្លួន លើទឹកដីខេត្តសៀមរាប ដើម្បីឲ្យភ្ញៀវចូលរួមមង្គលការរបស់នាង បានស្វែងយល់និងស្គាល់កាន់តែច្បាស់ពីតំបន់វប្បធម៌ខ្មែរ នៅខេត្តទេសចរណ៍មួយនេះ ពិសេសគឺភ្ញៀវបរទេស ដែលនឹងមកពីអាមេរិក ខាងស្វាមីនាងអញ្ជើញ។

ក្រៅពីតារាទាំង ៣ដួងខាងលើ ដែលហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់ នៅមានតារាល្បីៗមួយចំនួនទៀត ដែលមានគូស្នេហ៍ហើយ ចិត្តចង់ការដែរ តែនៅស្ទាក់ស្ទើរ ខ្លាចលែងល្បី  មានដូចជា យុគ ចិន្ដា, ពេជ្រ សោភា, ប៉ាច គីមមួយ, ម៉ានីកា និងអ៊ីវ៉ា ជាដើម ៕

RELATED ARTICLES