Friday, December 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ផ្អាកការងារផ្កាយ២ ស៊ី២លានដុល្លារ

 ផ្អាកការងារផ្កាយ២ ស៊ី២លានដុល្លារ

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន លោកឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្ត សញ្ញាណកម្ម ដើម្បីបន្តដំណើរការស្រាវជ្រាវបន្ថែម។

ការផ្អាកការងារលោកឧត្តមសេនីយ៍ទោ គង់ វុទ្ធី នេះ បានធ្វើឡើង បន្ទាប់ពីលោកមានរឿងអាស្រូវជាច្រើនពាក់ ព័ន្ធករណីឆបោកជនរងគ្រោះ មានទឹកប្រាក់រាប់លានដុល្លារ។ 

តាមប្រភពមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបង្ហើបថា បើក្រសួងមហាផ្ទៃ ស្រាវជ្រាវឃើញ ដូចការចោទប្រ កាន់មែន លោកឧត្តមសេនីយ៍ទោ គង់ វុទ្ធី អាចប្រឈមមុខនឹងការដកតួនាទី ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌតែម្តង។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកផែង វណ្ណៈ អ្នកសារព័ត៌មានអនឡាញល្បីឈ្មោះ បានបង្ហោះសំណេរមួយ តាមរយៈទំព័របណ្តាញសង្គម PVN News ដោយបញ្ជាក់ថា “ឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គរងអត្តសញ្ញាណកម្ម ប្រញាប់យកលុយ ២លានដុល្លារ សងគេវិញ បើធ្វើការឱ្យគេមិនបាន! ប្រយ័ត្នគុក! លោកឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលប្រាក់ចំនួន ២ លានដុល្លារ ដើម្បីរត់ការការងារឱ្យជនបរទេស។ ប៉ុន្តែចាប់តាំងពីលោកឧត្តមសេនីយ៍ទោ គង់ វុទ្ធី ទទួលបានលុយពីជនរងគ្រោះហើយ មានរយៈពេលជាង ១ឆ្នាំហើយ លោកមិនបានធ្វើការឱ្យជនរងគ្រោះបានសម្រេចទេ ហើយលុយ ២លានដុល្លារ ក៏មិនព្រមប្រគល់ជូនជនរងគ្រោះវិញដែរ…”។

លោកផែង វណ្ណៈ បានបន្តថា “ការប្រើប្រាស់តួនាទី បុណ្យស័ក្តិ អួតអាងដើម្បីបោកប្រាស់ជនបរទេស មានច្រើនករណីណាស់ ហើយក៏មានអស់តួនាទី បុណ្យស័ក្តិ រហូតជាប់គុក ជាហូរហែរដែរ ។ ប៉ុន្តែបុគ្គលខូច នៅតែខូច ។ ចាំមើលករណីនេះ តើឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងអត្តសញ្ញាណកម្ម មានវាសនាបែបណា?…”។

ឆ្លើយតបទៅនឹងករណីខាងលើនេះ ទំព័របណ្តាញសង្គមផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមថ្លែងអំណរគុណចំពោះសារព័ត៌មាន PVN News ដែលបានលើកឡើងអំពី ករណីឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថាបានទទួលប្រាក់រត់ការចូលសញ្ជាតិ ឱ្យជនបរទេស មិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ជូនជនរងគ្រោះវិញ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់វិធានការកោះហៅសាមីខ្លួន ដើម្បីបំភ្លឺ និងកំពុងបន្តស្រាវជ្រាវ ស៊ើបបញ្ជាក់បន្ថែម លើព័ត៌មានខាងលើ។ ករណីរកឃើញថា មន្ត្រីឬថ្នាក់ដឹកនាំណាម្នាក់ បានប្រព្រឹត្តកំហុស ផ្ទុយនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងចាត់វិធានការអនុវត្តវិន័យលើបុគ្គលរូបនោះយ៉ាងម៉ឺងម៉ាត់។

ទន្ទឹមនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ស្នើដល់បុគ្គលដែលមានការពាក់ព័ន្ធ ឬជាជនរងគ្រោះ មកសហ ការផ្តល់ព័ត៌មាន ក៏ដូចជាឯកសារភ័ស្តុតាងបន្ថែម ប្រសិនបើមាន មកនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយក ដ្ឋានអត្តសញ្ញាណកម្ម រៀងរាល់ម៉ោងធ្វើការ។

ជុំវិញរឿងរ៉ាវខាងលើ នៅមិនទាន់មានប្រតិកម្មបំភ្លឺ ឆ្លើយតបពីលោកឧត្តមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលរងការចោទប្រកាន់ថា បានទទួលប្រាក់ ២លានដុល្លារ ជាថ្នូរនឹងរត់ការចូលសញ្ជាតិឱ្យជនបរទេស មិនបានសម្រេច ហើយមិនព្រមប្រគល់ប្រាក់ ជូនជនរងគ្រោះវិញនេះ នៅឡើយទេ គិតត្រឹមល្ងាចម្សិលមិញ៕

RELATED ARTICLES