សហរដ្ឋអាមេរិក ៖ សហព័ន្ធនិស្សិតកម្ពុជា នៅបរទេស រួមនិងសមាគមនិស្សិត សហគមន៍និស្សិត ក្រុមនិស្សិត និងយុវទូតសុច្ឆន្ទៈកម្ពុជា ប្រចាំនៅបរទេស សរុប ២៤ស្ថាប័ន ប្រចាំនៅ ២៤ប្រទេស បានដាក់ញត្តិបន្ទាន់ ជូនលោកអង់តូនីញ៉ូ ហ្គូទែររេស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយនឹងបន្តដាក់ញត្តិទៅតាមបណ្តាប្រទេស និងអង្គការអន្តរជាតិជាច្រើនទៀត ស្នើសុំឲ្យជួយអន្តរាគមន៍បញ្ឈប់សង្គ្រាមឈ្លាន ពានរបស់ថៃ មកលើអធិបតេយ្យជាតិនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់យុត្តិធម៌ដល់ប្រ ទេសនិងប្រជាជនកម្ពុជា ដែលរងគ្រោះយ៉ាងធ្ងន់ ដោយសារការវាយប្រហារ រំលោភបំពានដោយខុសច្បាប់ យ៉ាងកំរោល ឃោរឃៅនិងអមនុស្សធម៌ ពីប្រទេសថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធនិស្សិតកម្ពុជា នៅបរទេស (Federation of Cambodian Students Abroad) ដែលមានលោក នង រិទ្ធី ជានាយកប្រតិបត្តិ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា «ក្នុងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព និងវីរកងនគរបាលជាតិរបស់យើង ក្នុងការប្រកៀកស្មាជាធ្លុងមួយ ប្រយុទ្ធការពារជាតិមាតុភូមិកម្ពុជា ពីការឈ្លានពាននិងការរំលោភអធិបតេយ្យ បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា សហព័ន្ធនិស្សិតកម្ពុជា នៅបរទេស រួមនិងសមាគមនិស្សិត សហគមន៍និស្សិត ក្រុមនិស្សិត និងយុវទូតសុច្ឆន្ទៈកម្ពុជា ប្រចាំនៅបរទេស សរុប ២៤ស្ថាប័ន ដែលប្រចាំនៅ ២៤ប្រទេស បានរៀបចំ និងបានដាក់ញត្តិបន្ទាន់រួចរាល់ហើយ ជូនឯកឧត្តម António Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ។
សហព័ន្ធនិស្សិតកម្ពុជា នៅបរទេស រួមនិងសមាគមនិស្សិត សហគមន៍និស្សិត ក្រុមនិស្សិត និងយុវទូតសុច្ឆន្ទៈកម្ពុជា ប្រចាំនៅបរទេស ទាំង២៣ស្ថាប័ន នឹងបន្តដាក់ញត្តិទៅតាមបណ្តាប្រទេស និងអង្គការអន្តរជាតិ ជាច្រើនទៀត»។
ចំពោះលិខិតរបស់សហព័ន្ធនិស្សិតកម្ពុជា នៅបរទេស (Federation of Cambodian Students Abroad) គោរពជូនលោកអង់តូនីញ៉ូ ហ្គូទែររេស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងកម្មវត្ថុ ៖ «អំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីដោះស្រាយប្រតិបត្តិការយោធាខុសច្បាប់របស់ប្រទេសថៃ និងការឈ្លានពានដ៏សាហាវ ប្រឆាំងនឹងប្រទេសកម្ពុជា» មានខ្លឹមសារថា «យើងខ្ញុំ ៖
១. សហព័ន្ធនិស្សិតកម្ពុជា នៅបរទេស
២. សមាគមនិស្សិតកម្ពុជា នៅឥណ្ឌា
៣. សមាគមនិស្សិតកម្ពុជា នៅឥណ្ឌូនេស៊ី
៤. សមាគមនិស្សិតកម្ពុជា នៅអេហ្ស៊ីប
៥. សមាគមនិស្សិតកម្ពុជា នៅថៃ
៦. សមាគមនិស្សិតកម្ពុជា នៅទួរគី
៧. សមាគមនិស្សិតកម្ពុជា នៅហុងគ្រី
៨. សមាគមនិស្សិតកម្ពុជា នៅសាធារណរដ្ឋឆែក
៩. ក្រុមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសអេស្ប៉ាញ
១០. សមាគមនិស្សិតកម្ពុជា នៅគុយវ៉ែត
១១. សមាគមនិស្សិតនិងកម្មសិក្សាកម្ពុជា នៅអ៊ីស្រាអែល
១២. សមាគមនិស្សិតកម្ពុជា នៅវៀតណាម
១៣. សមាគមនិស្សិតកម្ពុជា នៅបារាំង
១៤. សមាគមនិស្សិតកម្ពុជា នៅកូរ៉េ
១៥. បណ្តាញយុវជនខ្មែរយុវជន
១៦. សមាគមនិស្សិតកម្ពុជា នៅជប៉ុន
១៧. សមាគមនិស្សិតកម្ពុជា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា
១៨. និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសអ៊ីតាលី
១៩. សមាគមនិស្សិតកម្ពុជា នៅចក្រភពអង់គ្លេស (CSA-UK)
២០. សមាគមនិស្សិតកម្ពុជា នៅម៉ាឡេស៊ី
២១. សហគមន៍កម្ពុជា នៅសាកលវិទ្យាល័យ MGIMO ក្នុងប្រទេសរុស្ស៊ី
២២. ឯកអគ្គរដ្ឋទូតយុវជននៅប្រទេសចិន
២៣. សមាគមនិស្សិតកម្ពុជា នៅសហរដ្ឋអាមេរិក
យើងខ្ញុំ ដែលជាសហគមន៍និស្សិតកម្ពុជា រាប់សែននាក់ នៅទូទាំងពិភពលោក សូមសរសេរលិខិតនេះ ដើម្បីបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងខ្លាំង ចំពោះប្រតិបត្តិការយោធាខុសច្បាប់ ថ្មីៗនេះ និងការឈ្លានពានដ៏សាហាវ ដោយយោធាថៃ ប្រឆាំងនឹងកម្ពុជា ជនស៊ីវិលស្លូតត្រង់ និងកងកម្លាំងប្រដាប់អាវុធកម្ពុជា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបើកការវាយប្រហារយ៉ាងជ្រៅ រហូតដល់ ៨០-៩០គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីកម្ពុជា។

យើងខ្ញុំសូមអំពាវនាវដោយគោរព ដល់ឯកឧត្តម ឲ្យយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបញ្ហានេះ និងចាត់វិធាន ការជាបន្ទាន់ ដើម្បីទប់ស្កាត់ការឈ្លានពានបន្ថែមទៀត។ យើងខ្ញុំជឿជាក់ថា សន្តិភាពយូរអង្វែង អាចសម្រេចបាន តាមរយៈការសន្ទនា ការទទួលខុសត្រូវ និងការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់អន្តរជាតិ។
សូមឯកឧត្តម ទទួលយកការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ»៕ ខៀវទុំ