Tuesday, December 30, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ច្រៀងលក់សំបុត្រ ជួយកងទ័ព

ឱក សុគន្ធកញ្ញា ច្រៀងលក់សំបុត្រ ជួយកងទ័ព

ភ្នំពេញ ៖ ឱក សុគន្ធកញ្ញា បានផ្អាកច្រៀងរាំ សឹងតែពេញមួយខែធ្នូ ដើម្បីធ្វើសប្បុរសធម៌ ជួយដល់វីរកងទ័ពជូរមុខ និងជនភៀសសឹក ដូចតារាល្បីៗផ្សេងទៀតដែរ តែសកម្មភាពប៉ុណ្ណេះ មិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់តារាកូន២ រូបនេះ ពោលគឺនៅល្ងាចថ្ងៃទី៣០ ខែធ្នូ នាងត្រូវច្រៀងលក់សំបុត្រ នៅកោះពេជ្រ ដែលតម្លៃសំបុត្រ ចាប់ពី៩ ទៅ៣៩ដុល្លារ ដើម្បីប្រមូលប្រាក់ជួយដល់វីរកងទ័ពជូរមុខ និងជនភៀសសឹកពីសង្គ្រាមសៀមឈ្លានពាន ខណៈដែលកន្លងមក នាងធ្លាប់តែច្រៀងយកលុយផ្ទាល់ខ្លួន  និងជួបជុំ Fan ដើម្បីពង្រឹងទីផ្សារចម្រៀង តែលើកនេះ ខុសពីមុនៗ ពោលគឺ «តន្រ្ដីសប្បុរសធម៌ វិសាលភាពជាតិខ្មែរ» នាងច្រៀងលក់សំបុត្រ ជួយវីរកងទ័ព និងជនភៀសសឹក ។ សកម្មភាពរបស់ឱក សុគន្ធកញ្ញា ជាគំរូល្អមួយ សម្រាប់សិល្បករផ្សេងៗទៀត ថាពួកគេមិនមែនច្រៀង ដើម្បីតែកើបលុយផ្ទាល់ខ្លួនទេ ប៉ុន្ដែសម្រាប់ការងារសប្បុរសធម៌ មិនអាចមើលរំលងបានឡើយ គឺត្រូវតែចូលរួម ។

គួរបញ្ជាក់ថា ក្រៅពីឱក សុគន្ធកញ្ញា តារាល្បីៗចេញមុខយ៉ាងសកម្មធ្វើមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក មានដូចជា លោកព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ, គួច ខេវិន, ប៉ីប៉ី ឌី, ឆឹម សក្កដា, ម៉ៃ សុគន្ធ, ងួន ចាន់ដេវីត,ពេជ្រ សោភា  ,ទេព បូព្រឹក្ស និងសុខ ពិសី ជាដើម។

ឱក សុគន្ធកញ្ញា ក្រោយមានស្វាមី ជាង៦ឆ្នាំ មានកូនប្រុស ពីរនាក់ នាងមិនមានសន្ទុះខ្លាំងក្នុងវិស័យអាជីព ចម្រៀងដូចមុនទេ ប៉ុន្ដែបទចម្រៀងល្បីៗពីមុន រាប់រយបទ Fan នាងនៅតែនិយមនៅឡើយ ។ ប្អូនថ្លៃថៅកែហង្សមាស រូបនេះ ធ្លាប់ចេញច្រៀង Solo Concert ជាច្រើនដង កាលពីឆ្នាំ២០២៤  ដើម្បីពង្រឹងអាជីពរបស់ខ្លួន និងប្រមូលអ្នកគាំទ្រឡើងវិញ  តែនៅមិនទាន់ច្រៀងបទណាផ្ទុះខ្លាំងដូចមុនដដែល ។ បញ្ហានេះ ត្រូវបានអ្នកជំនាញសិល្បៈថា ការមានស្វាមី និងកូនពីរ ទៅហើយ ធ្វើឲ្យយុវវ័យ មិនសូវចាប់អារម្មណ៍ ពេលកញ្ញា ចេញ ច្រៀងបទស្នេហាខូចចិត្តដូចមុន ។ ប៉ុន្ដែទាំងលោកគួច ខេវិន, នូ ស៊ឹប និងមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងស្រដៀងគ្នាថា ថៅកែហង្សមាស នឹងមិនអនុញ្ញាតឲ្យកញ្ញា ធ្លាក់ចុះជាដាច់ខាត ។

  តាមប្រភពថា ឱក សុគន្ធកញ្ញា ទោះជាមិនសូវខ្លាំងចម្រៀងដូចមុន ប៉ុន្ដែនាងនៅតែរកប្រាក់ចំណូលបានច្រើន ពីអាជីពសិល្បៈ ពិសេសគឺស្ពតធំៗ ដែលស្វាមីនាង លោកអ៊ឹង សុខលី ជាអ្នកចាត់ចែងឲ្យ។ កញ្ញា ក៏នៅតែជាតួឯករបស់ហង្សមាស ក្រោយពេជ្រ សោភា និងសុគន្ធ និសា ដើរចេញអស់ នាងលែងមានគូប្រកួតតែម្ដង ពោលគឺជិះសេះលែងដៃ ។ យ៉ាងណាប្រហែលជាមិនចង់ឲ្យទីផ្សារចម្រៀងកាន់តែពិបាកប្រឈម សុគន្ធកញ្ញា នៅមិនទាន់មានភាពច្បាស់លាស់ឡើយ ពីគម្រោងយកកូនទី៣ បើទោះជា ទាំងរូបនាង និងស្វាមី សុទ្ធតែចង់បានកូនស្រីដូចគ្នា ក៏ដោយ ។

 មហាជន រង់ចាំមើលថា ក្រៅពីឱក សុគន្ធកញ្ញា នឹងមានតារារូបណាទៀត ចេញច្រៀងលក់សំបុត្រ ដើម្បីជួយដល់វីរកងទ័ព និងជនភៀសសឹក ? សម្រាប់សុគន្ធកញ្ញា ការចេញមុខច្រៀង Concert លើកនេះ កជាការធ្វើតេស្ដដ៏ធំមួយផងដែរថា នៅចុងឆ្នាំ២០២៥ នេះ នាងមានការគាំទ្រនៅតែខ្លាំង ឬប្រែប្រួលទៅហើយ ? ប្រសិនបើកញ្ញា នៅតែមានការគាំទ្រច្រើន នោះមានន័យថា រឿងមានស្វាមី និងកូន២ មិនមែនជាចំណុចដែលធ្វើឲ្យអាជីព ចម្រៀងរបស់នាងលែងទៅមុខទេ។ ប៉ុន្ដែបើការគាំទ្រចុះខ្សោយ គេជឿថា ស្វាមី និងបងថ្លៃនាង នឹងចេញមកអន្ដរាគមន៍ក្នុងការផលិតបទចម្រៀងថ្មីៗ ឲ្យនាងឡើងវិញ ជាបន្ទាន់ជាមិនខាន ៕

RELATED ARTICLES