Tuesday, January 20, 2026
Homeតារាខ្មែរលី អ៊ីវ៉ាធីណា រៀបការប្តីស្រី

លី អ៊ីវ៉ាធីណា រៀបការប្តីស្រី

ភ្នំពេញ ៖ បន្ទាប់ពីភ្ជាប់ពាក្យអស់រយៈពេលកន្លះឆ្នាំមក តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា និងគូស្នេហ៍ភេទដូចគ្នា បានសម្រេចដឹកដៃគ្នារៀបចំពិធីមង្គលការតាមប្រពៃណី ទោះបីមិនធ្វើពិធីធំដុំ ប៉ុន្តែប្រព្រឹត្តទៅក្រោមស្នាមញញឹម និងមានវត្តមានសាច់ញាតិ ចាស់ទុំទាំងសងខាង បានចូលរួមដឹងឮ និងជូនពរជ័យ។

ពិធីមង្គលការរបស់តារាចម្រៀង លី អ៊ីវ៉ាធីណា និងគូស្នេហ៍ភេទដូចគ្នានេះ បានរៀបចំឡើង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។

តារាចម្រៀង លី អ៊ីវ៉ាធីណា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានបង្ហោះវីដេអូ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង បង្ហាញពីពិធីមង្គលការតូចមួយ របស់នាងនិងគូស្នេហ៍ភេទដូចគ្នា កំពុងក្រាបផ្ទឹម ចងដៃ ទទួលពរជ័យពីសាច់ញាតិទាំងសងខាង ភ្ជាប់ជាមួយសំណេរថា «ពិធីតូចធំមិនសំខាន់ តែអ្វីដែលសំខាន់ គឺមានក្តីសុខ»។

តាមរយៈវីដេអូខាងលើ បង្ហាញថា ពិធីមង្គលការរបស់តារាចម្រៀង លី អ៊ីវ៉ាធីណា បានប្រព្រឹត្តទៅជាលក្ខណៈគ្រួសារ យ៉ាងសាមញ្ញ ដោយមានវត្តសាច់ញាតិ ចាស់ទុំទាំងសងខាងប៉ុណ្ណោះ ប៉ុន្តែពិធីនេះបានរៀបចំជាលក្ខណៈប្រពៃណី ដោយមានកម្មវិធីទទួលផ្កាស្លា សំពះផ្ទឹម ចងដៃ… ជាដើម។ ចំណែកសាមីខ្លួនកូនកំលោះកូនក្រមុំ ស្ថិតក្នុងសម្លៀកបំពាក់ឈុតប្រពៃណី ពណ៌ទឹកមាស យ៉ាងសាមញ្ញ បានបង្ហាញនូវស្នាមញញឹម បញ្ជាក់ពីអារម្មណ៍រំភើបនិងកក់ក្តៅ នៅពេលដែលចំណងស្នេហាភេទដូចគ្នារបស់ពួកគេ បានឈានដល់គោលដៅតាមបំណង។

តារាចម្រៀង លី អ៊ីវ៉ាធីណា បានសរសេរថា “ថ្ងៃនេះ ថ្ងៃជ័យរបស់ចេចេ… អរគុណអ្នកម្តាយទាំងពីរ និងបងប្អូនទាំងអស់គ្នា… តូចធំមិនសំខាន់…  សំខាន់មានក្តីសុខខ្លាំងៗ…”។

ដោយឡែក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២៦ ស្វាមីតារាចម្រៀង លី អ៊ីវ៉ាធីណា បានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញពីកម្មវិធីមង្គលការជាលក្ខណៈគ្រួសាររបស់ខ្លួន ដោយភ្ជាប់ជាមួយសំណេរថា “ស្នាមញញឹមរបស់អូនទាំងអស់ បងមានអារម្មណ៍ថា ដូចជាទទួលពរជ័យដ៏មានក្តីសុខ រាល់ពេលវេលាដែលនៅជាមួយអូន មានអារម្មណ៍ថា ក្តីសុខខ្លាំងណាស់ មិនអាចរកអ្វីមកកាត់ថ្លៃបានទេ បេះដូងបង មិនអាចគ្មានអូនបានទេ សូម្បីតែមួយវិនាទីក៏ដោយ។ បងស្រលាញ់អូន ថ្ងៃជ័យមង្គល មិនបានធំដុំ តែក្តីសុខ…”។

ចំណែកតារាចម្រៀង លី អ៊ីវ៉ាធីណា បានឆ្លើយតបទៅកាន់ស្វាមីរបស់ខ្លួនថា “អរគុណប្តីសម្លាញ់របស់អូន…”។គួរបញ្ជាក់ថា តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា និងគូស្នេហ៍ ស្រីដូចគ្នា បានភ្ជាប់ពាក្យកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ លុះ៦ខែក្រោយមក ពោលគឺនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ អ្នកទាំងពីរបានសម្រេចរៀប ចំពិធីរៀបការតូចមួយ ក្លាយជាប្តីប្រពន្ធពេញមុខតែម្តង៕

RELATED ARTICLES