ភ្នំពេញ ៖ តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា បានធ្វើខួបកំណើត គម្រប់២៩ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដែលក្នុងនោះ គេឃើញ Fan ជាអ្នកលើកនំខេក ឲ្យទៅវិញ មិនទាន់ឃើញសង្សារសំណព្វចិត្តរបស់លោក នាងឡូរីន (Lauryn) លើកជូន ឬចេញសារជូនពរលើបណ្ដាញសង្គម Surprise ថ្ងៃពិសេសរបស់វណ្ណដា នោះទេ គិតត្រឹមរសៀលថ្ងៃទី២២ ខែមករា ។ ចំណែកផលិតកម្មបារមី បានចេញសារ រីករាយថ្ងៃខួបកំណើតរបស់តារារបស់ខ្លួនរូបនេះដែរ និងថាបានរួមការងារជាមួយគ្នា ៨ឆ្នាំហើយ។

អ្វីដែលគួរឲ្យកត់សម្គាល់ វណ្ណដា មានអាយុប្អូនលោកងួន ចាន់ដេវីត ៣ឆ្នាំ ដែលឆ្នាំនេះ អាយុ៣២ឆ្នាំ ជាគូប្រជែងទីផ្សារចម្រៀងរ៉េប យ៉ាងស្វិតស្វាញ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

តាមប្រភពថា វណ្ណដា ទទួលបានសារជូនពរច្រើនពី Fan របស់ខ្លួន ហើយអ្នកគាំទ្រ ចង់ឲ្យតារារ៉េប រូបនេះ ធ្វើពិធីជប់លៀង ជួបជាមួយ Fan (Fan Meeting) នៅថ្ងៃខួបកំណើត ច្រៀងលក់សំបុត្រ ដូចតារាល្បីៗមួយចំនួនទៀតដែរ ។ ប៉ុន្ដែតារាលេងម៉ូដសាក់ រូបនេះ មិនទាន់បានសន្យាចំពោះ Fan របស់លោកឡើយ ចំពោះសំណូមពរនេះ ។

គួរកត់សម្គាល់ថា ក្នុងវ័យ ២៩ឆ្នាំនេះ វណ្ណដា ក្លាយជាតារារ៉េប លំដាប់ជូរមុខម្នាក់ ដែលមានទ្រព្យច្រើនក្នុងដៃ ព្រោះទិញបានផ្ទះវីឡា នៅភ្នំពេញ និងជិះរថយន្ដទំនើប ម៉ាកLamborghini ទៀតផង។ ប្រាក់ចំណូលធំរបស់វណ្ណដា គឺការក្ដាប់បានស្ពតធំៗជាច្រើន ពោលគឺទោះជាអំឡុងផ្ទុះសង្រ្គាមនៅតាមព្រំដែន ដែលឈ្លានពានដោយយោធាសៀម បណ្ដាលឲ្យConcerts ជាច្រើន ត្រូវបានផ្អាក នាំឲ្យតារាមួយចំនួន ត្អូញដាច់បាយ និងគ្មានលុយបង់ធនាគារក្ដី ប៉ុន្ដែវណ្ណដា នៅតែមានលុយចូលតាមការធ្វើ BA ។ អតីតអ្នករកស៊ីកោសដូង ក្នុងគ្រួសារមួយ នៅខេត្តព្រះសីហនុ រូបនេះ ថែមទាំងរក្សាលំនឹងទីផ្សារចម្រៀងរ៉េប បានយ៉ាងល្អ ទោះជាដៃស្ដាំរបស់ខ្លួន គឺលោកសង្ហា បានទៅចុះចូលជាមួយ Galaxy ក្ដី តែវណ្ណដា មិនត្រឹមតែមិនធ្លាក់កូដនោះទេ ប៉ុន្ដែថែមទាំងជោគជ័យទាំងចម្រៀង និងស្នេហាទៀតផង ព្រោះក្រោយចែកផ្លូវនាង Nam វណ្ណដា រកបានសង្សារថ្មី នាង Lauryn ខ្ចីញិញតែម្ដង ។ ប៉ុន្ដែមិនទាន់មានដំណឹងវណ្ណដា គ្រោងដឹកដៃសង្សារសិចស៊ីរូបនេះ ចូលរោងការឡើយ ក្រោយភ្ជាប់ស្នេហ៍បានជាង ២ឆ្នាំ បើទោះជាមានដំណឹងថា ឪពុកម្ដាយទាំងសងខាង ចង់ឃើញពួកគេរៀបការតាមប្រពៃណីខ្មែរ ជាជាងសាងស្នេហាបែបអឺរ៉ុប ដូចពេលនេះក៏ដោយ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះវណ្ណដា ស្រាប់តែបានធ្វើឲ្យសង្សារមិនសូវសប្បាយចិត្ត ព្រោះសុខៗ កាលពីដើមខែមករា លោកបានស្លៀកឈុតកូនកំលោះឥណ្ឌា ហើយប្រកាសចង់បានប្រពន្ធឥណ្ឌា ដែលធ្វើឲ្យ Lauryn បានឃើញសង្សារខ្លួនធ្វើទង្វើបែបនេះភ្លាម នាងរុញទូកបណ្ដោយតាមទឹក គឺរុញវណ្ណដា ឲ្យទៅយកប្រពន្ធឥណ្ឌា តែម្ដង ។ ប្រហែលអាចមកពី Lauryn អាកអន់ស្រពោនចិន្ដានឹងអនាគតប្ដីចង់បានប្រពន្ធឥណ្ឌាបែបនេះហើយ ទើបពេលនេះ នាងមិនទាន់ទិញកាដូពិសេសឲ្យសង្សារ នៅថ្ងៃខួបកំណើតបែបនេះ ។

ក្រៅពី វណ្ណដា តារាដែលកើតនៅខែមករា មានដូចជា មាស សុខសោភា, យូរី, យ៉ាន លីនដា, ផន ស្រីខួច, សុភ័ក្រ្ដ កុសុម៉ា និងសូ ដានីតា ជាដើម ៕




