ភ្នំពេញ ៖ ពេជ្រ សោភា បានចាត់ទុកខ្លួនឯងថា ជាមនុស្សឆ្លាត ព្រោះបានទិញមាសទុក តាំងពីឆ្នាំ២០២២ ដែលមានន័យថា ជាង៣ឆ្នាំនេះ សោភា ចំណេញកប់ក្ដោងតែម្ដង លើការវិនិយោគមួយនេះ។ គ្រាន់តែដឹងថា សោភា កំពុងមានយីអ៊ុនល្អ ព្រោះចំណេញច្រើនពីការទិញមាសស្ដុកទុកនោះ លោក ឆន សុវណ្ណារាជ បានលាន់មាត់ថា «គ្រប់ទឹកហើយចឹង ម៉ែវា» ។ ប៉ុន្ដែលោកសុវណ្ណារាជ មិនបានជំរុញឲ្យសោភា លក់មាស ដើម្បីយកលុយឲ្យលោកជួយចាយនោះទេ ។

ពេជ្រ សោភា មិនបង្ហើបថា នាងទិញមាសទុក កាលពីឆ្នាំ២០២២ នោះ ប៉ុន្មានគីឡូ ឬសរុបតម្លៃគ្រឿងអលង្ការទាំងអស់ របស់នាង មានតម្លៃប៉ុន្មានម៉ឺនដុល្លារ ហើយគិតនៅឆ្នាំ២០២៦ នេះ ចំណេញបានប៉ុន្មានទេ ប៉ុន្ដែកុំឲ្យគេចោទថា នាងចេះតែអួត កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ សោភា បានបញ្ចេញឲ្យគេឃើញនូវមាសរបស់នាង មានដូចជា ខ្សែដៃ ចិញ្ចៀន ក្រវិល និងខ្សែក ជាដើម ។ Fan បានសរសើរពេជ្រ សោភា ថាមិនត្រឹមតែពូកែ ច្រៀងរាំទេ ប៉ុន្ដែនាងក៏ឆ្លាតមិនធម្មតាដែរ ព្រោះអាចព្យាករណ៍ដឹងមុនថា មាស នឹងឡើងថ្លៃ ទើបនាងទិញទុក ពាក់ឡើងក្រហមឆ្អិនឆ្អៅតែម្ដង ពិសេសគឺគេឃើញនាងបង្អួតគ្រឿងអលង្ការមាសច្រើន លើដងខ្លួន មិនធ្លាប់មានពីមុន គឺនៅថ្ងៃដែលនាងបានប្រកាសជាមួយលោក ឆឹម សក្កដា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

គួរបញ្ជាក់ថា ពេជ្រ សោភា មិនមែនជាតារាដែលពូកែអួត ឬសម្ញែងទ្រព្យ និងគ្រឿងអលង្ការទេ ដែលពេលខ្លះ នាងចូលរួមមង្គលការមិត្តរួមអាជីពសោភា គ្មានពាក់មាសពេជ្រសោះក៏មានដែរ ។ ប៉ុន្ដែនាងអាចប្រើគ្រឿងអលង្ការទាំងនេះ តែនៅពេលមានកម្មវិធីផ្ទាល់ខ្លួន ក្រុមគ្រួសារ ឬមង្គលការសាច់ញាតិរបស់នាងប៉ុណ្ណោះ ។ អំឡុងពេលដែលសោភា អះអាងថាគិតត្រូវ ព្រោះបានទិញមាសទុក តាំងពីឆ្នាំ២០២២ នោះតម្លៃហាងឆេងមាសអន្ដរជាតិ នៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៥ គឺមួយជី 665ដុល្លារ មួយតម្លឹង 6553ដុល្លារ និងមួយគីឡូ 174,703ដុល្លារ ។ ប្រភពថា បើផ្អែកលើគ្រឿងមាស ដែលសោភា ពាក់លើដងខ្លួននោះ មានច្រើនតម្លឹង ហេតុនេះសោភា ប្រាកដជាចំណេញបានរាប់សែនដុល្លារ បើនាងលក់ចេញនៅពេលនេះ ។

តាមប្រភពថា ក្រៅពីពេជ្រ សោភា តារាចូលចិត្តទិញមាសទុក មានដូចជា អ្នកនាងឈួន សុវណ្ណឆៃ និងលោកអ៊ឹម ជីវ៉ា ជាដើម ។ ប៉ុន្ដែក្នុងចំណោមតារាខ្មែរ ទាំងអស់ គឺមានតែអ្នកនាងសុវណ្ណឆៃ ដែលស្រលាញ់និងទិញមាស កុម្មង់ជាសម្ភារៈផ្សេងៗ សម្រាប់ប្រើប្រាស់ ច្រើនជាងគេ មានដូចជា ខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល កាបូបដៃ នាឡិកា ផ្នួងសក់ និងពិសេស សូម្បីតែខ្សែក្រវាត់នាង ក៏ធ្វើពីមាសសុទ្ធដែរ ។ សុវណ្ណឆៃ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថានាងជាអ្នកស្រលាញ់មាស យូរហើយ ទើបពេលទៅចូលរួមកម្មវិធីគេម្ដងៗ គេឃើញនាងពាក់ មាស លេចធ្លោជាងគេ ។ ចំណែកលោក អ៊ឹម ជីវ៉ា មុនមាសឡើងថ្លៃ តាមអ្នកស្និទ្ធលោក បង្ហើបថា ជីវ៉ា បានទិញមាសទុក ដល់ទៅ ២គីឡូ។

មហាជនកត់សម្គាល់ថា ពេជ្រ សោភា អាយុ៤២ឆ្នាំ នៅតែរក្សាបានរូបសម្រស់ស្អាតនិងក្មេងជាងវ័យ ខណៈដែលមួយតួខ្លួននាង កែតែស្លាបច្រមុះប៉ុណ្ណោះ ។ អតីតតារាហង្សមាស ដែលដើរចេញពីទ្រនំចាស់ ជិត២ឆ្នាំនេះ មិនចូលផលិតកម្មថ្មីណាទេ គឺសុខចិត្តធ្វើជាតារាឯករាជ្យ ផលិតបទចម្រៀង ដោយខ្លួនឯង។ ចំណុចពិសេសរបស់សោភា ដែលតារាស្រីផ្សេងៗទៀត មិនអាចធ្វើបានដូចនាងនោះ គឺក្រៅពីរក្សាតំណែងជាតារាលំដាប់កំពូលម្នាក់ រយៈពេល២១ឆ្នាំ (២០០៥-២០២៦) នាងក៏ចេះនិពន្ធទំនុកច្រៀង និង Melody រួមទាំងធ្វើភ្លេងដោយខ្លួនឯងផងដែរ ។ ជំនាញនេះ មានន័យថា សោភា អាចចេញបទចម្រៀងថ្មីៗ នៅពេលណាក៏បានដែរ ។ ប៉ុន្ដែរឿងដែលសោភា ធ្វើឲ្យមហាជនវិលក្បុងនោះ គឺចំណងស្នេហានាង ជាមួយលោកឆឹម សក្កដា ម្ដងផ្អែមល្ហែម ម្ដងសោកក្រោះ ក្រោយភ្ជាប់ពាក្យជាង ៣ឆ្នាំ គ្មានដំណឹងរៀបការជាក់លាក់ឡើយ ។ ប៉ុន្តេអ្វីដែលគួរឲ្យកត់ សម្គាល់នោះ នៅឆ្នាំ២០២៦ សោភា មិនត្រឹមតែឆ្នាំថ្មី រាសីឡើង ព្រោះចំណេញមាស ច្រើនម៉ឺនដុល្លារទេ ប៉ុន្ដែថ្មីៗនេះ នាងទើបឡើងកាលីព ទិញរថយន្ដថ្មីទំនើប ម៉ាក Lamborghini ពណ៌ខ្មៅ តម្លៃខ្ទង់ជាង ៣០ម៉ឺនដុល្លារ ផងដែរ ៕


