Wednesday, February 4, 2026
Homeតារាខ្មែរទេព ពិសិដ្ឋ ឆ្លើយតប ឪហៅអាភ្លេចកំណើត

ទេព ពិសិដ្ឋ ឆ្លើយតប ឪហៅអាភ្លេចកំណើត

ភ្នំពេញ ៖ ក្រោយពេលឪពុកបង្កើត ប្រកាសកាត់កាល់ និងបានហៅខ្លួនថា “អាភ្លេចកំណើត“ បានល្បី មានឪចុង ភ្លេចឪបង្កើត មកនោះ តារាចម្រៀងរ៉េប ទេព ពិសិដ្ឋ បានចេញមកឆ្លើយតបទៅកាន់ឪពុកវិញ ដោយបញ្ជាក់ថា ខ្លួនព្រមចាញ់ ដើម្បីតែមនុស្សខ្លួនស្រលាញ់ គឺរូបគេចង់ប្រាប់ទៅលោកឪពុកថា មកដល់ពេលនេះ រូបគេនៅតែគោរពស្រលាញ់ នឹករលឹក និងដឹងគុណលោកឪពុក មិនដែលស្អប់គាត់ម្ដងណាទេ ហើយគេនឹងទៅលេងគាត់ម្ដងទៀត នៅពេលដែលទំនេរពីការងារ ។

តារាចម្រៀងលោកទេព ពិសិដ្ឋ និងឪពុក

ទេព ពិសិដ្ឋ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “ប៉ា ខ្ញុំមកភ្នំពេញ មកធ្វើការ ប៉ាថាខ្ញុំរត់ចោលស្រុក? ប្រាក់ពាន បានមក ខ្ញុំដកទៅទិញសំម្ភារៈធ្វើការ ព្រោះគ្មានអ្នកណាជួយ តែប៉ាភ្លេចហើយឬ? ផ្ទះថ្មី ប៉ាធ្វើតាមពិតទៅ គ្មានបន្ទប់ខ្ញុំទេ ម៉ាក់លួងប៉ារាប់ខែ ទើបប៉ាធ្វើឲ្យ ខ្ញុំមិនមែនមិនដឹង ប៉ាបានប្រាប់ប្អូនៗឲ្យឈប់ហៅឈ្មោះខ្ញុំ ខ្ញុំឈឺចាប់ ដេកយំរាល់យប់ ។ ប៉ាដឹងអត់ថា ម៉ាក់មិនចង់ចាកចេញទេ តែទ្រាំមើលប៉ាវ៉ៃកូន មិនបាន ទើបម៉ាក់ចាកចេញ ខ្ញុំមិនមែនមិនដឹងថា ប៉ាដៃធ្ងន់ ប៉ះខ្ញុំ មិនអីទេ តែប្អូនៗនៅតូច ប៉ាក៏គួរណាតែលើកលែង ប៉ាដែលមានពេលអង្គុយគិតពីរឿងហ្នឹងអត់? ខ្ញុំជាកូនដែលជ្រើស រើសនៅខាងប៉ា ពេលដែរគ្រួសារបែកបាក់គ្នាដំបូង តែក្នុងចិត្តប៉ា ចងគំនុំមិនដោះលែង ។ ចឹងហើយបានរឿងវាវែងឆ្ងាយចឹង ថាកូនសប្បាយនឹងទីក្រុង? កូនមិនសប្បាយនឹងទីក្រុងទេ គ្រាន់តែការងារកូន មើលទៅដូច សប្បាយ ។ ខ្ញុំជាកូន ទៅលេងប៉ា រហូត ទោះប៉ាប្រាប់ម៉ាក់ថា កុំឲ្យអាឆ្កែនេះ ជាន់ផ្ទះអញទៀតក៏ដោយ ។ បើនិយាយឲ្យស្រួលទៅ ឆាតក៏ខ្ញុំឆាតទៅប៉ា ខលក៏ខ្ញុំខលទៅប៉ា ហើយក៏ជិះទៅលេងប៉ា ហើយក៏សុំឱបប៉ា ។ ប៉ាភ្លេចលឿនម្ល៉េះ ប៉ាសួរតែអ្នកជិតខាង ក៏គេដឹងដែរ ។ ប៉ាដឹងអត់? ខ្ញុំមិនដែលត្រូវការនិងទាមទារលុយប៉ា ឬក៏ចង់បានលុយប៉ា ម្ដងណាទេ តែប៉ា ទៅជាធ្វើបែបនេះ ខ្ញុំមិនដែលជឿទេ ។ គ្រប់ពេលដែលប៉ាជួបមុខខ្ញុំនៅក្រៅ ប៉ាហៅខ្ញុំកូនៗពេញៗម៉ាត់ ខ្ញុំសប្បាយចិត្តណាស់ តែខ្ញុំចេញពីផ្ទះ មិនបានប៉ុន្មានថ្ងៃផង ប៉ា Call ទៅម៉ាក់ ហៅខ្ញុំអាឆ្កែ ។ ម៉ាក់ដើររចេញពីផ្ទះ មិនយកលុយតាមខ្លួន សូម្បី១រៀល ខ្លួនជាស្រី គ្មានលុយណាមកចិញ្ចឹមកូន ខំណាស់ ទម្រាំបាន 5000រៀល 10000រៀល ហើយត្រូវបាញ់ឲ្យខ្ញុំទៀត ព្រោះពេលនោះ ខ្ញុំកំពុងដេញចាប់ក្ដីស្រមៃ ។ បើប៉ាគិតមើលឲ្យវែងឆ្ងាយ ម្ល៉េះណាប៉ានិយាយជាមួយខ្ញុំនិងម៉ាក់ផ្ទាល់មុខគ្នាហើយ រឿងខ្លះ ប៉ាគិតតែម្នាក់ឯង ស្រមៃម្នាក់ឯង រហូតដល់ថ្នាក់គិតថា ការស្រមើស្រមៃមួយហ្នឹង ជាការពិត ។ ខ្ញុំមិនដែលតប ព្រោះខ្ញុំស្រលាញ់ប៉ា តែខ្ញុំក៏មិនអាចឈរមើលប៉ាថាឲ្យម៉ាក់បែបហ្នឹងដែរ ។ ប៉ាវ៉ៃពួកខ្ញុំ ដើម្បីឲ្យអស់ចិត្តខ្លួនឯង ប៉ាធ្វើចុះ តែពួកខ្ញុំព្រមចាញ់ ព្រោះដើម្បីតែមនុស្សខ្លួនស្រលាញ់ ។ មកដល់ពេលនេះ ក៏កូននៅតែស្រលាញ់ប៉ា នឹករលឹកប៉ា នឹងដឹងគុណប៉ា មិនដែលស្អប់ប៉ាម្ដងណាទេ កូនរួចរាល់ការងារពេលណា កូននឹងទៅលេងប៉ាម្ដងទៀត  ហើយក៏សុំទោសអ្នកគ្រប់គ្នា ក៏ដូចជាអ្នកគាំទ្រខ្ញុំទាំងអស់ ដែលធ្វើឲ្យមិនសប្បាយចិត្តនឹងឃើញរឿងបែបនេះ“ ។

គួរបញ្ជាក់ថា ការឆ្លើយតបរបស់ទេព ពិសិដ្ឋ ខាងលើនេះ បានធ្វើឡើង ក្រោយពីលោកទេព កោសល្យ ជាឪពុកបង្កើត បានចេញមកប្រកាសកាត់កាល់កូនប្រុសនេះចោល និងបានហៅកូនប្រុសថា “អាភ្លេចកំណើត“ បានល្បី មានឪចុង ភ្លេចឪបង្កើត ។

លោកទេព កោសល្យ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ពេលនេះ លោកបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន (ភូមិ-ឃុំ) ដើម្បីប្រកាសកាត់កាល់កូនប្រុសបង្កើត ទេព ពិសិដ្ឋ តាមផ្លូវច្បាប់រួចហើយ ប៉ុន្តែលោកនៅទុកឱកាសឲ្យរួបគេសុំទោស ជាសាធារណៈ គឺបើគេយល់ព្រមសុំទោស នូវពាក្យដែលគេបាននិយាយនៅក្នុងបទចម្រៀងថា “គ្មានឪពុក” នោះ លោកនឹងអភ័យទោសឲ្យគេ ឈប់ប្រកាន់ខឹងនឹងគេ និងព្រមទទួលស្គាល់គេជាកូនបង្កើតវិញ ព្រោះការដែលគេនិយាយថា “ជាកូនគ្មានឪ” នេះ លោកមិនអាចទទួលយកបានទេ ខណៈដែលលោកបានផ្ដល់កំណើតដល់គេ និងបានចិញ្ចឹមគេ ទំនុកបម្រុងគេ ឲ្យបានរៀនសូត្រ មុននឹងម្ដាយរបស់គេចុះចោលរូបលោក ទៅមានប្រុសថ្មី ហើយឲ្យកូនទាំងប្រុស ទទួលស្គាល់ប្រុសថ្មីនោះ ជាឪពុកចុង ។ ក្នុងន័យនេះ លោកគ្មានចេតនាជាន់ពន្លិចកូនដែលជាតារាល្បីទេ គឺមានតែរីករាយ និងសប្បាយចិត្តខ្លាំង ពេលកំពុងលេចធ្លោនៅក្នុងវិស័យសិល្បៈ ក្លាយជាមនុស្សរបស់មហាជន តែអ្វីដែលលោកហៅគេជា “កូនអត់កំណើត” ក៏ព្រោះតែគេថា ជាកូនអត់ឪនោះឯង ។ ដូច្នេះលោកសុំឲ្យមហាជន កុំមានការយល់ច្រឡំមកលើរូបលោក ថាតាមព្យាបាទកូន ព្រោះតែឃើញកូនល្បី អ្វីដែលសំខាន់ លោកចង់ឲ្យគ្រប់គ្នាយល់ពីឈឺចាប់របស់លោក ដែលខំលះបង់ដើម្បីប្រពន្ធកូន ចុងក្រោយ ប្រពន្ធបោះបង់ចោល ហើយក្រោយឆ្លងកាត់ការឈឺចាប់ អស់រយៈពេល ៣ឆ្នាំ សម្រេចរៀបការប្រពន្ធថ្មី ក៏មានពាក្យថា ខ្លួនឈ្លក់វង្វេងនឹងប្រពន្ធក្មេង អាយុស្រករកូនប្រុសទៅវិញ ។

ដោយឡែក អ្នកស្រី ជ័យ សុភ័ណ្ឌ ត្រូវជាអតីតភរិយារបស់លោកទេព កោសល្យ និងត្រូវជាម្ដាយបង្កើតរបស់ទេព ពិសិដ្ឋ បានបញ្ជាក់តាមបណ្ដាញសង្គមថា អតីតប្ដីរបស់អ្នកស្រី គឺជាឪពុកបំផ្លាញកូន ហិង្សាលើប្រពន្ធកូន ហើយអ្នកស្រីថា អ្នកស្រីមិនបានហាមឃាត់កូន មិនឲ្យទទួលស្គាល់ឪពុកនោះទេ ផ្ទុយទៅវិញ អតីតប្តីនេះ ធ្លាប់ប្រើអំពើហិង្សាលើគ្រួសារ និងមិនដែលខ្វល់ពីសុខទុក្ខប្រពន្ធកូននោះទេ ៕

RELATED ARTICLES