Friday, February 6, 2026
Homeព័ត៌មានជាតិកម្ពុជា ស្នើបារាំង ផ្តល់បច្ចេកទេសជំនាញ ឯកសារព្រំដែនអន្តរជាតិកម្ពុជា-ថៃ

កម្ពុជា ស្នើបារាំង ផ្តល់បច្ចេកទេសជំនាញ ឯកសារព្រំដែនអន្តរជាតិកម្ពុជា-ថៃ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់ ជូនលោកប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯក សារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ( Ministry of Foreign Affairs and International Cooperation) បានបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិត មួយច្បាប់​ ជូនលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀម ខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេស ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយក្នុងលិខិតនោះ នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំប្រទេសបារាំង​ ពិចារណាផ្តល់ការគាំទ្របច្ចេកទេសជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួលនិងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ ព័ន្ធ នឹងព្រំដែនរអន្តរជាតិ រវាងកម្ពុជា និងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា កម្ពុជា ត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាព តាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើការគំរាមកំ ហែង ឬការប្រើប្រាស់កម្លាំងនោះទេ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិ លេខ ៖ បព ១៥/២០២៦ កបទ.សអ ចុះថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់ ជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិប តី នៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯក សារប្រវត្តិសាស្ត្រ និងបច្ចេកទេស ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិ​ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា។

នៅក្នុងលិខិតនេះ សម្តេចធិបតី បានសម្តែងនូវអំណរគុណយ៉ាងស្មោះរបស់កម្ពុជាចំពោះប្រទេសបារាំង ដែលបានប្រកាន់ជំហរជាគោលការណ៍ គាំទ្រចំពោះបទឈប់បាញ់ រវាងកម្ពុជា និងថៃ ក៏ដូចជាចំពោះការចូលរួមប្រកបដោយស្ថាបនា របស់ប្រទេសបារាំង ក្នុងកិច្ចប្រឹងប្រែងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជា វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់បារាំង ដល់សន្តិភាព ការអភិវឌ្ឍ និងការកសាងជាតិឡើងវិញរបស់កម្ពុជា រាប់ទសវត្សរ៍មកហើយ។ ការរួមចំណែកនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពជាតិកម្ពុជា ហើយព្រមទាំងបានធ្វើឱ្យភាពជាដៃគូពហុវិស័យ រវាងប្រទេសទាំងពីរ កាន់តែមានភាពស៊ីជម្រៅថែមទៀត។

សម្តេចធិបតី បានសង្កត់ធ្ងន់ដែរថា កម្ពុជា ផ្តល់សារៈសំខាន់ចំពោះតួនាទីរបស់បារាំង មិនត្រឹមតែក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដឹកនាំគាំទ្រដ៏ឈានមុខមួយ ចំពោះអភិបាលកិច្ចសកល ច្បាប់អន្តរជាតិ និងពហុភាគីនិយម និងក្នុងនាមជាដៃគូយូរអង្វែង ដែលមានការផ្សារភ្ជាប់ទំនាក់ទំនង តាមរយៈការគោរពគ្នាទៅវិញទៅមក ប្រវត្តិសាស្ត្ររួម និងតម្លៃរួម។

នៅក្នុងបរិបទនេះ សម្តេចធិបតី បានស្នើសុំឱ្យប្រទេសបារាំង ពិចារណាផ្តល់ការគាំទ្របច្ចេកទេសជំនាញ និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួលនិងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេស ពាក់ព័ន្ធនឹងព្រំ ដែនរអន្តរជាតិ រវាងកម្ពុជា និងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។

សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា កម្ពុជា ត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាព តាមរយៈការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនោះទេ។ សម្តេចធិបតី បានសម្តែងជំនឿយ៉ាងមុតមាំថា ការបន្តចូលរួមចំណែករបស់បារាំង នឹងជួយដល់គោលបំណងរួម ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌និងយូរអង្វែង ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងប្រជាជនថែ អាចរូមរស់ជាមួយគ្នាក្នុងសន្តិភាព សន្តិសុខ ភាពជាអ្នកជិត ខាងល្អ និងវិបុលភាព រួមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយៗទៀត។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការដោះស្រាយជម្លោះ ដោយសន្តិវិធី ដោយដាច់ខាតមិនធ្វើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ហើយនិងលើកកម្ពស់ច្បាប់អន្តរជាតិ និងពហុភាគីនិយម ដែលជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល»។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង លោក លុយ ដាវីត បានឲ្យដឹងថា បារាំង បានត្រៀមខ្លួនផ្ដល់ឯកសារចាំបាច់នានា ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ អ្នកឃ្លាំមើលខ្លះបានវាយតម្លៃថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀង និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិ ជាជម្រើសដ៏ចាំបាច់ តែបញ្ហាដែលពិបាកដោះស្រាយនៅពេលនេះ គឺភាពស្មោះត្រង់របស់ភាគីថៃ ក្នុងការបញ្ចប់ជម្លោះព្រំ ដែនដោយសន្តិវិធីជាមួយកម្ពុជា ឱ្យបានឆាប់ តាមដែលអាចធ្វើបាន ព្រោះថៃ នៅតែមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា តទៅទៀត ដោយការប្រើកម្លាំង និងច្បាប់ព្រៃ ៕ ខៀវទុំ

RELATED ARTICLES