ភ្នំពេញៈ លោកបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានបញ្ជាក់ឱ្យដឹងថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ នេះ ពោលគឺរយៈពេល ៩ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជា ក្នុងរាជធានី-ខេត្ត បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង ២៥០ករណី និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចំនួន៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ ៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ។

លោកបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានលើកឡើងដូច្នេះ ក្នុងឱកាសលោកបានដឹកនាំប្រតិភូនៃលេខាធិការដ្ឋាន គ.ប.ឆ.ប ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពី “ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា” ដែលត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធ សភា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ប.ឆ.ប ចំនួន២១៣នាក់។
លោកបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានថ្លែងថា ក្នុងក្របខ័ណ្ឌប្រតិបត្តិការបោសសម្អាតទូទាំងប្រទេស រយៈពេល ៩ខែចុងក្រោយនេះ ជនបរទេសចំនួន ១១ ០០០នាក់ រួមមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន និងថៃ ត្រូវបានបណ្តេញចេញពីកម្ពុជា ពាក់ព័ន្ធ បទល្មើសឆបោកអនឡាញ (Online Scams)។ ជាមួយគ្នានេះ អាជ្ញាធរបាន បន្តចុះត្រួតពិនិត្យទីតាំងដែលមានការសង្ស័យ ក្នុងរាជធានី-ខេត្ត ចំនួនជាង ១០ ០០០កន្លែង ដែលមានវត្តមានជនបរទេសប្រមាណ ៨០ ០០០នាក់ ស្នាក់នៅ ស្មើនឹង ៧៨សញ្ជាតិ។
លោកបណ្ឌិត បានជម្រាបជូនអង្គប្រជុំទៀតថា ក្រុមបោកប្រាស់តាមអនឡាញលែងប្រមូលផ្តុំគ្នានៅក្នុងកាស៊ី ណូ ឬអគារធំៗ ដូចមុនទៀតហើយ ដោយសារកិច្ចខិតខំចុះបង្ក្រាបបានបំបែកសំបុកឧក្រិដ្ឋជនទាំងនោះ។ ក្រុមឧក្រិដ្ឋជនឆបោកដែលនៅសេសសល់ បានរត់គេចពីសមត្ថកិច្ច ដោយបានបំបែកគ្នាជាក្រុមតូចៗ ទៅលបលួចធ្វើសកម្មជួលនៅតាមបុរី ផ្ទះល្វែង ឬខុនដូ ជាលក្ខណៈដាច់ដោយឡែក ហើយបន្លំខ្លួនជាមួយប្រជាពលរដ្ឋ ដើ ម្បីគេចចេញពីការតាមចាប់របស់សមត្ថកិច្ច។
លោក ឆៃ ស៊ីណារិទ្ធ បានពន្យល់អំពីរូបភាពនិងទម្រង់នៃការឆបោក ដែលក្រុមសមត្ថកិច្ចជំនាញបានប្រមូលនិងចងក្រងជាភ័ស្តុតាង រួមមាន ការបោកប្រាស់ក្រោមរូបភាពបង្កើតទំនាក់ទំនងស្នេហា ការឆបោកឱ្យដាក់ទុនក្នុងគម្រោងវិនិយោគដើម្បីទទួលផលចំណេញ ឬការប្រើ កម្មវិធីឈ្នះរង្វាន់ជាធ្នាក់ ដើម្បីឱ្យពលរដ្ឋផ្ទេរប្រាក់ ក៏ដូចជាសកម្មលួចយកទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ និងការបោកប្រាស់ការងារ ដែលផ្តល់ប្រាក់ខែច្រើន ជាដើម។
លោកបណ្ឌិត បានបន្ថែមថា ដើម្បីពង្រឹងប្រសិទ្ធភាពនិងនិរន្តរភាពសម្រាប់ក្នុងការប្រឆាំងអំពើឆបោកអនឡាញនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ហើយនឹងត្រូវឆ្លងព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមេសា ខាងមុខនេះ។ រាជរដ្ឋាភិបាលកម្ពុជា មានការជឿជាក់ថា ច្បាប់នេះ ក្រោយពេលត្រូវបានប្រកាសដាក់ឱ្យអនុវត្តហើយ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានាមិនឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា វិលត្រលប់មកកម្ពុជា វិញឡើយ។
លោក ធន់ វឌ្ឍនា បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល លើការបង្ក្រាបបទល្មើស Online Scam នៅកម្ពុជា នាពេលកន្លងមក ដោយកិច្ចខិតខំទាំងនេះ ត្រូវបានអន្តរជាតិ ទទួលស្គាល់។ ទន្ទឹមនេះ យុទ្ធនាការបោសសម្អាតការឆបោកអនឡាញ បានស្តារ និងការពារមុខមាត់ប្រទេសជាតិឡើងវិញ បន្ទាប់ពីបានរងគ្រោះដោយសារតែក្រុមឧក្រិដ្ឋជនមកពីក្រៅប្រទេស បានយកទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើស។លោកបានបន្តថា កម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀត នៅលើពិភពលោកដែរ គឺជាអ្នករងគ្រោះដោយសារបញ្ហាឆបោកអនឡាញនេះ។

នាឱកាសនោះដែរ អនុប្រធានទី២ ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់អំពីសារៈសំខាន់នៃកិច្ចប្រជុំនាពេលនេះថា បានផ្តល់ឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា បានស្វែងយល់បន្ថែមទៀត អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបនិងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីចូលរួមពាំនាំយកព័ត៌មានទាំងនេះ ទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅ សហគមន៍ តាមបណ្តារាជធានី ខេត្ត ឱ្យបានដឹងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆបោកអន ឡាញ សំដៅធានាសុវត្ថិភាព សន្តិសុខ និងបរិយាកាសល្អសម្រាប់វិស័យទេសចរណ៍ វិនិយោគ និងការអភិវឌ្ឍសង្គមជាតិ៕