Thursday, March 5, 2026
Homeតារាខ្មែរថុល សុភិទិ ធ្វើខួបកំណើតប្រពន្ធ ២៨ឆ្នាំ

ថុល សុភិទិ ធ្វើខួបកំណើតប្រពន្ធ ២៨ឆ្នាំ

ភ្នំពេញ ៖ តារាចម្រៀង ថុល សុភិទិ បានធ្វើខួបកំណើតឲ្យគូស្នេហ៍របស់លោក អ្នកលក់ឡេ Online អ្នកនាងឡុង ម៉ានីន គម្រប់២៨ឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦  ដែលខួបប្រពន្ធឆ្នាំនេះ លោកប្រកាសថា ស្រលាញ់នាងខ្លាំងណាស់ តែមិនបានបង្ហាញកាដូអ្វីខ្លះដែលលោកជូនសំណព្វចិត្តនោះទេ ខណៈដែលខួបភរិយា ឆ្នាំមុន គេចាំបានថា លោកបានលុតជង្គង់ បំពាក់ចិញ្ចៀនពេជ្រ សុំនាងរៀបការ ។ ចំណែកម៉ានីន បង្ហាញរូបផ្អែមល្ហែម ត្រូវប្ដីឱបនៅថ្ងៃពិសេសរបស់ខ្លួន ដែលមើលទៅជីវិតនាងកំពុងតែមានក្ដីសុខជាមួយគូស្នេហ៍ថ្មី ។

សូមបញ្ជាក់ថា ក្រោយថុល សុភិទិ ចាប់ដៃម៉ានីន សាងស្នេហ៍ជិត ៤ឆ្នាំនេះ ពួកគេសល់ទ្រព្យមហាសាល ដោយទិញរថយន្ដលំដាប់អភិជន មានដូចជា ម៉ាក Lamborghini ២គ្រឿង និងរថយន្ដ Rolls Royce មួយគ្រឿង ទៀត រួមទាំងផ្ទះវីឡា ៣ផ្សេងគ្នាង។ មិនត្រឹមតែហ៊ឺហាដល់កំពូលទេ តែភិទិ ថែមទាំងមានអង្គរក្សបើករថយន្ដជូន និងតាមការពារទៀតផង ។ ប្រសិនបើទ្រព្យទាំងនោះ ជាកម្មសិទ្ធិពិតរបស់ភិទិ និងគូស្នេហ៍មែន ច្បាស់ណាស់ថា តារាលេងម៉ូដសាក់រូបនេះ នឹងក្លាយជាតារាមានទ្រព្យច្រើន ក្នុងចំណោមតារារួមជំនាន់ ។ ប៉ុន្ដែមុននេះ អ្នកវិភាគសង្គម លោកសុខ សុគន្ធ ហៅជេម សុខ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និយាយថា អ្នកលក់ Online មិនមែនជាអ្នកមានទេ ហើយអ្នកមានពិត ក៏មិនមែនជាអ្នកលក់ Online ដែរ ដោយលោកថែមទាំងឧទាហរណ៍ជាក់ស្ដែងថា ដូចជាប្រពន្ធមហាសេដ្ឋី គិត ម៉េង (អ្នកឧកញ៉ា ម៉ៅ ចំណាន) តើមានដែលលក់ Online ពីណា ដែលនោះលោកថា ទើបជាអ្នកមានពិត ។

ថ្វីដ្បិតតែថុល សុភិទិ និងគូស្នេហ៍ បង្ហាញក្ដីស្រលាញ់គ្នា ចិត្ត១ថ្លើម១ ប៉ុន្ដែអ្នកទាំងពីរមិនទាន់កំណត់ថ្ងៃ រៀបការឡើយ បើទោះជាបានថត Pre-Wedding ទៅហើយក្ដី ។ ប្រភពថា ការដែល ម៉ានីន ស្រលាញ់ភិទិ ខ្លាំង ព្រោះតែកូនមន្រ្ដីធំផ្កាយ២ រូបនេះ ស្រលាញ់កូនស្រីនាងជាមួយប្ដីមុន នាងដូចជាកូនលោកបង្កើតដែរ ហេតុនេះហើយបានអ្នកនៅក្នុងចង្កោមសិល្បៈថាតារា Gen Musix រូបនេះ «ស្រលាញ់មេ បំពេកូន» ។

គួរបញ្ជាក់ថា ថុល សុភិទិ ជាអតីតបេក្ខភាពដ៏លេចធ្លោម្នាក់ របស់ Cambodian Idol រដូវកាលទី៤ ហើយទោះជាលោកមិនអាចឈ្នះពាន ព្រោះចាញ់លីម តិចម៉េង ប៉ុន្ដែទាំងអាជីពចម្រៀង និងស្នេហា ជោគជ័យព្រមគ្នាតែម្ដង ។ ប៉ុន្តែ Fan និយាយថា ភិទិ តាំងពីប្ដូរផលិតកម្មពីហង្សមាស ទៅជ្រកនៅ Gen Musix លោកមិនសូវលេចធ្លោទេ ព្រោះអត់មានបទល្បីទៀត ខណៈដែលមុននេះ លោកចាប់ដៃជាមួយស្រីស្រស់ ដល់ទៅពីរនាក់ គឺ យ៉ាង ចាន់រតនា និង Iris ក៏មិនមែនជាដៃគូដែលទៀងទាត់ដូចលោក Step និង Sk ដែរ ។ ប៉ុន្ដែតាមសកម្ម ភាពជាក់ស្ដែងដែលភិទិ កាន់លុយដុល្លារ ទាំងបាច់ៗ ជិះរថយន្ដប្រណីត ៣គ្រឿង តម្លៃជិត ២លានដុល្លារ មានអង្គរក្សតាមហែហមនោះ ច្បាស់ណាស់ថា លោកមិនពឹងលើអាជីពចម្រៀង តែមួយច្រកដូចមុនឡើយ ពោលគឺទោះជាលែងច្រៀង ក៏មានលុយចាយមិនអស់ដែរ ។          

ក្រៅពីថុល សុភិទិ តារាដែលយកប្រពន្ធមេម៉ាយ មានដូចជា លោក ជា វិបុល, អ៊ិន សុបញ្ញា ហៅផាណូ, ព្រីង ច័ន្ទបុត្រ, រស់ រាជ្ជសាល និងសាយ រតនៈ ជាដើម ។ ចំណែកមជ្ឈដ្ឋានមហាជន លើកឡើងថា គេឃើញតារាប្រុសល្បីៗ ចាប់ផ្ដើមយកប្រពន្ធជាអ្នកលក់ Online កាន់តែច្រើន នារយៈពេលចុងក្រោយនេះ ព្រោះអាជីពសិល្បៈ មិនទៀងទាត់ឡើយ ៕

RELATED ARTICLES