នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់យុវសិស្សស្រី២នាក់និងម៉ូតូ២គ្រឿងព្រមទាំងស្នប់ជ័រសម្រាប់បាញ់ទឹក២និងប្រើថង់ច្រកទឹកគប់ដាក់គ្នាតាមផ្លូវសាធារណៈ ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចមុខវិទ្យាល័យផ្សារដើមថ្កូវ តាមផ្លូវ១៦៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានប្រាប់ថា ដោយមានការរាយការណ៍ពីលោកនាយកសាលានិងប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈបានមកប្ដឹងអាជ្ញាធរមូដ្ឋានថាមានក្មេងៗសិស្សសាលាបានយកថង់ច្រកទឹក និងយកកាំភ្លើងជ័រ ឬក៏ស្នប់ជ័រដាក់ទឹកយកមកជិះម៉ូតូ ដេញបាញ់សិស្សដូចគ្នាលេងប្រសាចតាមផ្លូវ ដើម្បីអបអររដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខដែលខិតជិតមកដល់ហើយ ធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមផ្លូវ ទើបសមត្ថកិច្ចចុះទៅដល់មុខវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ឃើញមានសិស្សសាលាកំពុងតែនាំគ្នាលេងដូចប្រជាពលរដ្ឋនិងនាយកសាលាប្ដឹងមែន ដោយមានថង់ច្រកទឹករាយ ពេញមុខសាលារៀន ។
ក្នុងហេតុការណ៍គប់ទឹកគ្នានោះមានអ្នកដំណើរទូរស័ព្ទមកប្ដឹងថា ពេលដែលសិស្សគប់ទឹក ដាក់គ្នានោះបែរជាគប់ចំគាត់ធ្វើអោយទទឹកសំលៀកបំពាក់គាត់ទៀតផងសូមអោយ សមត្ថកិច្ចឃាត់យកទៅធ្វើការអប់រំផង ។ ពេលសមត្ថកិច្ចចុះទៅដល់ឃាត់សិស្សស្រី២នាក់ ក៏ត្រូវសមត្ថកិច្ចប្រាប់ឲ្យសិស្សនោះឈប់លេងទៀតនិងចាប់បានសិស្សស្រី២នាក់ ស្នប់ជ័រសម្រាប់បាញ់ទឹកចំនួន២ និងម៉ូតូ២គ្រឿង ដែលសិស្សប្រុសរត់ចោលម៉ូតូ ម៉ូតូទាំង២គ្រឿងម៉ាកស៊ុយសូគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១FE ០៤២៧ ជារបស់សិស្សប្រុស២នាក់និងម៉ូតូម៉ាក ZOOMER.X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១FJ ០៤០៧ ជារបស់សិស្សស្រី២នាក់។
សិស្សស្រីដែលសមត្ថកិច្ចឃាត់បាន២នាក់នោះហៅឪពុកម្តាយអាណាព្យាបាលមកអប់រំ ណែនាំទើបឲ្យត្រឡប់ទៅផ្ទះវិញ ៕