អង់គ្លេស៖ តាមបណ្តាញព័ត៌មានចិនប៉ូលិសចក្រភពអង់គ្លេសបានអះអាងថាចំនួនអ្នកស្លាប់ក្នុងការវាយប្រហារដោយពួកភេរវករនៅខាងក្រៅវិមានរដ្ឋសភាកណ្តាលក្រុងឡុងដ៏របស់អង់គ្លេសកាលពីថ្ងៃពុធនេះបានកើនឡើងដល់៥នាក់ហើយចំណែកអ្នករងរបួសមាន៤០នាក់។
ជំនួយការស្នងការប៉ូលិសក្រុងលោក Mark Rowley បានថ្លែងប្រាប់អ្នកសារព័ត៌មានថាមនុស្សចំនួន៤០នាក់ត្រូវបានរងរបួសក្នុងហេតុការវាយប្រហារនេះ ។
លោក Rowley ដែលជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកប្រឆាំងភេរវកម្មប្រចាំក្រុងនេះថែមទាំងបានបញ្ជាក់ទៀតថាមន្ត្រីប៉ូលិសដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍នេះមានឈ្មោះ Keith Palmer អាយុ៤៨ឆ្នាំនិងបានបម្រើការងារក្នុងអង្គភាពប៉ូលិសអស់រយៈពេល១៥ឆ្នាំហើយ ។
លោកបានលើកឡើងថាលោកនឹងមិនធ្វើអត្ថាធិប្បាយបញ្ជាក់ពីអត្តសញ្ញាណរបស់ភេរវករនោះឡើយ បើទុកជាលោកបានផ្តល់យោបល់ដល់ប៉ូលិសដោយដឹងថាអ្នកណាជាជនដៃដល់នោះយ៉ាងណាក្តី ។
គួរបញ្ជាក់ថាជនអត្តឃាតក៏ដូចជាភេរវករត្រូវបានបាញ់សម្លាប់ក្រោយពីជននោះបានចាក់សម្លាប់លោក Palmer ដែលជាមន្ត្រីប៉ូលិសប្រចាំការនៅច្រកចូលវិមានរដ្ឋសភាអង់គ្លេស និងក្រោយពីជននោះបានបើករថយន្តបុករះអ្នកថ្មើរជើងលើស្ពានមួយឆ្លងទន្លេមួយទល់មុខវិមានរដ្ឋសភារួចមក។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា