Thursday, March 19, 2026
Homeតារាខ្មែរសួ វិចិត្រ ធ្លាយរឿងសុំលែងប្រពន្ធ

សួ វិចិត្រ ធ្លាយរឿងសុំលែងប្រពន្ធ

ភ្នំពេញ ៖ នារីម្នាក់ បានទម្លាយរូបថតនាងរៀបការជាមួយតារាចម្រៀងហង្សមាសលោក សួ វិចិត្រ នៅលើបណ្ដាញសង្គម ទិកតុក ដោយអះអាងថា ពេលនេះ លោកវិចិត្រ បានសុំនាងលែងលះទៅហើយ។ ស្រ្ដីរូបនោះ មានគណនីទិកតុក ឈ្មោះ @pheak7777 ថែមទាំងអះអាងថា លោកវិចិត្រ មានកូនពីរនាក់ ជាមួយនាងទៀតផង ហើយបទចម្រៀង ដែលប្ដីនាងល្បី តាំងពីមុនចូលហង្សមាស «អូនពូកែខឹង» នោះ នាងប្រាប់ទៅ Fan ថា ចម្រៀងមួយនេះពេលលោក សួ វិចិត្រ និងនាង ស្រលាញ់គ្នា ។

នារីឈ្មោះ Pheak ដែលបញ្ចេញរឿងសម្ងាត់ជាមួយ សួ វិចិត្រ នៅលើទិកតុក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ថែមទាំងថា ពាក្យសម្ដីប្ដីគ្រប់ម៉ាត់ និយាយថាស្រលាញ់កូន តែបែរជាដល់ថ្នាក់សុំនាងលែងលះ ហើយពេលនាងនឹកឃើញរឿងនេះ បេះដូងរហែក ។ ប៉ុន្ដែនាងថា ឥឡូវនាងអស់ស្រលាញ់លោកវិចិត្រ ហើយ។ អ្នកនាងភ័ក្រ្ដ (pheak) ក៏បង្ហាញរូបអតីតប្ដី ជិះរថយន្ដម៉ាក MG ពណ៌ខ្មៅ បើកទៅជួបនាងដល់ផ្ទះ ហើយពួកគេបានឱបគ្នា នៅមុខដើមចេក កៀនសំយាបផ្ទះទៀតផង។ ប៉ុន្ដែនាងមិនបានបញ្ជាក់ថា មូលហេតុអ្វីបានជាប្ដីសុំនាងលែងនោះឡើយ គ្រាន់តែថា ពេលនេះនាងមិនសូវសុខប៉ុន្មានទេ ទាំងចិត្តនិងកាយ ហើយពីមុន នាងនិងប្ដី តស៊ូណាស់ រកតែម៉ូតូជិះ គ្មានផង ។

អ្នកយកព័ត៌មាន «នគរធំ» មិនអាចទាក់ទងលោក សួ វិចិត្រ ឲ្យបំភ្លឺរឿងដែលនារីឈ្មោះ Pheak ថាលោកសុំនាងលែងលះនោះបានទេ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ។ យ៉ាងណា ក្រោយមានការទម្លាយរបស់អ្នកនាងភ័ក្រ្ដ បែបនោះមក ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម បានរិះគន់តារាចម្រៀងធ្លាប់មានប្រវត្តិកម្សត់ មកពីខេត្តពោធិ៍សាត់ រូបនេះថា បានល្បីភ្លេចប្រពន្ធកូន និងនារីខ្លះទៀតថា ពួកគេខកចិត្ត ព្រោះស្មានថា លោកវិចិត្រ នៅកំលោះ តែឥឡូវស្រាប់តែធ្លាយរឿងលែងប្រពន្ធកូនពីរ ទៅវិញ ។

គួរបញ្ជាក់ថា ការទម្លាយរបស់នារីម្នាក់ អះអាងខ្លួនជាអតីតប្រពន្ធលោក សួ វិចិត្រ ត្រូវប្ដីសុំលែងលះ នៅពេលនេះ កើតមានចំពេលដែលតារាហង្សមាស រូបនេះ កំពុងតែរៀបចំបើកហាងផឹកស៊ី នៅផ្ទះផ្ទាល់ខ្លួនរបស់លោក នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបញ្ជាក់ថា លោកមានជីវភាពកាន់តែធូរធារ ខណៈលោកវិ ចិត្រ ក៏តែងតែបង្ហាញភាពស្និទ្ធស្នេហ៍ជាមួយតារារួមទ្រនំ កញ្ញា លីន សោម៉ា ផងដែរ រហូតគេសង្ស័យថា ពួកគេជាគូស្នេហ៍ទៀតផង ។ ប៉ុន្ដែគេជឿថា ក្រោយអតីតប្រពន្ធ បង្ហាញរូបរៀបការ និងថាត្រូវ សួ វិចិត្រ សុំលែងលះនេះ មិនត្រឹមតែអ្នកលេងបណ្ដាញសង្គមទេ ដែលភ្ញាក់ផ្អើល សូម្បីតែសោម៉ា ផ្ទាល់ច្បាស់ជាស្រឡាំងកាំងជាង គេជាមិនខាន ព្រោះបុរសដែលនាងទុកចិត្តបំផុត ជិះរថយន្ដតែពីរនាក់ ដូចគូសង្សារនោះ តាមពិតធ្លាប់មានប្រពន្ធនិងកូន ពីរនាក់ទៅហើយ ។

សួ វិចិត្រ ជាម្ចាស់ពាន Beat The Best រដូវកាលទី១ ច្រៀងនៅហង្សមាស ៤ឆ្នាំហើយ ដែលអាចច្រៀងបានច្រើនទម្រង់ តែអ្នកខ្លះថា លោកច្រៀងពេលខ្លះស្រែកខ្លាំងពេក ពិបាកស្ដាប់។ មុនឡើងកូដ ទិញបានឡាននិងផ្ទះព្រមគ្នា វិចិត្រ ធ្លាប់មានប្រវត្តិកម្សត់ ធ្វើសន្ដិសុខយាមផ្ទះសំណាក់ ប៉ុន្ដែពេលនេះ ត្រឹមតែចេញច្រៀង Concert ធំម្ដង ក៏អាចរកលុយបានពាន់ដុល្លារដែរ តែបែរជាមិនអាចរក្សាចំណងស្នេហាជាមួយអតីតប្រពន្ធដែលធ្លាប់មានប្រវត្ដិកម្សត់ជាមួយខ្លួនទៅវិញ។

តាមប្រភពថា សោម៉ា អាចនឹងពិចារណាឡើងវិញ ពីទំនាក់ទំនងជាមួយសិស្សច្បងរូបនេះ ដែលពេលនោះ លោកវិចិត្រ អាចប្រឈម «ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច» ក៏ថាបាន បើសិនជាសោម៉ា សម្រេចចិត្តរក្សាគម្លាតពីលោក ។ ជុំវិញការអះអាងរបស់នារីខាងលើ ថាជាប្រពន្ធពេញច្បាប់ ត្រូវលោក សួ វិចិត្រ សុំលែងលះនេះ «នគរធំ» រង់ចាំការបកស្រាយបំភ្លឺពីលោក សួ វិចិត្រ ជានិច្ច៕

RELATED ARTICLES