Thursday, March 19, 2026
Homeតារាខ្មែរស្រីណូ លក់ឡាយឡុង ជួយជីវិតបងប្រុស

ស្រីណូ លក់ឡាយឡុង ជួយជីវិតបងប្រុស

ភ្នំពេញ ៖ អតីតតារាសម្តែង អ្នកនាង វ៉ាង ស្រីណូ ដែលផ្អាកអាជីពសិល្បៈ ជាច្រើនឆ្នាំ និងកំពុងរស់នៅសហ រដ្ឋអាមេរិក បានប្រកាសលក់ឡាយឡុងកាបូបប្រេនៗ ដែលមានតម្លៃខ្ទង់ពាន់ដុល្លារ ដើម្បីយកប្រាក់ ជួយព្យាបាលជំងឺបងប្រុស ដែលទើបនឹងវះកាត់បេះដូង បានជោគជ័យ តែកំពុងកើតមានបញ្ហារលាកសួតធ្ងន់។

អ្នកនាង វ៉ាង ស្រីណូ បានបង្ហោះវីដេអូ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បង្ហាញពីស្ថានភាពបងប្រុសអ្នកនាង ដែលកំពុងសម្រាកព្យាបាលនៅលើគ្រែពេទ្យ ដោយមានការផ្តល់អុកស៊ីសែនជំនួយដង្ហើម ភ្ជាប់ជាមួយសំណេរថា “ពេលនេះ លោកគ្រូពេទ្យជំនាញ បានជួយសង្គ្រោះបងប្រុសខ្ញុំ ដោយបានវះកាត់បេះដូង បានជោកជ័យហើយ តែស្ថានភាពសួត របស់គាត់ នៅ រលាកខ្លាំង គាត់ទើបតែបានផ្ទេរចេញពីបន្ទប់អាយស៊ីយូទេបងប្អូន ខ្ញុំសុំឱ្យបងប្អូនដែលមានចិត្តសប្បុរស ជួយស៊ែរវីដេអូនេះ ឱ្យឃើញដល់បងៗដែលមានសមត្ថភាពជួយទិញអីវ៉ាន់ខ្ញុំផង កាបូបខ្ញុំ លក់ល្អៗណាស់ តម្លៃពេលនេះ ខ្ញុំលក់ឡាយឡុង ចុះច្រើនណាស់ បងប្អូនជួយទិញបានទាំងចំ ណេញ ហើយថែមទាំងបានជួយជីវិតមនុស្សទៀតផង…”។

តាមរយៈវីដេអូខាងលើ អ្នកនាង វ៉ាង ស្រីណូ បានរៀបរាប់ទាំងទឹកភ្នែកថា “ខ្ញុំចង់និយាយថាអ៊ីចេះ ស្ថានភាពបងខ្ញុំ កំពុងពិបាកប៉ុណ្ណឹងហើយ ហើយគាត់រស់នៅក្រោមបន្ទុករបស់ខ្ញុំ នៅពេលដែលខ្ញុំប្រកាសសុំឱ្យបងប្អូនជួយទិញអីវ៉ាន់ខ្ញុំ ហេតុអីបានជាមានអ្នកខម្មិនមើលងាយខ្ញុំ ខម្មិនជេរ ខម្មិនទើសខ្ញុំថា ហេតុអីបានជាខ្ញុំអួតថា ហាយសូៗ ហើយបែរជាទៅសុំជំនួយ ឱ្យគេជួយទិញអីវ៉ាន់ខ្ញុំវិញ? ខ្ញុំចង់សួរទៅវិញ អ្នកខម្មិន ខ្ញុំចង់សួរថា អ្នក ឯងកំពុងតែធ្វើអីគេ? ហើយអ្នកឯងចង់ឱ្យខ្ញុំជាមនុស្សរបៀបម៉េច ទើបត្រូវចិត្តរបស់អ្នកឯង? ខ្ញុំកំពុងតែកតញ្ញូជាមួយអ្នកមានគុណ កតញ្ញូជាមួយបងប្អូន ស្រលាញ់បងប្អូន ឱបក្រសោបបងប្អូន ខ្ញុំសុំឱ្យគេជួយទិញអីវ៉ាន់ខ្ញុំ ដើម្បីឱ្យខ្ញុំបានលុយមួយចំនួន យកទៅជួយសម្រួលដល់ការព្យាបាលជំងឺ ដើម្បីសង្គ្រោះជីវិតមនុស្ស សង្គ្រោះជីវិតបងប្រុសបង្កើតរបស់ខ្ញុំ ហើយគិតថាខ្ញុំនិយាយលេងសើច មែន ដែលស្ថានភាពបងខ្ញុំ ដល់កម្រិតហ្នឹងនេះ? គិតថាខ្ញុំសុំឱ្យបងប្អូនជួយទិញអីវ៉ាន់ខ្ញុំហ្នឹង ជារឿងប្រឌិត ជារឿងលេងសើចមែន?» ។

វ៉ាង ស្រីណូ បន្តថា «ឥឡូវបងប្អូនឃើញផ្ទាល់ភ្នែកហើយថាម៉េច ស្ថានភាពរបស់គាត់ ធ្ងន់ធ្ងរណាស់ បេះដូងគាត់ហ្នឹង គឺធ្វើទុក្ខយូរហើយ ហើយគាត់វះ ១លើករួចហើយ ហើយខ្ញុំក៏ជាអ្នកជំហរឱ្យគាត់ដែរ កាលពី ៨ឆ្នាំមុន ខ្ញុំអត់ដែលទាំងប្រាប់ឱ្យបងប្អូនក្នុងសង្គម ក្នុងហ្វេសប៊ុក ដឹងផង ខ្ញុំរ៉ាប់រងម្នាក់ឯង ឥឡូវគាត់ពិបាកជាលើកទី២ គាត់វះកាត់ជាលើកទី២ វាផ្ទួនៗចំពេលខ្ញុំដាក់ស្តុកអីវ៉ាន់អស់រាបសែនដុល្លារ មុនពេលដែលខ្ញុំមកអាមេរិក នេះ ហើយខ្ញុំក៏អត់ដឹងថា ស្ថានភាពគាត់ត្រូវសង្គ្រោះភ្លាមៗបែបហ្នឹងដែរ គាត់លាក់ គាត់លាក់ខ្ញុំរហូត ខ្ញុំសួរគាត់លើកណាថា បងឯងសុខសប្បាយអត់ បងឯងស្រួលខ្លួនអត់? គាត់ថា គាត់ស្រួលខ្លួន អត់មានពិបាកអីសោះក្នុងខ្លួន គាត់ថាគាត់ស្រួលរហូត គាត់អត់ដែលប្រាប់ខ្ញុំទេ ខ្លាចប្អូនពិបាក ហើយអត់ដែលទាមទារ អត់ដែលសុំអីពីខ្ញុំទាំងអស់ រស់នៅគឺស្លូតបូតណាស់ អត់ចេះមាត់ចេះក ឈឺក៏មិនដែលនិយាយថាខ្លួនឯងឈឺទៀត កុហកយើងទៀត ទៅពេទ្យប៉ុន្មានដង ហើយព្យាបាលមិនទាន់ជា រត់ចេញពីពេទ្យមក ដោយសារតែគាត់មានបញ្ហាខួរក្បាល ឈាមវាកកពេញខួរក្បាល បេះដូងគាត់បាញ់ឈាមអត់ល្អ ចូលក្នុងខួរក្បាល ហើយគាត់គិតអីអត់បានវែងឆ្ងាយទេ ដូចកូនក្មេងអ៊ីចឹង គាត់រត់ចេញពីពេទ្យ គាត់មិនចង់ទទួលការព្យាបាលជាច្រើនលើកច្រើន សារ ទើបអាការរបស់គាត់ ទៅជាធ្ងន់ខ្លាំង ត្រូវវះកាត់លើកទី២ ហើយខ្ញុំសុំឱ្យបងប្អូនជួយ ខ្ញុំអត់បានកុហកទេ វាជាការពិត ហើយបើសិនជាបងប្អូនដែលគាត់បានឃើញហើយ មានការអាណិតអាសូរ ខ្ញុំគ្រាន់តែសុំឱ្យជួយទិញអីវ៉ាន់ខ្ញុំទេ ពីព្រោះអ្វីដែលខ្ញុំអាចធ្វើបានពេលនេះ គឺការលក់បញ្ចេញអីវ៉ាន់ឡាយឡុង លក់ថោក លក់បញ្ចុះតម្លៃមែន!»។

អ្នកនាង វ៉ាង ស្រីណូ បន្តទៀតថា «ពេលនេះ គឺជាពេលដែលខ្ញុំមានបញ្ហា មនុស្សណាក៏ចេះមានបញ្ហាដែរបងប្អូន ហើយរឿងមនុស្សយើង អ្នករកស៊ី យើងត្រូវការបំផុត គឺលក់របស់ដែលយើងមានក្នុងដៃ ក្នុងស្តុកហ្នឹងហើយ យើងអត់អាចទៅលក់ទ្រព្យណាទាន់ទេ អត់មានអ្នកទិញទេបង ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លីដុំៗធំៗ សំណាងខ្លាំងណាស់ទើបយើងអាចលក់បាន ហើយជំហរដែលខ្ញុំត្រូវមើលត្រូវព្យាបាលគាត់ មិនមែនតិចទេ បញ្ហាបេះដូងហ្នឹង វះកាត់ កន្លែងដែលវះកាត់ គឺបានសម្រេចហើយ ប៉ុន្តែនៅបញ្ហាសួតគាត់ទៀត សួតគាត់ហើម ត្រូវញ៉ុកបំពង់តាមក នៅអាយស៊ីយូ ច្រើនថ្ងៃណាស់បងប្អូន អត់បានហូបចុកអីទេ ស្ថានភាពជំងឺគាត់គឺខ្សោយទៅៗ ហើយខ្លួនប្រាណគាត់ អត់មានកម្លាំងទេ សួតរបស់គាត់នេះ បើសិនព្យាបាលទាន់ពេលវេលា ជារហ័ស និងអាការជំងឺគាត់ កាន់តែប្រសើរឡើង តែបើសិនជាអាការសួតរបស់គាត់ហ្នឹង អត់ព្យាបាលបានលឿនរហ័ស អត់ធូរស្បើយទេ គាត់មិនងាយស្រួលក្នុងការព្យាបាលទេបងប្អូន។ អ៊ីចឹងខ្ញុំសូមលើកម្រាមដៃ១០ អំពាវនាវដល់បងប្អូនណាដែលធ្លាប់ស្រលាញ់ ធ្លាប់អាណិត ជាហ្វេនខ្ញុំក្តី ឃើញអាការបងប្រុសខ្ញុំ បើឃើញដឹងថាគាត់ពិបាកអ៊ីចឹងហើយ បងប្អូនមានចិត្តសទ្ធា ចិត្តបុណ្យ ចង់ជួយ បងប្អូនមិនបាច់ចាំជួយជាលុយ ក៏បានដែរ សុំឱ្យបងប្អូនជួយទិញអីវ៉ាន់ ឬក៏ជួយ Like ជួយ Share ឱ្យព័ត៌មាននេះឃើញដល់អ្នកដែលគាត់មានលទ្ធភាពទិញអីវ៉ាន់ បងប្អូនបានធ្វើបុណ្យហើយ ទៅដល់ចំកន្លែងតែម្តង…”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ អ្នកនាង វ៉ាង ស្រីណូ បានបង្ហោះវីដេអូមួយ បង្ហាញពីស្ថានភាពបងប្រុសរបស់អ្នកនាង ដែលទើបនឹងផ្ទេរចេញពីបន្ទប់សង្គ្រោះបន្ទាន់ (ICU) ទាំងអាការហាក់នៅធ្ងន់ធ្ងរនៅ ឡើយ ដោយបំពាក់ឧបករណ៍ជំនួយដង្ហើម (អុកស៊ីសែន) ចំណែកដៃម្ខាងទាញកន្ត្រាក់ញ័រៗ ដោយភ្ជាប់ជាមួយសំណេររៀបរាប់ថា “ទឹកភ្នែកហូរមកទប់មិនជាប់ទេ អាណិតបងណាស់ បងត្រូវស៊ូៗណាបង បងត្រូវតែជា ចូល វះកាត់ តាំងពីថ្ងៃ១១ ទើបបានផ្ទេរចេញពីបន្ទប់ ICU មិនបានជួបសាច់ញាតិ ជាច្រើនថ្ងៃ បងពិបាកពេក ហើយនៅក្នុងអារម្មណ៍បង ពិបាកយ៉ាងណាទៅ? ត្រូវឆ្លងការវះកាត់ដ៏ធំម្នាក់ឯង ដឹងខ្លួនហើយក៏មិនឃើញបងប្អូន ព្រោះត្រូវបន្តនៅក្នុងបន្ទប់ ICU ជាច្រើនថ្ងៃ អត់បានហូបអីទៀត ព្រោះត្រូវសុងទុយោ ទៅស្អំសួតដែលរលាកខ្លាំង មិនអាចហូបអីបាន បងហេវហត់យ៉ាងណាទៅ? ប្អូនសូមជូនពរបង ឱ្យឆាប់ជាសះស្បើយ ឆ្លងផុតការលំបាកមួយនេះ…”។

គួរបញ្ជាក់ថា អតីតតារាសម្តែងសិចស៊ី អ្នកនាង វ៉ាង ស្រីណូ កំពុងរស់នៅសហរដ្ឋអាមេរិក និងប្រកបអាជីវកម្មលក់ទំនិញអនឡាញ និងត្រូវរ៉ាប់រងលើជីវភាពគ្រួសារទាំងមូល ស្រាប់តែថ្មីៗនេះ បងប្រុសរបស់អ្នកនាង ត្រូវវះកាត់បេះដូង ជាលើកទី២ ដែលជាមូលហេតុនាំឱ្យអ្នកនាងត្រូវខិតខំរកថវិកាជាបន្ទាន់ តាមរយៈការប្រកាសលក់ឡាយឡុងកាបូប តែបែរជាទទួលរងការរិះគន់ថា ជាមនុស្សហាយសូ បែរជាលើកដៃសុំជំនួយព្យាបាលជំងឺ បងប្រុសទៅវិញ ធ្វើឱ្យអតីតតារាស្រីរូបនេះ មានអារម្មណ៍ហួសចិត្តនិងឈឺចាប់យ៉ាងខ្លាំង ចំពោះមតិអវិជ្ជមានមួយចំនួន ដែលចូលមករិះគន់ ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងបញ្ហាគ្រួសារយ៉ាងលំបាក។

ឆ្លើយតបទៅនឹងការរិះគន់ទាំងនោះ អ្នកនាង វ៉ាង ស្រីណូ បានបញ្ជាក់ថា ការសំពះសុំជំនួយរបស់អ្នកនាង គឺគ្រាន់តែស្នើសុំឱ្យមហាជនជួយគាំទ្រ ដោយការទិញទំនិញ (ឡាយឡុង) ប៉ុណ្ណោះ មិនមែនជាការសុំប្រាក់ឧបត្ថម្ភដោយផ្ទាល់ឡើយ។ អ្នកនាងថា “បើមិនទិញ ខ្ញុំក៏មិនខឹងដែរ ហើយហេតុអ្វីត្រូវមករិះគន់ខ្ញុំ នៅពេលដែលខ្ញុំកំពុងមានទុក្ខបែបនេះ…”៕ ដារិទ្ធ

RELATED ARTICLES