ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសតូចម្នាក់ បានដើរតាមឪពុករបស់ខ្លួន ទៅបេះផ្លែត្របែក នៅខាងក្រោយផ្ទះ លុះឪពុកភ្លេចខ្លួនមួយភ្លែត កូនប្រុសបានចុះលេងទឹកស្រះ បណ្តាឱ្យលង់ស្លាប់។

ករណីក្មេងលង់ទឹកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចស្រះទឹក ក្រោយផ្ទះ ស្ថិតក្នុងភូមិវាលល្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះអ៊ុត រ៉ាវីន អាយុ៦ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ មានលំនៅ ក្នុងភូមិវាលល្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាឪពុករបស់ក្មេងប្រសុរងគ្រោះ បានទៅបេះផ្លែត្របែក នៅខាងក្រោយផ្ទះ ស្ថិតនៅក្នុងភូមិវាលល្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចម្ងាយប្រ មាណ ១៣០ម៉ែត្រ ពីផ្ទះ បន្ទាប់មកក្មេងប្រុសរងគ្រោះ ឈ្មោះអ៊ុត រ៉ាវីន បានដើរទៅតាម លុះក្រោយមក ក្មេងប្រុសបានចុះងូតទឹកស្រះ បណ្តាលឱ្យលង់ស្លាប់ទោះបីជាឪពុកព្យាយាមស្រង់កូនចេញពីទឹក ក៏មិនអាចជួយសង្គ្រោះបានដែរ។
ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ដោយមានការចូលរួមលោកអធិការងព្រហ្មទណ្ឌ លោកនាយផ្នែកពិនិត្យវិភាគ លោកនាយប៉ុស្តិ៍នគរបាលកាត់ភ្លុក លោកមេឃុំកាត់ភ្លុក លោកមេភូមិវាលល្វាង ផងដែរ។
តាមការបំភ្លឺពីបុរសឈ្មោះ អូន ផល់ អាយុ៣៨ឆ្នាំ ត្រូវជាឪពុករបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ថា កូនរបស់គាត់ (ក្មេងប្រុសរងគ្រោះ) បានទៅតាមខ្លួន ដើម្បីបេះផ្លែត្របែក នៅមាត់ស្រះទឹកខាងលើ ខណៈពេលកំពុងតែបេះផ្លែត្របែកនោះ ខ្លួនជាឪពុកភ្លេចខ្លួនមួយភ្លែត ស្រាប់តែកូនប្រុសបានចុះលេងទឹកស្រះ បណ្តាលឱ្យលង់ ពេលឃើញកូនលង់ទឹក គាត់បានរត់ទៅស្រង់ ដើម្បីយកទៅសង្គ្រោះដែរ តែអកុសល កូនបានស្លាប់បាត់ទៅហើយ។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕