ភ្នំពេញ ៖ ក្នុងវ័យ ៤២ឆ្នាំ អតីតតារាហង្សមាស ពេជ្រ សោភា ដែលជិះរថយន្ដទំនើប ២គ្រឿង គឺម៉ាក Lamborghini និងMercedes ឆ្លាស់គ្នា យ៉ាងកាលីព ថ្មីៗនេះ នាងទើបទិញរថយន្ដទំនើប ម៉ាក Mercedes មួយគ្រឿងទៀត ដែលគិតពីតម្លៃរថយន្ដ ទាំង៣គ្រឿង សោភា ចំណាយជាងកន្លះលានដុល្លារ ។ នេះជាការប្ដូរចិត្ត ៣៦០ដឺក្រេ ព្រោះអំឡុងច្រៀងនៅហង្សមាស កាលពីឆ្នាំ២០១៥ សោភា ជិះតែរថយន្ដមួយគ្រឿងប៉ុណ្ណោះ គឺ Lexus Rx300 ហើយនាងថាគ្មានបំណងលេងរថយន្ដឡើយ ព្រោះគិតថា ជីវិតមនុស្ស អ្វីដែលសំខាន់បំផុត គឺផ្ទះ ដោយសារឡាន មិនមានកន្លែងធ្វើម្ហូប ដាំបាយ បានទេ ។ ប៉ុន្ដែរំលង ១១ឆ្នាំ សោភា បែរជាហ៊ានជះលុយដុល្លារ ទាំងដុំៗ លេងម៉ូដឡាន មិនចាញ់តារាបរទេសឡើយ ដែលនៅឆ្នាំ២០២៦ នេះ នាងស្ថិតក្នុងចំណោមតារាជិះរថយន្ដថ្លៃៗ មានដូចជា លោកព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ, វណ្ណដា, ងួន ចាន់ដេវីត, ថុល សុភិទិ និងខាត់ សុឃីម ជាដើម ។ ប៉ុន្ដែមិនដូចតារាខាងលើដែលសុទ្ធតែមានកងអង្គរក្សតាមការពារ និងបើករថយន្ដជូននោះទេ ព្រោះសោភា ទៅណាមកណា តែងតែកាន់ចង្កូតឡានខ្លួនឯង ឬពេលខ្លះ ពឹងលោកឆឹម សក្កដា ដែលគេសង្ស័យថាជាសង្សារក្លែងក្លាយ កាន់ចង្កូតឡាន ឲ្យនាងម្ដងម្កាលប៉ុណ្ណោះ ។

ចំពោះការលេងម៉ូដរថយន្ដ នៅពេលនេះដែរ បញ្ជាក់ថា សោភា នៅតែរកប្រាក់ចំណូលបានខ្ពស់ ក្រោយចេញពីហង្សមាស ហើយតាមព័ត៌មានថា ការទិញរថយន្ដទំនើបៗនេះ បន្ទាប់ពីសោភា មានផ្ទះផ្ទាល់ខ្លួន មិនក្រោម ៣ទីតាំង ក្នុងនោះមានទាំងវីឡាប្រណិតទៀតផង ។ ប៉ុន្ដែសោភា មិនដែលទម្លាយពីចំនួនទ្រព្យសម្បត្តិថា នាងមានលុយប៉ុន្មាននោះទេ គ្រាន់តែអំឡុងទីផ្សារហាងឆេងមាសឡើងថ្លៃ មុននេះ សោភា បង្ហើបថា នាងចំណេញច្រើន ព្រោះនាងជាអ្នកស្រលាញ់ចូលចិត្តមាស ទើបចេះតែទិញមាសទុក។


មានការកត់សម្គាល់ថា អំឡុងពេលដែលពេជ្រ សោភា កំពុងតែមានក្ដីសុខក្នុងជីវិត ព្រោះទិញរថយន្ដក្នុងក្ដីស្រមៃ បានដូចប្រាថ្នានេះដែរ ងាកមកមើលលោកឆឹម សក្កដា ដែលជាគូដណ្ដឹងរបស់នាងវិញ ក្រៅពីបន្ដលេបថ្នាំ ជាប្រចាំ ប្រឆាំងជំងឺបាក់ទឹកចិត្ត (depression) នោះលោកថែមទាំងត្អូញថា វាសនាលោកចារ មកមិនឲ្យលោកមានគូ បើទោះជាលោកខំជម្នះយ៉ាងណាក៏ដោយ តែអ្វីដែលលោកទទួលបាន គឺការឈឺចាប់ រហែកបេះដូងទៅវិញ។ ប៉ុន្ដែនៅឆ្នាំ២០២៦ នេះ លោកសក្កដា ស្ងាត់រឿងចង់បញ្ចប់ជីវិតដោយធ្វើអត្តឃាត ក្រោយមានការលួងលោមច្រើន ពីមិត្តរួមអាជីព ខណៈដែលពាក់ព័ន្ធគូដណ្ដឹងលែងចង់មានជីវិតរស់នេះ សោភា ធ្លាប់ប្រាប់ថា នាងមិនបានដឹងអ្វីទាំងអស់ ។


សូមបញ្ជាក់ថា មុនពេជ្រ សោភា ចាប់ផ្ដើមលេងម៉ូដរថយន្ដលំដាប់សេដ្ឋិនីនេះ កន្លងតារាស្រីមានទ្រព្យច្រើនក្នុងពិភពសិល្បៈ មានដូចជា អ្នកនាងយុគ ចិន្ដា, គង់ សុជាតិ, ខាត់ សុឃីម និងកែវ ស្រីនាង ជាដើម ព្រោះតែតារាទាំងនោះ មានផ្ទះ ដីធ្លីជាច្រើនកន្លែង រួមទាំងការលេងរថយន្ដប្រណិតៗជាដើម ។ ប៉ុន្ដែពេលនេះ គេចាប់អា រម្មណ៍ថា សោភា ក៏មានទ្រព្យមិនធម្មតាដែរ បើទោះជានាងមិនចូលចិត្តបង្អួតទ្រព្យ ជាគ្រឿងពេជ្រ ទាំងឈុតៗដូចគេ ហើយពេលខ្លះ អង្គុយ Live លក់ជ្រក់ជើងមាន់ក្ដី តែគេប្រមាណថា សោភា មានទ្រព្យសរុប មិនក្រោមលានដុល្លារទេ ។ ចំពោះការសម្រេចគោលដៅជីវិតរបស់សោភា នៅឆ្នា២០២៦ តាមរយៈការទិញបានរថយន្ដក្នុងក្ដីសុបិន ជាបន្ដបន្ទាប់នេះ បញ្ជាក់ថា ជំងឺឈាមសស៊ីឈាមក្រហម របស់នាង មិនមែនជាឧបសគ្គបិទផ្លូវជីវិតនាងទេ ទោះជាត្រូវលេបថ្នាំអស់មួយជីវិតក្ដី ។ ប៉ុន្ដែអ្នកខ្លះនៅតែយល់ថា ទោះជាសោភា មានលុយច្រើនយ៉ាង ណា ក៏នាងនៅតែមិនទាន់ទទួលបានភាពកក់ក្ដៅក្នុងជីវិតពិតប្រាកដដែរ ព្រោះតារាវ័យស្របាលៗនាង ពួកគេមានប្ដីនិងកូន ២ឬ៣នាក់អស់ទៅហើយ តែនាងប្រើជីវិតជាស្រ្ដីមេម៉ាយ ១០ឆ្នាំ និងពេលនេះ មិនច្បាស់ថ្ងៃរៀប ការ ៕


