ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ជនជាតិចិន ម្នាក់ ដែលថា មកកម្ពុជា មានការស្មុគស្មាញក្នុងការរៀបឯកសារ ដោយប្រើពេលវេលា ៣-៤ម៉ោង ទើបបានចេញពីអាកាសយានដ្ឋាន។

តាមការបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដំណើរដើមទងនៃរឿងនេះ គឺមានអ្នកទេសចរ ជនជាតិចិន មួយរូ បឈ្មោះ PENG ZHILEI ភេទប្រុស ធ្វើដំណើរតាមជើងហោះហើរលេខ K6-669 (CAN-KTI) ចូលមកកម្ពុជាក្នុង គោលបំណងទេសចរណ៍។ ប៉ុន្តែក្រោយពីមន្ត្រីនគរបាលអន្តោប្រ វេសន៍ ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ សាកសួរ រកឃើញថា រូបគេមិនមានសំបុត្រយន្តហោះសម្រាប់ការត្រឡប់ទៅវិញទេ គឺមានតែសំបុត្រយន្តហោះចូលមកព្រះរាជាណាចក្រកម្ពុជា (One way ticket)។ ហេតុនេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ បានណែនាំតម្រូវឱ្យសាមីខ្លួន ត្រូវទិញសំបុត្រយន្តហោះសម្រាប់ត្រឡប់ទៅវិញ ទើបអនុញ្ញាតឱ្យចូលមកកម្ពុជា។ ក្រោយពីសាមីខ្លួនបានទិញសំបុត្រយន្តហោះសម្រាប់ការត្រឡប់ទៅវិញ រួចរាល់ រូបគេក៏ត្រូវបានអនុញ្ញាតឱ្យចូលមកកម្ពុជា។
ជាមួយគ្នានេះ រូបគេក៏បានថតផ្សាយតាមបណ្តាញសង្គម Tik Tok ផ្ទាល់ខ្លួន ដោយបានលើកឡើងថា “កុំមកកម្ពុជា ៗៗៗ… មានការស្មុគស្មាញក្នុងការរៀបឯកសារ… ដោយប្រើពេលវេលា៣-៤ម៉ោង… ទើបគាត់បានចេញពីអាកាសយានដ្ឋាន”។ នៅចុងវីដេអូរបស់បុរសជនជាតិចិននោះ ក៏បានបញ្ជាក់ដែរ អំពីតម្រូវការឯកសារដែលកម្ពុជា បានកំណត់ បើអ្នកមកជាលក្ខណៈទេសចរណ៍ តម្រូវមានឯកសារអ្វីខ្លះ? មកជាលក្ខណៈការងារត្រូវត្រៀមឯកសារអ្វីខ្លះ? បុរសជនជាតិចិន នោះ ក៏បានណែនាំដល់ជនជាតិចិន ផ្សេងទៀតដែលមានបំណងមកប្រទេសកម្ពុជា ត្រូវរៀបចំឯកសារឱ្យបានត្រឹមត្រូវ លក្ខណៈទេសចរណ៍ ឬមកធ្វើការងារ?
តាមខ្លឹមសារនៃសារដែលបុរសជនជាតិចិន បានបង្ហោះខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថា រូបគេទទួល ស្គាល់ការរឹតបន្តឹងនិងការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺសមស្របសម្រាប់ការចូល-ចេញព្រះរាជាណាចក្រកម្ពុជា និងទប់ស្កាត់ការហូរចូលនៃជនបរទេសដែលមាន បំណងចូលមកធ្វើសកម្មភាពណាមួយដោយខុសច្បាប់…៕