
ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា រាល់ការងារសុចរិត ជាសសរស្ដម្ភទ្រទ្រង់សេដ្ឋកិច្ចជាតិ ឆ្លុះបញ្ចាំងតាមរយៈខ្លឹមសារអប់រំ៣ គឺកុំរើសអើងការងារ មានវិជ្ជាជីវៈ និងសីលធម៌ និងធ្វើសកម្មភាពជាក់ស្ដែង ។ ជាមួយគ្នានោះ អ្នកវិភាគ ក៏បានលើកឡើងថា ទំនុកចិត្ត ជាទុនមហាសាល នៃមេដឹកនាំមូលដ្ឋាន ក្នុងយុគសម័យឌីជីថល ។ ដូច្នេះដើម្បីឲ្យពលរដ្ឋ មានទំនុកចិត្ត មានស្នាមញឺញម មេដឹកនាំ ត្រូវបង្ហាញចេញគ្រប់ពេលវេលា និងគ្រប់កាលៈទេស: នូវបេះដូង និងមនសិការ ព្រោះកាលណាយើងប្រើបញ្ញា ដើម្បីបម្រើរាស្ត្រ ឱ្យបានលឿននិងច្បាស់លាស់ នោះស្នាមញញឹមរបស់ពលរដ្ឋ នឹងក្លាយជាគ្រឿងឥស្សរិយយសដ៏ពិតប្រាកដ របស់មេដឹកនាំគ្រប់រូប ។
លោក សេក សុជាតិ អ្នកវិភាគនយោបាយ-សង្គម និងជាអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត-ការស្រាវជ្រាវ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ថា “សេចក្ដីថ្លៃថ្នូរនៃពលកម្ម ៖ រាល់ការងារសុចរិត គឺជាការកសាងជាតិ!
ការស្រឡាញ់ជាតិ មិនមែនវាស់វែងត្រឹមតែលើឋានៈឬបុណ្យស័ក្តិឡើយ ប៉ុន្តែវាស្ថិតនៅលើការបំពេញភារកិច្ចដោយការទទួលខុសត្រូវ និងសេចក្ដីថ្លៃថ្នូរ។ មិនថាអ្នកជាកសិករ អ្នកអនាម័យ អាជីវករ គ្រូបង្រៀន ឬមន្ត្រីរាជការ ដរាបណាអ្នកធ្វើការងារដោយភាពស្មោះត្រង់ នោះអ្នកគឺជា “សសរស្តម្ភ” ដ៏សំខាន់ដែលកំពុងទ្រទ្រង់សេដ្ឋកិច្ចជាតិ។
“គ្មានការងារណាដែលថោកទាបឡើយ ប្រសិនបើវាជាការងារសុចរិត។ តម្លៃរបស់មនុស្ស មិនមែនស្ថិតនៅលើអ្វីដែលគេធ្វើនោះទេ ប៉ុន្តែស្ថិតនៅលើរបៀបដែលគេធ្វើវា ដោយមនសិការ និងការទទួលខុសត្រូវ”។
ខ្លឹមសារអប់រំសម្រាប់ថ្ងៃនេះ ៖
១. កុំរើសអើងការងារ ៖
ជាតិសាសន៍ដែលរុងរឿង គឺជាជាតិសាសន៍ដែលពលរដ្ឋមិនខ្ជិលច្រអូស និងមិនមើលងាយការងារដែលប្រើកម្លាំង។ រាល់តំណក់ញើសដែលហូរចេញពីពលកម្មសុចរិត គឺជាមោទនភាពដែលជួយកាត់បន្ថយភាពក្រីក្រ និងបង្កើនផលិតភាពជាតិ។
២. វិជ្ជាជីវៈ និងសីលធម៌ ៖
ការធ្វើការងារ ឱ្យអស់ពីចិត្ត មិនបោកប្រាស់អតិថិជន មិនកេងចំណេញម៉ោងរដ្ឋ និងការរក្សាគុណភាពការងារ គឺជាការបង្ហាញពីស្មារតីជាតិនិយមជាក់ស្ដែង។ នៅពេលយើងម្នាក់ៗធ្វើការងារបានល្អ ប្រទេសជាតិ នឹងរីកចម្រើនដោយស្វ័យប្រវត្តិ។
៣. សកម្មភាពជាក់ស្ដែង ៖
ផ្ដល់ការគោរពដល់អ្នកធ្វើការងារគ្រប់មជ្ឈដ្ឋាន។ បណ្ដុះទម្លាប់ឧស្សាហ៍ព្យាយាម ដល់កូនចៅ និងយុវជនជំនាន់ក្រោយ។ ចងចាំថា “ពលកម្ម គឺជាមាតានៃទ្រព្យសម្បត្តិ” ហើយទ្រព្យសម្បត្តិបុគ្គល គឺជាគ្រឹះនៃទ្រព្យសម្បត្តិជាតិ។
តម្លៃសម្រាប់ប្រជាជាតិ ៖
កាលណាពលរដ្ឋគ្រប់រូប មានមោទនភាពលើការងាររបស់ខ្លួន និងធ្វើវាដោយគុណភាព នោះផលិតផលនិងសេវាកម្មរបស់ខ្មែរ នឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ សង្គមដែលមានវប្បធម៌ “តម្កើងពលកម្ម” គឺជាសង្គមដែលមានភាពរស់រវើក និងមិនចេះរីងស្ងួតនូវធនធាន។
ពាក្យស្លោកប្រចាំថ្ងៃ ៖
“ពលកម្មសុចរិត បង្កើតតម្លៃពិតនៃជាតិសាសន៍!” ។
លោក សេក សុជាតិ បានសរសេរបន្ថែម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ថា “ទំនុកចិត្ត៖ ទុនមហាសាលនៃមេដឹកនាំមូលដ្ឋានក្នុងយុគសម័យឌីជីថល
បញ្ហាប្រឈម ៖ «គម្លាតរវាងការសន្យា និងការអនុវត្ត»
នៅក្នុងការងារដឹកនាំមូលដ្ឋាន អ្វីដែលពិបាកសាងបំផុតគឺ «ជំនឿចិត្ត» ពីសំណាក់ពលរដ្ឋ។ នៅពេលដែលមេដឹកនាំ មានបំណងល្អ ចង់ដោះស្រាយបញ្ហាឱ្យបានលឿន ប៉ុន្តែដោយសារកង្វះធនធាន កង្វះទិន្នន័យ និងភាពយឺតយ៉ាវនៃប្រព័ន្ធការងារ បែរជាធ្វើឱ្យពលរដ្ឋមានអារម្មណ៍ថា “មេដឹកនាំ មិនខ្វល់”។ គម្លាតនេះហើយ ដែលធ្វើឱ្យសាមគ្គីភាពក្នុងសហគមន៍ មានភាពរង្គោះរង្គើ។
ដំណោះស្រាយ ៖ ការប្រើប្រាស់ «បញ្ញា» ដើម្បីពង្រឹង «ជំនឿចិត្ត»
១. ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងរហ័ស (Speed of Trust)
ក្នុងសម័យនេះ ការដោះស្រាយបញ្ហាយឺតយ៉ាវ គឺស្មើនឹងការបាត់បង់ទំនុកចិត្ត។ ការប្រើ AI ជួយឱ្យមេដឹកនាំអាចវិភាគបញ្ហា សរសេរសេចក្តីណែនាំ និងឆ្លើយតបទៅកាន់ពលរដ្ឋបានភ្លាមៗ។ នៅពេលពលរដ្ឋឃើញថា “រាល់បញ្ហាដែលគេរាយការណ៍ ត្រូវបានឆ្លើយតប និងយកចិត្តទុកដាក់លឿនជាងមុន” នោះជំនឿចិត្ត នឹងកើតមានឡើងដោយឯកឯង។
២. ការផ្ដល់សេវាដែលចំតម្រូវការពិតប្រាកដ (Personalized Governance)
មេដឹកនាំដែលពូកែ គឺជាមេដឹកនាំដែលស្គាល់ទុក្ខលំបាករាស្ត្រច្បាស់។ AI ជួយមេដឹកនាំក្នុងការចងក្រងនិងបែងចែកក្រុមគោលដៅក្នុងឃុំ/សង្កាត់ (ដូចជា ក្រុមមនុស្សចាស់ យុវជន ឬកសិករ) ដើម្បីផ្ដល់ព័ត៌មាននិងជំនួយឱ្យចំគោលដៅបំផុត។ ការធ្វើបែបនេះ បង្ហាញឱ្យពលរដ្ឋឃើញថា មេដឹកនាំ “មិនមើលរំលងម្នាក់ណាឡើយ”។
៣. ការលើកកម្ពស់មោទនភាពសហគមន៍ (Community Pride)
ជំនឿចិត្ត កាន់តែរឹងមាំ នៅពេលពលរដ្ឋមានមោទនភាពលើភូមិ ឃុំ/សង្កាត់របស់ខ្លួន។ មេដឹកនាំប្រើ AI ដើម្បីច្នៃប្រឌិតនូវការផ្សព្វផ្សាយពីសក្តានុពលមូលដ្ឋាន ផលិតផលភូមិមួយផលិតផលមួយ ឬវីដេអូបង្ហាញពីសមិទ្ធផលនានា។ នៅពេលពលរដ្ឋឃើញភាពរីកចម្រើនដែល “រូបី” តាមរយៈប្រព័ន្ធផ្សព្វផ្សាយឌីជីថល ពួកគាត់នឹងកាន់តែមានឆន្ទៈចូលរួមអភិវឌ្ឍន៍ជាតិ ជាមួយលោកអ្នក។
សេចក្ដីសន្និដ្ឋាន ៖
បច្ចេកវិទ្យា AI គ្រាន់តែជា “ឈើច្រត់” ជួយឱ្យយើងដើរលឿនជាងមុនប៉ុណ្ណោះ ប៉ុន្តែ «បេះដូង និងមនសិការ» របស់មេដឹកនាំទេ ដែលជាអ្នកកំណត់ទិសដៅថា ត្រូវដើរទៅរកពលរដ្ឋ។ កាលណាយើងប្រើបញ្ញា ដើម្បីបម្រើរាស្ត្រ ឱ្យបានលឿននិងច្បាស់លាស់ នោះ «ស្នាមញញឹមរបស់ពលរដ្ឋ» នឹងក្លាយជាគ្រឿងឥស្សរិយយសដ៏ពិតប្រាកដរបស់មេដឹកនាំគ្រប់រូប“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកសេក សុជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ថា រាល់អំពើនិងសកម្មភាពទាំងឡាយរបស់ប្រជាពលរដ្ឋដែលជាកោសិកាចម្បងនៅក្នុងសង្គមនេះ គឺត្រូវការភាពច្បាស់លាស់ និងរឹងមាំខ្លាំង ដើម្បីធានាបាននូវសុខុមាលភាពសង្គមមួយ ដែលអាចធានាចំពោះការអភិវឌ្ឍន៍និងការរីកចម្រើន ប្រកបទៅដោយនិរន្តរភាព ហើយវាអាចកម្ចាត់ឬក៏អាចលុបបំបាត់នូវរាល់សកម្មភាពនិងទង្វើទុច្ចរិតដែលបង្កឡើងដោយជនអគតិ ដែលមានបំណងចង់បានតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតគូរចំពោះផលប្រយោជន៍រួមជាធំ ។ ដូច្នេះការងារសុចរិត ដែលជាសសរស្ដម្ភទ្រទ្រង់សេដ្ឋកិច្ចជាតិនេះ គឺសំខាន់ណាស់ ។ ចំណែកទំនុកចិត្ត ជាទុនមហាសាលនៃមេដឹកនាំនៅមូលដ្ឋាន ក្នុងយុគសម័យឌីជីថល ក៏សំខាន់ណាស់ដែរ ព្រោះពេលបច្ចុប្បន្ន មិនថានៅទីក្រុង ជនបទ កាលណាដើរមិនទាន់ការអភិវឌ្ឍន៍ចុងក្រោយនៃសង្គម និងបច្ចេកវិទ្យា មិនអាចធ្វើឲ្យការដឹកនាំនៅក្នុងសង្គម ដំណើរការទៅបានដោយរលូន និងមានភាពរឹងមាំនោះទេ ។
លោកសេក សុជាតិ បានមានប្រសាសន៍ថា “ បាទ! នៅត្រង់ចំណុចទី១ ទាក់ទងនឹងការងារសុចរិត ដែលជាសសរស្ដម្ភទ្រទ្រង់សេដ្ឋកិច្ចជាតិនេះ គឺសំខាន់ណាស់ ដោយសារតែយើងដឹងហើយ រាល់អំពើនិងសកម្មភាពទាំងឡាយរបស់ប្រជាពលរដ្ឋដែលជាកោសិកាចម្បងនៅក្នុងសង្គមនេះ គឺត្រូវការភាពច្បាស់លាស់ និងរឹងមាំខ្លាំង ដើម្បីធានាបាននូវសុខុមាលភាពសង្គមមួយ ដែលអាចធានាចំពោះការអភិវឌ្ឍន៍និងការរីកចម្រើន ប្រកបទៅដោយនិរន្តរភាព ហើយវាអាចកម្ចាត់ឬក៏អាចលុបបំបាត់នូវរាល់សកម្មភាពនិងទង្វើទុច្ចរិតដែលបង្កឡើងដោយជនអគតិ ដែលមានបំណងចង់បានតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតគូរចំពោះផលប្រយោជន៍រួមជាធំហ្នឹង ។ នៅត្រង់ខ្លឹមសារទាំង៣ ដែលបានឆ្លុះបញ្ចាំង គឺបង្ហាញអំពីគុណតម្លៃនៃសុចរិតភាពការងារ ដែលមានភាពស្មោះត្រង់ ការងារដែលធ្វើដោយឆន្ទៈ ឬការងារដែលមានការគោរពនិងផ្ដល់សិទ្ធិឲ្យគ្នាទៅវិញទៅមក ប្រកបទៅដោយមោទកភាពរៀងៗខ្លួន ដើម្បីរួមចំណែកនៅក្នុងការអភិវឌ្ឍន៍សង្គម ឆ្ពោះទៅកាន់ភាពរុងរឿង និងការអភិវឌ្ឍន៍មួយ ដែលគ្រប់គ្នាទទួលយកបាន ហើយនិងបានចែករំលែកដោយគ្មានការរើសអើងចំពោះនិន្នាការ ឬក៏ពណ៌សម្បុរ ជាតិសាសន៍អីអ៊ីចឹងជាដើម “ ។
លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ ចំពោះអត្ថន័យដែលយើងចង់បង្ហាញអំពីទំនុកចិត្ត ដែលជាទុនមហាសាលនៃមេដឹកនាំនៅមូលដ្ឋាន ក្នុងយុគសម័យឌីជីថលនេះ គឺសំខាន់ណាស់ ដោយសារតែពេលបច្ចុប្បន្ន ការវិវត្ត មិនថានៅទីក្រុង មិនថានៅជនបទ កាលណាយើងដើរមិនទាន់ការអភិវឌ្ឍន៍ចុងក្រោយនៃសង្គម ហើយនិងបច្ចេកវិទ្យា ធ្វើឲ្យយើងរស់នៅក្នុងអតីតកាល ដែលកាលនេះ គឺធ្វើឲ្យយើងមិនអាចអភិវឌ្ឍ ឬក៏មិនអាចធ្វើឲ្យផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ឬក៏ការដឹកនាំនៅក្នុងសង្គមរបស់យើងហ្នឹងដំណើរការទៅបានដោយរលូន ហើយនិងមានភាពរឹងមាំនោះទេ ។ ដូច្នេះដើម្បីផ្ដល់សេវាមួយប្រកបទៅដោយភាពច្បាស់លាស់ មានពេលវេលាច្បាស់លាស់ មានភាពត្រឹមត្រូវ គ្មានអំពើពុករលួយ គឺជាចំណុចដែលសំខាន់ ដែលទាមទារឲ្យមេដឹកនាំយល់ដឹងពីបច្ចេកវិទ្យា និងប្រើប្រាស់វា ដើម្បីគាំទ្រទៅដល់ការអភិវឌ្ឍន៍សង្គម និងការបម្រើសេវាដោយគ្មានការរើសអើង ហើយនិងមានអំពើពុករលួយនៅខាងក្នុងហ្នឹង ហើយចំពោះបេះដូង និងមនសិការរបស់មេដឹកនាំ ត្រូវតែបង្ហាញគ្រប់ពេលវេលាទាំងអស់ គ្រប់កាលនៃពេលដែលប្រទេសជាតិ ហើយនិងពលរដ្ឋចង់បាន ពីព្រោះពលរដ្ឋត្រូវការសេរវាកម្មល្អ ហើយនិងអាចធានាបាននូវសុខសុវត្ថិភាព ពីព្រោះយើងដឹងហើយថា កាលណាតែមេដឹកនាំបង្ហាញពីបេះដូង បង្ហាញពីមនសិការរបស់ខ្លួន ធ្វើការងារគ្រប់យ៉ាង ដើម្បីប្រទេស ហើយនិងពលរដ្ឋ ពេលនោះហើយ ដែលទទួលបានការជឿទុកចិត្ត ហើយនិងទទួលបានស្នាមញញឹមពីប្រជាពលរដ្ឋ ដែលស្រលាញ់ ហើយនិងគាំទ្រពួកគាត់ ដើម្បីបន្តការដឹកនាំ ។ ប៉ុន្តែនៅក្នុងស្ថានភាពនេះ ក៏យើងដឹងដែរថា វាមានភាពមិនច្បាស់លាស់ជាច្រើន នៅក្នុងពេលដែលមន្រ្តីមួយចំនួន ដែលគាត់ធ្វើការនៅក្នុងភាពជាអ្នកបម្រើរាស្រ្តហើយនិងរដ្ឋ ក៏ប៉ុន្តែគាត់កេងចំណេញផលប្រយោជន៍តាមរយៈការប្រព្រឹត្តអំពើពុករលួយ ការបង្កើតបក្ខពួក ដែលធ្វើឲ្យសង្គមរបស់យើងរីកចម្រើនមិនបានលឿន ហើយនិងមានការរិះគន់ពីមនុស្សដែលមានបញ្ញាស្មារតី ហើយនិងមានឆន្ទៈស្មោះសរ មិនចង់ឃើញអំពើពុករលួយ ហើយមិនចង់ឃើញការរើសអើងនៅក្នុងសង្គម ។ ពោលគឺមនុស្សដែលចង់ឃើញការអនុច្បាប់ និងប្រកបដោយនីតិរដ្ឋ ដែលមានភាពត្រឹមត្រូវ និងច្បាស់លាស់” ។

គួរបញ្ជាក់ថា ស្របនឹងការលើកឡើងរបស់លោក សេក សុជាតិ ទាក់ទងនឹងការងារសុចរិត ជាសសរស្ដមទ្រទ្រង់សេដ្ឋកិច្ចជាតិ សម្រាប់អ្នកវិភាគ និងអ្នកបង្រៀនផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតគំនិតផ្សេងទៀត បានលើកឡើងថា ការងារត្រឹមត្រូវ នាំឲ្យបុគ្គលប្រកបការងារ មានសេចក្តីសុខ ព្រោះការងារសុចរិត មិនបានធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃ មិនបានធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍសង្គម ដោយសារតែការងាររបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ ការងារត្រឹមត្រូវ បានចូលរួមចំណែកជួយទាំងខ្លួនឯង អ្នកដទៃ និងសង្គមជាតិ យ៉ាងច្រើនទៀតផង។ អ្នកធ្វើការងារទាំងនោះ រួមមាន ៖ កសិករ ពលករ គ្រូបង្រៀន មន្ត្រីរាជការ កងទ័ព នគរបាល និងអាជីវករមួយចំនួន។ បើសិនជាការងារទាំងនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់មនុស្សដទៃ ការងារទាំងនេះ គឺជាការងារត្រឹមត្រូវ សុចរិត ព្រមទាំងជួយដល់អ្នកប្រព្រឹត្តការងារនោះ ឲ្យមានមានកិត្តិយសថ្លៃថ្នូរ និងទទួលបានការកោតសរសើរ ពីមនុស្សទូទៅនៅក្នុងសង្គម។
ដោយឡែក ទាក់ទងនឹងទំនុកចិត្ត ជាទុនមហាសាល នៃមេដឹកនាំមូលដ្ឋាន ក្នុងយុគសម័យឌីជីថល នៅក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ស្ដីពី “កសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឲ្យកាន់តែល្អប្រសើរ” ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមន៍ នៅខែមករា ឆ្នាំ២០២២ បានលើកឡើងលម្អិតពីទស្សនទានរដ្ឋាភិបាលឌីជីថល ស្ថានភាពរដ្ឋាភិបាលឌីជីថលកម្ពុជា ចក្ខវិស័យ គោលបំណង គោលដៅយុទ្ធសាស្រ្ត និងយុទ្ធសាស្រ្ត សកម្មភាពអាទិភាព ការបញ្ចៀស ការបន្ថយ និងដំណោះស្រាយផលប៉ះពាល់ និងការគ្រប់គ្រងហានិភ័យ និងសេចក្ដីសន្នដ្ឋាន ៕ កុលបុត្រ