Wednesday, March 25, 2026
Homeតារាខ្មែរសុគន្ធ និសា រលាកបំពង់សំឡេង

សុគន្ធ និសា រលាកបំពង់សំឡេង

ភ្នំពេញ ៖ នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ខាងមុខនេះ សុគន្ធ និសា បានចេញបទ «ឍាមរាអើយ» ដែលជាចង្វាក់សម័យ ចាប់គូជាមួយសូរសៀងចាប៉ីរបស់ខេមរា ដែលនាងថាជាការលួងលោមហឫទ័យអ្នកស្ដាប់គ្រប់គ្នា ឲ្យលន្លង់លន្លោច ប្រៀបដូចជាក្នុងពិធីអាវាហ៍វិវាហ៍ ។ និសា ថែមទាំងចេះដេញចាប៉ី ទៀតផង នៅក្នុង MV មួយនេះ ដែលជាការបត់បែននូវស្ទីលសម្ដែងថ្មីមួយទៀតរបស់នាង ហើយបទនេះ អ្នកស្ដាប់ថាឮ ហើយចង់តែរៀបការ។ ទោះជាយ៉ាងណា និសា ដែលមានរហស្សនាមថា ជាតារាស្រគត់ស្រគំនោះ គ្មានឧប សគ្គធំឡើយ  សម្រាប់រូបនាង ក្នុងការតែងខ្លួនតាមបែបប្រពៃណី ច្រៀងសម័យ លាយជាមួយឧបករណ៍តន្រ្ដីផ្នែកបុរាណ បញ្ចូលគ្នានោះ ព្រោះទឹកមុខ ការសម្លៀកពាក់ និងការសម្ដែងរបស់នាង ស៊ីគ្នាទៅនឹងបទចម្រៀងបង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ នោះតែម្ដង ។

 អ្វីដែលគួរឲ្យចាប់អារម្មណ៍ ថ្មីៗនេះ សុគន្ធ និសា ថាកាលពីដើមខែមីនា នាងបានទៅចូលរួមមង្គលការកូនថៅកែចាស់របស់នាង លោក វ៉ា សុធា អគ្គនាយកទូរទស្សន៍និងវិទ្យុថោន ដោយនាងអះអាងថា ពេលនោះ មិនអាចច្រៀងបានឡើយ។ បញ្ហាដែលនិសា ថានាង «ច្រៀងមិនបាន» នោះ ព្រោះតែនាងមានជំងឺរលាកបំពង់ក រលាកបំពង់សំឡេង ។ និសា ថា រឿងពិបាករបស់អ្នកចម្រៀង គឺនៅពេលដែលខូចសំឡេងនេះឯង ដែលនាំឲ្យនាងបាត់សំឡេង  ច្រៀងមិនបាន ហើយមកដល់ពេលនេះ សំឡេងរបស់នាង នៅតែមានបញ្ហា មិនទាន់អាចបានល្អដូចមុនវិញនៅឡើយ ។

ប្រភពថា សុគន្ធ និសា កំពុងព្យាបាលរលាកបំពង់សំឡេង យ៉ាងយកចិត្តទុកដាក់បំផុត ព្រោះជំងឺមួយនេះ រំខានដល់អាជីព។ ដោយសាតែបញ្ហាសុខភាពបែបនេះ ប្រាកដជាធ្វើឲ្យនាងខកខានច្រៀងជាច្រើនកម្មវិធី នារដូវក្ដៅនេះ ។ ប៉ុន្ដែយ៉ាងណា សម្រាប់ការត្រៀមចេញទៅច្រៀងសម្ដែងនៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលកម្មវិធីនោះ ប្រព្រឹត្តនៅវត្តពុទ្ធរង្សី ទីក្រុងវូហ៊ី (Voorhees ) រដ្ឋញូវចេស៊ី (New Jesey) នឹងមិនអាកខាន ឬលុបចោលនោះឡើយ ព្រោះនៅសល់ពេល ១ខែទៀត នាងប្រាកដជានឹងព្យាបាលបានសះស្បើយជាមិនខាន ។ ចំណែកការចេញបទ «ឍាមរាអើយ» គេជឿថានិសា បានថតទុកតាំងពីមុនខូចសំឡេង តែទើបបញ្ចេញនាពេលនេះ តាមផែនការរបស់ខ្លួន។

គួរបញ្ជាក់ថា មិនមែនតែសុគន្ធ និសា ទេ ដែលច្រៀងសុខៗខូចសំឡេង ប្រើការលែងកើតនោះ ប៉ុន្ដែកាលពីឆ្នាំ២០២២ សួស វីសា មានជំងឺរលាកបំពង់ក ធ្ងន់រហូតទៅព្យាបាលនៅក្រៅប្រទេស នាំឲ្យនាងបាត់ខ្លួនពីឆាកតន្រ្ដី ជាច្រើនខែ ប៉ុន្ដែពេលដែលជំងឺនេះបានធូរស្រាលពេទ្យផ្ដាំវីសា ថាមិនឲ្យប្រើសំឡេង ទើបធ្វើឲ្យ Fan ខកចិត្ត និងមានចម្ងល់ថា ជាតារាចម្រៀង បើមិនឲ្យប្រើសំឡេង តើឲ្យប្រើអីទៅវិញ ? សម្រាប់និសា នាងមិនទាន់ដល់ ដំណាក់កាលរលាកបំពង់កធ្ងន់ដូចសួស វីសា ទេ ហើយ Fan រំពឹងថា នាងនឹងអាចវិលរកឆាកតន្រ្ដីវិញ នាពេលឆាប់ៗជាមិនខាន ។ ប៉ុន្ដែក្រៅពីមានជំងឺរលាកបំពងក ឬរលាកបំពង់សំឡេង កន្លងមកនិសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មានជំងឺក្រពះ ផងដែរ តែនាងថា ជំងឺនេះ កើតមានសឹងតែគ្រប់តារាទាំងអស់ ព្រោះតែការញាំ អាហារមិនទៀងពេលនោះឯង ។

អ្នកនាង ប៊ុន សុគន្ធា ហៅសុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ រស់នៅទីក្រុង Boston រដ្ឋ Massachusetts កាលពីដើមខែធ្នូ ឆ្នាំ២០១៧ តែចំណងស្នេហាជិត ៩ឆ្នាំ មកនេះ ពួកគេមិនទាន់ទទួលបានកូន ១គ្រាប់ បន្ដពូជនៅឡើយ ។ លោកសម្បត្តិ ដែលមានតួនាទីជានាយកផ្នែកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយ ប្រចាំកម្ពុជា ចង់ឲ្យនិសា បញ្ចប់អាជីពសិល្បៈតាំងពីមុនពួកគេចូលរោងការ ប៉ុន្ដែនិសា បានលើកហេតុផលប្រាប់ស្វាមី ថា នាងបានតស៊ូក្នុងអាជីពមួយនេះ ជាង១០ឆ្នាំមកហើយ មិនអាចបញ្ចប់ត្រឹមនេះបានជាដាច់ខាត ទើបប្ដីឲ្យនាងបន្ដលេងសិល្បៈ ដោយសេរី ។ ប៉ុន្តែពេលនេះ និសា បែរជាខូចសំឡេង ព្រោះតែជំងឺរលាកបំពង់សំឡេងទៅវិញ ដែលបញ្ហានេះ ប្រាកដជាធ្វើឲ្យប្ដីបារម្ភពីនាងកាន់តែខ្លាំង ខណៈដែលតាមប្រភពអ្នកជិតដិត បង្ហើបថា បញ្ហាដែលនិសា រៀបគកម្រោងយកកូន តាំងពីឆ្នាំ២០២២ ពោលគឺជិត ៤ឆ្នាំ មកហើយ តែលទ្ធផលសូន្យនោះ គឺដោយសាតែនាងជ្រើសវិធីពន្យារកំណើត ជាច្រើនឆ្នាំពេក ៕

RELATED ARTICLES