ភ្នំពេញ ៖ តារាសម្ដែងនិងពិធីការិនី យ៉ែម ស្រីពេជ្រ បានស្រក់ទឹកភ្នែកពីឆាកតន្រ្ដីផ្សាយផ្ទាល់ «Dazz Charity Concert » ពីស្រុកបាធាយ ខេត្តកំពង់ចាម កាលពីរាត្រីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ព្រោះតែទទួលដំណឹងដ៏រន្ធត់ថា លោកយាយរបស់នាង បានទទួលមរណភាព នៅម៉ោង ១០ៈ២០នាទី យប់នោះ។ ស្រីពេជ្រ ត្រូវផ្អាកការធ្វើ MC នោះ កណ្ដាលទី ហើយនាងប្រញាប់ជិះរថយន្ដ មកភ្នំពេញ ទាំងយប់ ដើម្បីរៀបចំធ្វើបុណ្យជូនលោកយាយនាង ខណៈតារាដែលរួមការងារនៅរាត្រីនោះ មានដូចជា ដៃគូ Mc លោកប៉ែន ចំរ៉ុង, អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រី និងតារាចម្រៀងត្រូវច្រៀងសម្ដែងនៅរាត្រីនោះ បានចូលរួមរំលែកទុក្ខនាងគ្រប់គ្នា ។


ស្រីពេជ្រ មិនទាន់កំណត់ថ្ងៃវិលមករកឆាកតន្រ្ដីវិញទេ ព្រោះពេលនេះ នាងនៅកាន់ទុក្ខលោកយាយនៅឡើយ បើទោះជាសពលោកយាយ មុំ អេង បានបូជារួចហើយ នៅវត្តកំបូល កាលពីថ្ងៃទី១០ ខែឧសភា ក្ដី ។


សូមបញ្ជាក់ថា យ៉ែម ស្រីពេជ្រ ក៏មិនខុសពីពិធីការិនីមួយចំនួនទៀតដែរ របស់ PNN ព្រោះត្រូវបាត់បង់ការងារនៅទូរទស្សន៍នេះ ទាំងស្រុង ក្រោយស្ថានីយមួយនេះ ប្រកាសផ្អាកដំណើរការ តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ។ ប៉ុន្ដែស្រីពេជ្រ នៅជាប់ដៃធ្វើ MC ការប្រគំតន្រ្ដី មួយចំនួនទៀត របស់ Galaxy ចាប់ដៃជាមួយលោក ប៉ែន ចំរ៉ុង ។ គេជឿថា ក្រោយអស់តំណែងធំៗនៅ PNN ស្រីពេជ្រ នឹងងាកមកផ្ដោតលើអាជីពចាស់ឡើងវិញ ដោយសម្រុកថតសម្ដែងភាពយន្ដថ្មី មិនខាន ។

គួររំលឹកដែរថា យ៉ែម ស្រីពេជ្រ រងការិះគន់ច្រើន ពេលនាងរៀបឆាកឈុតរៀបការក្លែងក្លាយជាមួយតារាកំប្លែង លោក បាន សំណាង ហៅពូណុយ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ទើបធ្វើឲ្យពេលខ្លះ នាងពិបាកប្រឈមជាមួយមហាជន។ ប៉ុន្តែអ្នកខ្លះថា ការរៀបការបោកមហាជននោះ មិនមែនស្រីពេជ្រ និងពូណុយ ស្ម័គ្រចិត្តព្រួត ដៃគ្នាធ្វើទេ ប៉ុន្ដែនោះជាការរៀបចំរបស់អ្នកដឹកនាំ PNN ដែលកាលនោះ នៅដំណើរការ ហើយគេចង់ឲ្យកម្មវិធីនោះ ទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះ តែយ៉ាងណា គេជឿថា ស្រីពេជ្រ ដែលជាប់ឈ្មោះជាប្រពន្ធក្លែងក្លាយរបស់ពូណុយ នោះ នៅតែពិបាកប្រឈមនឹងពាក្យថា ជាតារាបោកទំនុកចិត្តទស្សនិកជន ហើយពេលខ្លះ អ្នកជួបនាងនៅតាមឆាក ឬកម្មវិធីមួយចំនួន គេមិនហៅនាងថា ស្រីពេជ្រ ទេ គេហៅនាងថា «ប្រពន្ធពូណុយ» ។

តាមប្រភពថា យ៉ែម ស្រីពេជ្រ នឹងលែងហ៊ានប្រថុយរៀបការក្លែងក្លាយ ជាលើកទី២ទៀតហើយ បើសិនមានអ្នកដឹកនាំកម្មវិធី បបួលនាងលេងឈុតឆាកបែបនេះទៀត ព្រោះនាងខ្លាចការរៀបការលេងសើចបែបនេះ នាំឲ្យខ្លួនអភ័ព្វ ប្រុសៗលែងហ៊ានតាមស្រលាញ់ ព្រោះជាក់ស្ដែងដូចជាពេលនេះ នាងនៅតែជាប់ឈ្មោះជាប្រពន្ធពូណុយ ដដែល ដោយសារតែអ្នកទាំងពីរ មិនព្រមចេញមុខនិយាយពីមូលហេតុពិត ដែលបណ្ដាលឲ្យពួកគេរៀបការក្លែងក្លាយ។ ប៉ុន្ដែអំឡុងពេលដែលស្រីពេជ្រ កំពុងកាន់ទុក្ខលោកយាយ និងត្រៀមធ្វើបុណ្យខួប ៧ថ្ងៃ ហេតុនេះកុំថាឡើយគិតគួររឿងស្នេហា តែសូម្បីតែការសប្បាយៗនៅលើឆាកតន្រ្ដី ក៏នាងមិនអាចធ្វើទៅរួចដែរ ។ ចំណែកទំនាក់ទំនងស្រីពេជ្រ និងពូណុយ នៅស្និទ្ធស្នាលគ្នាធម្មតា ពេលប៉ះការងារសិល្បៈជាមួយគ្នា តែពេលចប់ការងារ ទៅដេកផ្ទះរៀងៗខ្លួន ។

យ៉ែម ស្រីពេជ្រ អតីត Freshie បានថតភាពយន្ដ ជាតួឯក ច្រើនរឿង ដូចជា «នាឡិកាដាស់វិញ្ញាណ», «ព្រះ រូង ព្រះរាជាភូទ្រង់ធម្ម» ជាដើម ។ នាងជាតារាសម្ដែងដែលវិវឌ្ឍខ្លួនទៅជាពិធីការិនី ដូចគ្នានៅនឹងអ្នកនាង កែវ និសា, សុខ សោម៉ាវត្តី, ហ៊ិន ច័ន្ទនីរ័ត្ន, ហ្វា ហ្វា, សោម ស្រីនាថ, ណូម័រ និងឌួង ហ្សូរីដា ជាដើម ៕
