ភ្នំពេញ ៖ តំបន់រាមសារ ស្ទឹងសែន គឺជាតំបន់ស្នូលដ៏សំខាន់មួយ នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ដែលសម្បូរទៅដោយព្រៃលិចទឹក និងជីវចម្រុះ។ តំបន់នេះ មានតួនាទីជាទីជម្រក និងជាកន្លែងរកចំណីដ៏សំខាន់សម្រាប់សត្វកម្រ ជិតផុតពូជ ជាច្រើនប្រភេទ ជាពិសេសសត្វស្លាបទឹក ដែលតែងតែមកប្រមូលផ្តុំ រកចំណីនៅទីនេះ ក្នុងរដូវទឹកសម្រក។

ប្រភពអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ថា រដូវទឹកសម្រក គឺជាពេលវេលាដ៏ល្អបំផុត សម្រាប់ការទស្សនាសត្វស្លាបទឹក នៅតំបន់រ៉ាមសារ ស្ទឹងសែន។ សត្វស្លាបទឹក សំខាន់ៗជាច្រើនប្រភេទ តែងមករកចំណីក្នុងតំបន់នេះ រួមមាន អកត្រីក្បាលប្រផេះ រនាលពណ៌ សត្វចង្កៀលខ្យង ត្រយងខ្លួនរលោង និងស្មោញ ព្រមទាំងសត្វស្លាបទឹក រាប់ពាន់ប្រភេទផ្សេងទៀត ដែលកំពុងរកចំណី និងសម្រាកយ៉ាងសុខសាន្តនៅតាមទ្រនំរបស់ពួកវា។

ទិដ្ឋភាពថ្ងៃលិច លើព្រៃលិចទឹក អមជាមួយសំឡេងសត្វស្លាប ហោះត្រឡប់ចូលទ្រនំ បង្ហាញពីភាពស្ងប់ស្ងាត់ និងសុខដុមរមនា។ នេះគឺជាអ្វីដែលក្រុមការងារអង្គការជីវិតធម្មជាតិ មន្ត្រីឧទ្យានុរក្ស សហគមន៍មូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ តែងតែខិតខំការពារជាប្រចាំ៕

