Tuesday, March 31, 2026
Homeសង្គម និងជីវិតចៅទើបចេញពីគុក ហក់ធាក់ជីតាគ្រេចចង្កេះ

ចៅទើបចេញពីគុក ហក់ធាក់ជីតាគ្រេចចង្កេះ

ខេត្តតាកែវៈ យុវជនម្នាក់តែងតែបង្កការអុកឡុកក្នុងគ្រួសារ និងធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំម្តងរួចហើយ លុះទើបនឹងចេញមកវិញ ក៏ផឹកស៊ីស្រវឹង រករឿងចង់វាយប្អូនស្រី ឃើញបែបនេះជីតាបានចូលទៅឃាត់ ស្រាប់តែចៅប្រុសកំណាចខឹងសម្បា ក៏ស្ទុះហក់ធាក់ជីតា បណ្តាល ឱ្យដួលគ្រេចចង្កេះ រួចទាញដែក ចាក់ចំគុម្ពត្រចៀកជីតា រងរបួសដេរ៣ថ្នេរថែមទៀត។

ករណីអំពើហិង្សាក្នុងគ្រួសារ (ចៅប្រុសហក់ធាក់ជីតា រួចចាក់១ដែកស្រួចបណ្តាលឱ្យរងរបួស) ខាងលើនេះ បានកើតឡើង កាលពី វេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។

ជនសង្ស័យជាចៅប្រុស ដែលប្រើហិង្សាលើជីតាបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ន ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ចំណែកជនរងគ្រោះជាជីតា មានឈ្មោះសុខ អុន អាយុ៧២ឆ្នាំ មានលំនៅ ភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (រងរបួសគ្រេចចង្កេះ និងរបួសគុម្ពត្រចៀកដេរ៣ថ្នេរ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនបង្កឈ្មោះស៊ន ដារ៉ា ជាមុខសញ្ញាចាស់ តែងបង្កការអុកឡុកក្នុងគ្រួ សារ និងអ្នកភូមិជិតខាង ជាញឹកញាប់ រហូតដល់មានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំទៀតផង និងទើប ចេញពីពន្ធនាគារវិញ កាលពីពេលថ្មីៗ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះស៊ន ដារ៉ា បានផឹកស្រាស្រវឹង រួចក៏រករឿងវាយប្អូនស្រីឈ្មោះស៊ន លីហ្សា ឃើញបែបនេះ ទើបបុរស ចំណាស់ជាជីតា ឈ្មោះសុខ អុន បានចូលឃាត់ ជនបង្កខាងលើកុំឱ្យវាយចៅស្រី ស្រាប់តែជនបង្កមិនត្រឹមតែមិនស្តាប់ បែរជាខឹងច្រឡោត រហូតស្ទុះទៅហក់ធាក់ទៅលើជីតាបង្កើតខ្លួនឯង ឈ្មោះសុខ អុន ចំនួន១ជើង បណ្តាលឱ្យដួលទៅលើដីគ្រេចចង្កេះ រួចហើយជនសង្ស័យថែមទោំងស្ទុះទៅទាញដែកស្រួច មកចាក់ចំគុម្ភត្រចៀក ខាងឆ្វេង ជីតា បណ្តាលឱ្យរងរបួសដេរ៣ថ្នេរថែមទៀត។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើកោងកាចរបស់ជនសង្ស័យតទៅទៀតលែងបាន ទើបក្រុមគ្រួសារ បានប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត តាកែវ និងមានការសម្រប សម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញ ចុះធ្វើ ការឃាត់ខ្លួនជនបង្កខាងលើ និងប្រមូលវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះស៊ន ដារ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សា ហក់ធាក់ និងចាក់ជីតា ១ដែក ស្រួច បណ្តាលឱ្យរងរបួសប្រាកដមែន។

ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES