ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ក្នុងអំឡុងពេលមានការឡើង កម្តៅក្នុងចន្លោះពី 37°C ទៅ 41°C បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានការកើតមានរលកកម្តៅមិនទៀងទាត់។ អាកាសធាតុក្តៅខ្លាំង អាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេស មនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក និងអ្នកមានជំងឺរ៉ាំរ៉ៃ ងាយធ្លាក់ខ្លួនឈឺ ជាយថាហេតុ រួមមានបញ្ហានៅខួរក្បាល (Heat Stroke) ការខ្សោះជាតិទឹក ជំងឺសរសៃឈាមបេះដូង ជំងឺតម្រងនោម ជំងឺថប់អារម្មណ៍ រមួលក្រពើ រលាកផ្លូវដង្ហើម និងនាំឱ្យមានជំងឺឆ្លងផ្សេងៗដូចជា ជំងឺរាករូស ជំងឺ រាកមួល និងជំងឺគ្រុនពោះវៀន ៘ បណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត និងចំណីអាហារពុំមានសុវត្ថិ ភាព។

ដើម្បីថែទាំសុខភាព និងបង្ការជំងឺ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា យកចិត្តទុកដាក់ចូលរួមអនុវត្តតាមការណែនាំ ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ដូចខាងក្រោម ៖
– ត្រូវពិសាទឹកស្អាត ឬទឹកដោយប្រើធុងចម្រោះ ឬទឹកដាំឱ្យពុះ ឬទឹកដែលបន្សុទ្ធដោយថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន ២គ្រាប់ អាចលាយទឹក ២០លីត្រ)។
– ពិសាទឹក ឱ្យបានញឹកញាប់ លើសពី ២លីត្រ ក្នុងមួយថ្ងៃ ចំពោះមនុស្សពេញវ័យ។
– ចៀសវាងស្ថិតក្រោមកម្តៅថ្ងៃ ដោយផ្ទាល់ យូរពេក ដោយត្រូវរកកន្លែងជ្រក ឬរបាំងការពារកម្តៅព្រះអាទិត្យ។
– ស្លៀកសម្លៀកបំពាក់ដែលអាចជួយការពារកម្តៅព្រះអាទិត្យ ដូចជា សម្លៀកបំពាក់ពណ៌ស្រាល រលុង និងពាក់មួកដែលមានគែមធំ ឬប្រើឆត្រធ្វើជារបាំងការពារកម្តៅថ្ងៃ។
– កុំងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់ពីកន្លែងដែលមានកម្តៅខ្លាំង។
– រក្សាអនាម័យខ្លួនប្រាណ និងលាងដៃឱ្យបានញឹកញាប់ ជាពិសេសមុនញ៉ាំអាហារ និងក្រោយចេញពីបង្គន់។
– ទុកដាក់ម្ហូបអាហារដោយមានគម្របត្រឹមត្រូវ។
– ចៀសវាងការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ អំបិលច្រើន។
– សមាជិកគ្រួសារ ត្រូវតែតាមដានមើលឱ្យបានញឹកញាប់ ចំពោះមនុស្សចាស់ ក៏ដូចជាអ្នកកំពុងមានជំងឺ កុមារ ក្រោមអាយុ២ឆ្នាំ អ្នកជំងឺផ្លូវចិត្ត និងអ្នកមានជំងឺរ៉ាំរ៉ៃ។
– ប្រសិនបើមានរោគសញ្ញា ដូចជា វិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមូលសាច់ដុំ (រមូលក្រពើ) ត្រូវគិតថា ជាសញ្ញាដំបូងនៃផលប៉ះពាល់ដោយសារកម្តៅ ក្នុងករណីនេះត្រូវផ្លាស់ប្តូរទៅរកទីកន្លែងត្រជាក់ និងត្រូវសម្រាក ២ទៅ៣នាទី រួចពិសាទឹកត្រជាក់ យឺតៗ ហើយកុំបន្តសកម្មភាព ព្រោះអាចមានហានិភ័យដល់សុខភាព។
– ចៀសវាងការចោមរោមអ្នកជំងឺដែលមានបញ្ហាសុខភាព និងត្រូវស្វែងរកការព្យាបាលភ្លាមៗនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ប្រសិនបើមិនធូរស្រាល។
វិធីសង្គ្រោះបឋម ពេលមានមនុស្សសន្លប់ ឬវិលមុខខ្លាំង ដោយសារកម្តៅ ៖
– នាំអ្នកជំងឺទៅកន្លែងដែលមានម្លប់ត្រជាក់ ជាបន្ទាន់។
– បញ្ចុះកម្តៅរាងកាយដោយប្រើកន្សែងជោកទឹកត្រជាក់ ជូតខ្លួន ឬដាក់នៅក្រោមក្លៀក ត្រង់ក បើអាចគួរប្រើកង្ហារបក់។
– ដាក់ជនរងគ្រោះ ឱ្យដេកផ្ងារ លាតសន្ធឹង និងលើកជើងឱ្យខ្ពស់បន្តិច ដើម្បីឱ្យឈាមរត់ទៅចិញ្ចឹមខួរក្បាល បានល្អ។
– បើជនរងគ្រោះ នៅដឹងខ្លួន ឱ្យគាត់ផឹកទឹកត្រជាក់បន្តិចម្តងៗ។ ហាមប្រើទឹក ពេលគាត់សន្លប់ ឬបាត់ស្មារតី ព្រោះអាចបណ្តាលឱ្យឈ្លក់។
– បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ប្រសិនបើអាការមិនធូរស្រាល ក្នុងរយៈពេល១៥នាទី ឬអ្នកជំងឺសន្លប់ មិនដឹងខ្លួន ត្រូវហៅរថយន្តគិលានសង្គ្រោះ ជាបន្ទាន់។
ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ត្រូវសហការឱ្យបានជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន តាមដានស្ថានភាពសុខភាពប្រជាជនក្នុងមូលដ្ឋាន ជាពិសេស ជនងាយរងគ្រោះ ដោយចាត់ចែងជាបន្ទាន់ ក្នុងករណីប្រជាជន មានបញ្ហាសុខភាពណាមួយកើតឡើង។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល www.moh.gov.kh ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ…៕