Saturday, April 4, 2026
Homeព័ត៌មានជាតិវេទិកាសារព័ត៌មាន “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»

វេទិកាសារព័ត៌មាន “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»

ភ្នំពេញៈ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានរៀបចំវេទិកាសារព័ត៌មាន ស្ដីពី «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដើម្បីពង្រឹង និងពង្រីកផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំឡុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ ។

វេទិកានេះ បានប្រារព្ធធ្វើនៅការិយាល័យកណ្តាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានលោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ជាអ្នកសម្របសម្រួល ឧកញ៉ាតែ តាំងប៉ ប្រធាន FASMEC  ជាវាគ្មិនកិត្តិយស និងមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានចំនួន៦០ស្ថាប័ន ។

នៅក្នុងវេទិកានេះ មានការតាំងបង្ហាញផលិតផលក្នុងស្រុកសំខាន់ៗ ដែលគ្រោងនឹងដាក់តាំងក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ លើកទី៣ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដោយសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។

ការតាំងពិព័រណ៍ផលិតផលខ្មែរ ត្រូវបានធ្វើចំនួន២លើកមកហើយ កាលពីពេលកន្លងទៅ ប៉ុន្តែការដែល FASMEC រៀបចំវេទិកាពិព័រណ៍នេះសាជាថ្មីទៀតនាពេលនេះ ត្រូវបានឧកញ៉ា តែ តាំងប៉ បញ្ជាក់នៅក្នុងវេទិកាសារព័ត៌មាននោះថា ដោយសារមានការសំណូមពរពីម្ចាស់សហគ្រាស សិប្បកម្មផលិត ដែលបានចូលរួមពិព័រណ៌កាលពីលើកទី១ និងលើកទី២ ទទួលបានជោគជ័យ ដូច្នេះពួកគាត់ចង់ឲ្យមានការរៀបចំការពិពរ័ណ៌បែបនេះជាលើកទី៣ និងជាបន្តបន្ទាប់ទៀត។ ទន្ទឹមនឹងនេះ ក៏ជាឱកាសដែលធ្វើឲ្យសិប្បកម្មដែលទើបនឹងបង្កើតថ្មីៗបានតាំងបង្ហាញផលិតផលរបស់ខ្លួនជូនដល់សាធារណជនឲ្យបានស្គាល់ បានដឹងផងដែរ។ អ្វីដែលសំខាន់ បទពិសោធន៍ពីការរៀបចំតាំងពិព័រណ៍លើកមុន គឺមានការគាំទ្រពីប្រពលរដ្ឋខ្មែរ ការកែតម្រូវការវេចខ្ចប់ និងពង្រឹងគុណភាព ព្រមទាំងអនុលោមតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា ។

បើតាមការបញ្ជាក់របស់ឧកញ៉ាតែ តាំងប៉ នឹងមានស្ដង់ចំនួនជាង៣០០ នឹងដាក់តាំងបបង្ហាញនៅក្នុងពិពរណ៍កោះពេជ្រ នោះ ហើយការតាំងពិព័រណ៌លើកនេះ ក៏នឹងប្លែកជាងមុន ព្រោះមានផលិតផលថ្មីៗ ព្រមទាំងបច្ចេកវិទ្យាផលិតទំនើបជាងមុន ដែលសុទ្ធតែជាផលិតផលរបស់ខ្មែរ បាននិងកំពុងផលិត​​​​​ ដាក់ចរាចរណ៍នៅលើទីផ្សារ ដែលលោកសូមធ្វើការកត់សម្គាល់ថា តាំងពីក្រោយពីថៃបិទព្រំដែន និងមានការនាំចូលផលិតផលថៃ មកកម្ពុជា នោះ ផលិតផលខ្មែរ បានកើតឡើងមិននឹកស្មានដល់ គឺមានផលិតផលថ្មីៗច្រើន ល្អទាំងគុណភាព ទាំងបរិមាណ អាចទទួលយកបាន ។ ក្នុងនោះផលិតផលដែលមានការកើនឡើង លើវិស័យចំណីអាហារ គ្រឿងទេស មានដូចជា ម្សៅស៊ុប ស្ករ អំបិល ប៊ីចេង ម្រេច ទឹកត្រី ទឹកស៊ីអីវ ទឹកម្ទេស ប្រេងឆា ប្រេងខ្យង ជាដើម និងគ្រឿងឧបភោគបរិភោគប្រើប្រាស់ប្រចាំថ្ងៃ មានដូចជា ភេស្ឋជៈ មៀនក្រៀមប៉ៃលិន នំកញ្ចប់ បន្លែ ផ្លែឈើ សាច់ក្រក ប្រហិត អាហារវេចខ្ចប់ គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ជាដើម ។ ចំណែកវិស័យឧស្សាហកម្មប្រើប្រាស់ មានដូចជា ប្រេងកូឡា ប្រេងខ្យល់ សាប៊ូកក់សក់ ថ្នាំដុសធ្មេញ ក្រដាសជូតមាត់ ខោទឹកនោម សំឡីអនាម័យ សាប៊ូបោកគក់ ជាដើម ដែលសុទ្ធតែជាផលិតនៅក្នុងស្រុក បានចុះបញ្ជីត្រឹមត្រូវ និងផលិតផលខ្លះទៀត មិនមែនសម្រាប់ផ្គត់ផ្គង់តែនៅក្នុងស្រុកទេ គឺផលិតសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ ។ ជាមួយនឹងការរីកចម្រើនយ៉ាងរហ័សនេះ នៅចុងឆ្នាំ២០២៦នេះ នឹងមានរោងចក្រដំឡើងនៅក្នុងស្រុកច្រើនឡើងថែមទៀត ហើយលោកក៏មានការភ្ញាក់ផ្អើលដែរ ដែល​លោក​ទទួល​បាន​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម​ពី​កំណើន​ការ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ បាន​ស្រូប​ចំណែក​ទីផ្សារ​ បាន​ប្រមាណ ៣០% ក្រោយ​ពលរដ្ឋ​​រួម​គ្នា​ធ្វើ​ពហិការ​ មិន​ប្រើប្រាស់​ផលិតផល​ថៃ និង​​ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុកកាន់តែផុលផុស។ របាយការណ៍នេះ បង្ហាញថា សន្ទុះ​នៃ​ការ​គាំទ្រ​ផលិតផល​ខ្មែរ​ បាន​កើន​ឡើង​យ៉ាង​គំហុក ក្រោយ​ការ​ធ្វើ​ពហិការ​ផលិតផល​ថៃ ​ដែល​នាំ​ឲ្យ​សហគ្រាស​ក្នុង​ស្រុក ​ខិតខំ​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម ឆ្លើយតប​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក។

អំពីនិន្នាការនៃផលិតផលក្នុងស្រុកសព្វថ្ងៃ ឧកញ៉ាតែ តាំងប៉ បញ្ជាក់ថា មានចំនួន៣ទម្រង់ គឺ១ ផលិតផលម៉ាកសញ្ញា (Brand ក្នុងស្រុក) ដូចជា ទឹកបរិសុទ្ធវឌ្ឍនៈ ទឹកបរិសុទ្ធហាយធិច ប្រេងកូឡាសញ្ញាគោមាស ជាដើម គឺផលិតក្នុងស្រុក ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ទាំងបច្ចេកទេសផលិត និងម៉ាកសញ្ញានៃផលិតផលផងដែរ។ ២. ផលិតផលម៉ាកសញ្ញា (Brand ក្នុងស្រុក) តែបញ្ជាផលិតនៅបរទេស (OEM, Original Equipment Manufacturer) គឺការបញ្ហាផលិតនៅរោងចក្រក្រៅប្រទេស ដោយអនុលោមតាមស្តង់ដារផលិត និងគុណភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាទូទៅសម្រាប់ក្រុមហ៊ុនដែលទើបចាប់ផ្តើម ដោយសារតម្រូវការចាំបាច់ប្រើប្រាស់ក្នុងស្រុក និងឈានទៅបើករោងចក្រ និងសិប្បកម្មនៅពេលអនាគត ។ ឧទាហរណ៍ដូចជា ត្រីខខ្ញុំ និងថ្នាំដុះធ្មេញកម្ពុស្មាយ ជាដើម ។ ៣. ផលិតផលម៉ាកសញ្ញា (Brand បរទេស) តែផលិតក្នុងស្រុក សំដៅដល់ក្រុមហ៊ុនខ្នាតអន្តរជាតិជាច្រើន ដូចជា ក្រុមហ៊ុនកូកាកូឡា មកបើកដំណើរការរោងចក្រនៅស្រុកខ្មែរ គឺកម្ពុជាស្វាគមន៍ ព្រោះដោយសារជួយដល់កម្លាំងពលកម្មក្នុងស្រុក មានការងារធ្វើ ដែលមាននៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១-ទី៤ ។

សម្រាប់ការយល់ឃើញនៅក្នុងវិស័យ SME ក្នុងស្រុក លោកតែ តាំងប៉ បញ្ជាក់ថា វិស័យ SME គឺជាប៉ូលសេដ្ឋកិច្ចជាតិ យ៉ាងសំខាន់ដែលរាជរដ្ឋភិបាលដាក់ជាគោលនយោបាយអាទិភាព ហើយត្រូវការជំនួយបន្ថែមសម្របសម្រួលផ្នែកនិតិវិធីច្បាប់ឲ្យងាយ និងឆាប់រហ័ស ។ បន្ថែមលើនេះទៀត សម្រួលបែបបទគយ និងពន្ធដារ ដើម្បីបន្ធូបន្ថយសម្ពាធ ដើម្បីជំរុញការផលិតក្នុងស្រុកឲ្យទាន់សភាពការ។

គួរបញ្ជាក់ថា នៅក្នុងពិព័រណ៍នោះ ក្រៅពីការតាំងបង្ហាញ និងលក់ដូរផលិតផលក្នុងស្រុក ក៏មានកិច្ចពិភាក្សាតុមូល ដើម្បីចែករំលែកចំណេះដឹងដល់ SME ដូចជា កិច្ចពិភាក្សាអំពីហិរញ្ញបទាន (ដែលចូលរួមពី ARDB, SME Bank, CGCC) កិច្ចពិភាក្សាអំពីការលើកទឹកចិត្តដល់ MSME ចូលក្នុងប្រព័ន្ធ កិច្ចពិភាក្សាអំពីការចុះបញ្ជីផលិតផល និងស្តង់ដារជាតិ ។

ជុំវិញបញ្ហានេះ ឧកញ៉ាតែ តាំងប៉ មានក្ដីរំពឹងថា ការតាំងពិព័រពណ៌នេះ នឹងជួយអាជីវករ និងសហគ្រិនក្នុងស្រុក ដោយការជួយរកទីផ្សារ ដើម្បីបង្កើនការលក់ ការផ្សព្វផ្សាយ និងរកដៃគូសហការណ៍វិនិយោគ ។ ម្ចាស់សហគ្រាសទទួលបានទំនាក់ទំនងថ្មីៗ និងមតិរិះគន់ស្ថាបនាពីអ្នកប្រើប្រាស់ផ្ទាល់។ ជាមួយនេះ ក្នុងនាមជាអ្នករៀបចំ លោកក៏ចង់ឃើញប្រជាជនខ្មែរ ប្រើប្រាស់ផលិតផលក្នុងស្រុកគ្រប់ៗគ្នា ចង់ឃើញផលិតផលខ្មែរ មានវត្តមានគ្រប់ខេត្តក្រុង លើទីផ្សារទូទាំងប្រទេស រួមទាំងតំបន់ព្រំដែនកម្ពុជា-ថៃ ផងដែរ ។ ជាពិសេសចង់ឱ្យពិព័រណ៍នេះ ក្លាយជាស្ពានចម្លងដ៏រឹងមាំរវាង «អ្នកផលិត» និង «អ្នកប្រើប្រាស់»។

ក្នុងចំណុចនេះ ទាក់ទងដល់ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» លោកតែ តុងប៉ ក៏បានធ្វើការវាយតម្លៃចំពោះស្ថានភាពនៃការពហិការផលិតផលថៃ និងសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុករបស់ពលរដ្ឋខ្មែរដែរថា ស្ថានភាពបច្ចុប្បន្ន ចង្វាក់ផលិតកម្មក្នុងស្រុកកំពុងមានការរីកចម្រើន និងមានស្តង់ដារល្អជាងមុន ដោយពលរដ្ឋខ្មែរមានមោទនភាព និងយល់ដឹងពីតម្លៃនៃការប្រើប្រាស់ទំនិញក្នុងស្រុក ប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត ដែលលោកបាន​សង្កេត​ឥរិយាបថ​រងបស់​ប្រជាជនខ្មែរ ងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាង​ខ្លាំងក្លា ដោយមាន​ការ​ស្ទុះ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ មិន​ថា​តែ​ប្រជា​ពលរដ្ឋ​ទូទៅ សូម្បី​តែ​ក្មេងៗ​ក៏មា​នការយល់​ដឹងច្រើន ។ ពោលគឺក្រោយពហិការមិនប្រើរបស់ថៃ ការគាំទ្រផលិតផលខ្មែរ មានការកើនឡើង ដែលកាល​ពី​ជិត ២០ ឆ្នាំមុន ផលិតផល​ខ្មែរ​យើង​មាន​ចំណែក​ទីផ្សារ​ត្រឹម​តែ ២% ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​បាន​កើន​ដល់ ៣០% ឯ​ការនាំចូល​នៅសល់ ៧០%។ នេះ​បង្ហាញ​នៃ​ឆន្ទៈ​នៃ​ការ​គាំទ្រ​ផលិតផល​ក្នុងស្រុក។

ភ្ជាប់ជាមួយការវាយតម្លៃ លោកតែ តាំងប៉ ក៏សូមលើកចិត្តប្រជាពលរដ្ឋខ្មែរ ឲ្យចូលរួមគាំទ្រផលិតផលខ្មែរ បន្ថែមទៀត ជាពិសេសសូមឲ្យជឿជាក់លើផលិតផលខ្មែរ ព្រោះខ្មែរ ក៏មានទឹកចិត្ត មានបេះដូង ចង់ឲ្យមានផលិតផលខ្មែរ ដែរ…៕   

RELATED ARTICLES