ខេត្តកណ្តាល ៖ បុរសម្នាក់ ភ្ញាក់ពីដេក មិនទាន់លុបមុខផង ដើរទៅសុំលុយម្តាយ ចំនួន២ម៉ឺនរៀល លុះម្តាយប្រាប់ថា គ្មានទេ ក៏ខឹងសម្បា ជេរប្រមាថនិងទាញពូថៅ កាំបិងប៉័ងតោ គំរាមកាប់សម្លាប់ម្តាយ ធ្វើឱ្យស្ត្រីជាម្តាយភ័យ ក៏ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ចាប់វាយខ្នោះកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ករណីគំរាមសម្លាប់ម្តាយនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិព្រៃតាថុក ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ស្ត្រីរងគ្រោះ មានឈ្មោះប៊ូ សុខុម អាយុ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃតាថុក ឃុំព្រែកស្លែង ស្រុកកណ្តា លស្ទឹង ខេត្តកណ្តាល។ ចំណែកជនសង្ស័យ ជាកូនប្រុស ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈួន ពេជ្ររ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃតាថុក ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មានសារធាតុញៀន)។ ចំពោះវត្ថុតាងចាប់យក រួមមាន ពូថៅផ្លែដែក ដងឈើ ១ដើម ប្រវែង៥៩សង់ទីម៉ែត្រ កាំបិតប៉័ងតោ ផ្លែដែកដងដែក ប្រវែង៣០សង់ទីម៉ែត្រ និងម្សៅក្រាមពណ៌សថ្លា សង្ស័យសារ ធាតុញៀន ចំនួន៣កញ្ចប់តូច។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្ត្រីរងគ្រោះជាម្តាយ ឈ្មោះប៊ូ សុខុម បានក្រោកពីដេក និងបានរៀបចំបោសសម្អាតផ្ទះ លុះដល់វេលាម៉ោង៨ ព្រឹក ថ្ងៃដដែល ជនសង្ស័យជាកូនប្រុស ឈ្មោះឈួន ពេជ្ររ៉ា បានងើបពីដេក ដើរមកសុំលុយម្តាយ ចំនួន២ម៉ឺនរៀល តែស្ត្រីរងគ្រោះជាម្តាយ បាននិយាយថា “អញអត់មានលុយទេ” ភ្លាមនោះជនសង្ស័យបានយកពូថៅ មកកាន់ជាប់ដៃ រួចនិយាយគំរាមទៅលើម្តាយបង្កើតខ្លួនឯងថា “អញកាប់ងាប់ឥឡូវ!” និងថែមទាំងជេរប្រមាថស្ត្រីជាម្តាយទៀតផង។ ពេលនោះស្ត្រីរងគ្រោះ បានរត់ចេញមកខាងក្រៅផ្ទះ ហើយបានទូរស័ព្ទ រាយការណ៍ទៅកម្លាំងប៉ុស្តិ៍នគរបាលព្រែកស្លែង ឱ្យជួយអន្តរាគមន៍តែម្តង។
ប្រភពដដែល បន្តថា ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ និងបានឃើញជនសង្ស័យកំពុងកាន់កាំបិតប៉័ងតោ គំរាមសម្លាប់ស្ត្រីរងគ្រោះជាម្តាយមែន ក៏ឃាត់ខ្លួនជនសង្ស័យ ធ្វើការឆែកឆេរ ឃើញមានថ្នាំញៀន ចំនួន ៣កញ្ចប់តូច នៅក្នុងហោប៉ៅខោខាងស្តាំរបស់ជនសង្ស័យ រួចក៏បញ្ជូនជន សង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឈន ពេជ្ររ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាន់ពូថៅ គំរាមសម្លាប់ម្តាយខ្លួនឯងប្រាកដមែន។ ចំណែកគ្រឿងញៀនទាំង៣កញ្ចប់ ខ្លួនបានទិញពីជន សង្ស័ យមិនស្គាល់អត្តសញ្ញាណ នៅម្តុំទន្លេបាទី ខេត្តតាកែវ ហើយកន្លងមកខ្លួនតែងតែប្រើប្រាស់គ្រឿងញៀន និងគំរាមរកសម្លាប់ម្តាយ វាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ ជាញឹកញាប់។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕