Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិវេណេ​ស៊ុយ​អេឡា​ខ្វះថ្នាំ​ពេទ្យស្នើ​​សុំអង្គការ​​សហប្រជា​ជាតិ​ជួយ​

វេណេ​ស៊ុយ​អេឡា​ខ្វះថ្នាំ​ពេទ្យស្នើ​​សុំអង្គការ​​សហប្រជា​ជាតិ​ជួយ​

វេណេស៊ុយអេឡា៖ លោកប្រធានាធិបតី​ Nicolas Maduro ថ្លែងកាលពី​ថ្ងៃសុក្រ​ថា​លោក​បាន​ស្នើ​ទៅកាន់​អង្គការ​សហប្រជាតិ​ឲ្យ​ជួយ​ដល់​ការ​ខ្វះខាត​ឱសថយ៉ាង​ធ្ងន់​ធ្ងរ​ក្នុងប្រទេស​វេណេស៊ុយអេឡា ​នេះជាការ​ទទួលស្គាល់​ពី​វិបត្តិនៃស្ថានការ​ណ៍ដ៏​លំបាក​ដែលគេកម្របានឃើញរបស់ប្រជាជាតិមួយនេះ ។

មេដឹកនាំរូបនេះ​បាន​ឲ្យ​ដឹងនៅ​ក្នុង​សន្ទរកថា​ដែលចាក់ផ្សាយតាមទូរទស្សន៍​ជាតិ​ថា​ ខ្ញុំ​បាន​ស្នើ​ទៅអង្គការសហប្រជាជាតិ​ក្នុងការ​ធ្វើនិយ័តកម្ម​ក្នុង​បញ្ហាឱសថ​​​​ដែល​កំពុងជួបប្រទះ​ ។ អង្គការ​សហប្រជាជាតិ​មាន​គម្រោង​អភិវឌ្ឍន៍​​ភាគ​ច្រើន​គឺ​ផ្តោតលើការ​ធ្វើ​ឲ្យ​ប្រសើរឡើងវិញនូវ​សមត្ថភាព​ផលិតភាព​នៃឧស្សាហកម្ម​ឱសថ​ ។

វេណេស៊ុយអេឡា​បាន​ជាប់គាំង​ក្នុង​ឆ្នាំ​ទី​៤ហើយ​នៃដំណើរ​ដើរថយក្រោយនិង​ផុងខ្លួន​​កាន់​តែ​​ជ្រៅ​ ​ជាពិសេ​ស​កត្តា​ខ្វះខាត​ស្បៀងអាហារ​និង​ទំនិញ​សំខាន់​ៗ​ជាច្រើន​រាប់បញ្ចូល ថ្នាំ​ពេទ្យ ជាដើម​ដែល​​ជំរុញ​ឲ្យ​ប្រទេស​នេះ​ក្លាយជាអ្នក​ដុនដាប​ ។

សហព័ន្ធ​ឱសថ​វេណេស៊ុយអេឡា​លើកឡើង​ថា​មន្ទីរពេទ្យ​នានា​មាន​ថ្នាំពេទ្យ​សម្រាប់ព្យាបាល​​អ្នកជំងឺត្រឹមតែ​៣%​ប៉ុណ្ណោះ ។ លោក Maduro បាន​ធ្វើ​ការស្នើ​សុំ​បែបនេះ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​និង​លោក Jessica Faieta អគ្គនាយក​គ្រប់គ្រង​កម្ម​វិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំតំបន់​អាមេរិក​ឡាទីន ។

គួរកត់សម្គាល់​ថា​វេណេស៊ុយអេឡា​គឺជា​តំបន់​មួយ​ដែលមាន​ប្រេង​បម្រុង​ទុក​ច្រើន​ជាងគេ​បំផុត​លើពិភពលោក​ ប៉ុន្តែ​បាន​ជួបនឹង​ផលលំបាក​តាមរយៈ​តម្លៃ​ប្រេង​ចុះ​ថោក​ក្នុងអំឡុងពេលប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES