Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិអុីស្រាអែលអត់ស្តាប់ UN បន្តសង់​ផ្ទះលើដីប៉ាឡេស្ទីនដដែល

អុីស្រាអែលអត់ស្តាប់ UN បន្តសង់​ផ្ទះលើដីប៉ាឡេស្ទីនដដែល

អុីស្រាអែល​​មិន​ខ្ចីខ្វល់​ជាមួយនិង​​ការទាមទាររបស់ UN ឲ្យ​​បញ្ឈប់​សកម្មភាព

អុីស្រាអែល៖ ប្រេសិតអង្គការ​សហប្រជាជាតិ​ប្រចាំតំបន់​មជ្ឈិមបូព៌ា​លោក Nickolay Mladenov បានថ្លែងប្រាប់​​សមាជិករបស់ខ្លួនមកពី១៥ប្រទេស​​ថា​ ​​រដ្ឋា​ភិបាល​អ៊ីស្រាអែល​បានសំដែងឥរិយាប​ទ​ធ្វើ​មិនអើពើដឹង​ឭ​ចំពោះ​ការ​ទាមទារ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​តម្រូវ​ឲ្យរដ្ឋាភិបាលក្រុង​​ហ្ស៊េ​រុយ​​សាឡិម​​បញ្ឈប់ការសាងសង់​លំនៅឋានរំលោភបំពានលើប៉ាឡេស្ទីន។​

នេះគឺជាសេចក្តី​រាយការណ៍​លើកដំបូងរបស់លោកបេសកជន Mladenov ស្តីអំពីការ​ប្រតិបត្តិ​តាម​សេចក្តីសម្រេច​កាលពីថ្ងៃទី​២៣​ខែធ្នូ​ដែលបានអនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែលមានសំឡេង​​១៤​គាំទ្រនិង​ការអនុបវាទ​របស់​​សហរដ្ឋអាមេរិក​។​ ក្រោយមក​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ដូណាល់​ ត្រាំ និង​អ៊ីស្រាអែល​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ប្រកាន់​យក​នូវ​សិទ្ធិវេតូរបស់ខ្លួន​ ។

លោក Mladenov បានថ្លែងប្រាប់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា​សេចក្តី​សម្រេច​នេះ​បាន​អំពាវនាវឲ្យ​អ៊ីស្រាអែល​ចាត់វិធានការ​ណ៍​បញ្ឈប់​សកម្ម​ភាព​សាងសង់​លំនៅឋាន​ក្នុង​ដែនដី​ដែលគ្រប់គ្រង​ដោយ​រដ្ឋាភិបាលប៉ាឡេស្ទីន​រាប់បញ្ចូល​ភាគខាងកើត​ក្រុង​ហ្ស៊េរុយសាឡិម ។

ដោយឡែក​បេសកជនប៉ាឡេស្ទីនប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Riyad Mansour បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ការ​តាំងទីលំនៅ​របស់អ៊ីស្រាអែល​ចាំបាច់​ត្រូវ​តែ​បញ្ឈប់​ ព្រោះ​វាមិនត្រឹមតែ​ខុសច្បាប់ប៉ុណ្ណោះទេ​ថែមទាំង​ជា​ឧប​សគ្គដ៏​ធំ​ក្នុងការ​បោះជំហាន​ទៅរក​ដំណោះស្រាយនៃ​រដ្ឋ​ពីរ​ទៀតផង​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES