Wednesday, April 29, 2026
Homeសង្គម និងជីវិតស្នេហាពិត មិនគិតពីរូបសម្បត្តិ អាណិតក្រមុំដៃខ្លី ស្តីដណ្តឹងរៀបការ

ស្នេហាពិត មិនគិតពីរូបសម្បត្តិ អាណិតក្រមុំដៃខ្លី ស្តីដណ្តឹងរៀបការ

ខេត្តកំពត ៖ ក្រមុំពិការ (ដៃខ្លី) ម្នាក់ តែងថតវីដេអូ បង្ហោះក្នុងបណ្តាញសង្គម បង្ហាញពីស្ថានភាពជីវិតរស់នៅ និងការដាំបន្លែបង្ការ ក្បែរផ្ទះរបស់ខ្លួន ស្រាប់តែក្រោយមក មានបុរសម្នាក់ បានឃើញវីដេអូ ក៏ចាប់អារម្មណ៍ ចេះតែតាមដាន រហូតដល់ឆាតទាក់ទងសុំរាប់អាន ហើយក៏កើតមានចិត្តអាណិតនារីពិការដៃខ្លី ធ្ងន់ឡើងៗ រហូតក្លាយជាក្តីស្នេហា តាមសុំស្នេហ៍ ជិត១ឆ្នាំ ទម្រាំខាងស្រី ព្រមបើកបេះដូង ទទួលយកស្នេហាពីខាងប្រុស និងឈានដល់ការស្តីដណ្តឹងរៀបការតាមប្រពៃណី។

គូស្នេហ៍ពិត មិនគិតពីរូបសម្បត្តិនេះ ទើបនឹងដឹកដៃគ្នាចូលរោងការ តាមប្រពៃណី កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃស្រឡៅ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

សាមីខ្លួនកូនក្រមុំពិការ (ដៃខ្លី) ឈ្មោះផាន ស្រីអួច អាយុ២៨ឆ្នាំ បានរៀបរាប់ប្រាប់ថា នាងជាកូនច្បង ក្នុងចំ ណោមបងប្អូន ចំនួន៦នាក់ (ស្រីទាំងអស់) ឪពុករបស់នាង ជាជនពិការ (ដៃខ្លី) ចំណែកម្តាយនាងមានកាយ សម្បទាល្អគ្រប់គ្រាន់ ទើបទទួលមរណភាព កាលពី ១ឆ្នាំមុន។ ចំណែកបងប្អូនស្រីរបស់នាង ទាំង៦នាក់ ក្នុងនោះមានដៃខ្លី ចំនួន៣នាក់ រួមមាន រូបនាង ជាកូនច្បង ប្អូនទី២ និងប្អូនទី៣ រីឯប្អូនទី៤ ដល់ទី៦ មានកាយសម្បាទាល្អគ្រប់គ្រាន់ធម្មតា។

នាង ផាន ស្រីអួច បានរៀបរាប់បន្តថា កន្លងមក នាងតែងថតវីដេអូ​ បង្ហោះក្នុងបណ្តាញសង្គម បង្ហាញពីស្ថានភាពជីវិតរស់នៅរបស់នាង និងក្រុមគ្រួសារ ព្រមទាំងបង្ហាញពីការដាំដុះបន្លែបង្ការខ្លះៗ ក្បែរផ្ទះ ដើម្បីទុកហូបខ្លះ លក់ដូរខ្លះ គ្រាន់បានប្រាក់ ជួយដោះស្រាយជីវភាពប្រចាំថ្ងៃ។ ស្រាប់តែក្រោយមក កាលពី ១ឆ្នាំមុន គ្រាដែលនាងទើបនឹងបាត់បង់ម្តាយ ជាទីស្រលាញ់ ស្រាប់តែមានបុរសម្នាក់ បានឆាតមកសុំរាប់អាននាង ចំ ណែកនាងក៏មិនថាអ្វីដែរ រួចក៏បន្តឆាតសួរនាំ ឆ្លើយឆ្លងគ្នាពីនេះពីនោះ តាមធម្មតា។ លុះរំលងបានប៉ុន្មានខែ ក្រោយមក ស្រាប់តែខាងប្រុស បានសារភាពសុំស្រលាញ់នាងត្រង់ៗតែម្តង។ ចំណែកនាង ពេលឮបែបនេះ មានអារម្មណ៍ត្រេកអរផង ភ័យខ្លាចផង។ ត្រេកអរ នៅត្រង់ថា ទោះបីខ្លួនជាមនុស្សពិការ មានកាយសម្បទាមិនសមរម្យនឹងគេ បែរជាមានអ្នកសុំស្រលាញ់ដែរ តែជាមួយនេះ នាងក៏ចាប់ផ្តើមភ័យខ្លាចផងដែរ ព្រោះខ្លាចគេគ្រាន់តែលេងសើចជាមួយនាង។

នាង ផាន ស្រីអួច បានបន្ថែមថា លុះបន្ទាប់មកទៀត បុរសនោះ ចេះតែតាមលួងលោមសុំស្នេហ៍នាង ជាប់រហូត ទើបនាងប្រាប់ទៅវិញថា “មកស្រលាញ់ខ្ញុំធ្វើអី ខ្ញុំពិការ ដៃខ្លីអ៊ីចឹង ហើយគ្រួសារក៏ទីទ័លក្រទៀត?…” តែខាងប្រុស បានប្រាប់ថា គាត់ហាក់មាននិស្ស័យជាមួយនាង និងបានសារភាពថា គាត់ក៏ធ្លាប់ស្រលាញ់មនុស្សស្រី មានរូបរាង មុខមាត់ស្អាតបាតល្អត្រឹមត្រូវ និងថែមទាំងមានជីវភាពធូរធារដែរ តែការរស់នៅមិនចុះសម្រុងនឹងគ្នា នៅជាមួយគ្នាមិនបានសុខឡើយ។ ដោយមើលឃើញថា ខាងប្រុស ពិតជាមានចិត្តច្បាស់លាស់ ចង់បាននាងជាគូអនាគតមែន ទើបនាងស្នើឱ្យមើលចិត្តគ្នាសិន និងបញ្ជាក់ប្រាប់ទៅគាត់ថា នាងគឺជាមនុស្សពិការបែបនេះ គឺឆាប់អន់ចិត្ត តូចចិត្ត និងឆាប់ប៉ះពាល់អារម្មណ៍ខ្លាំងណាស់ ខ្លាចទទួលយកនាងមិនបាន។ ប៉ុន្តែក្រោយពីស្វែង យល់ចិត្តគ្នាទៅវិញទៅមក រយៈពេលជិត ១ឆ្នាំមក បេះដូងនាង ក៏ព្រមបើកទទួលខាងប្រុស ធ្វើជាគូអនាគត ហើយខាងប្រុស ក៏ផ្តល់តម្លៃឱ្យនាង តាមរយៈការចូលស្តីដណ្តឹង និងរៀបការតាមប្រពៃណី។

នាង ផាន ស្រីអួច បានពោលសរសើរស្វាមីរបស់នាងថា តាំងពីរាប់អានគ្នាមក នាងមើលឃើញថា គាត់ជាមនុស្សប្រុសល្អ ចេះផ្តល់តម្លៃ និងស្រលាញ់មើលថែនាងខ្លាំងណាស់ យល់ចិត្តនាងសព្វគ្រប់បែបយ៉ាង ពិសេស តាមចិត្តនាងរហូត ដែលទង្វើល្អទាំងនោះហើយ ធ្វើឱ្យនាងមានភាពកក់ក្តៅ និងមានទំនុកចិត្តលើក្តីស្រលាញ់របស់គាត់។

ចំណែកសាមីខ្លួនបុរសជាប្តី បានរៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួនថា ដំបូងឡើយ លោកបានឃើញខាងស្រី តាមរយៈវីដេអូដែលនាងបង្ហោះតាមបណ្តាញសង្គម ជាក់ស្តែង វីដេអូដែលលោកអូសឃើញដំបូងបំផុត គឺនាងដាំបន្លែ ជាមួយបងប្អូន ក៏ធ្វើឱ្យលោកទាក់អារម្មណ៍ ចេះតែបន្តតាមដាន និងចូលទេខម្មិននៅក្នុងវីដេអូនាង ជារឿយៗ រហូតមក។ លុះក្រោយមក នៅពេលឃើញនាងបង្ហោះវីដេអូ បង្ហាញពីភាពសោកសៅ ដែលត្រូវបាត់បង់ម្តាយ ធ្វើឱ្យលោកមានចិត្តអាណិតនាងកាន់តែខ្លាំង រួចក៏បានចូលទៅខម្មិនលើកទឹកចិត្ត និងសុំឆាតផ្ទាល់ជា មួយនាង តែ២នាក់ ក្នុងន័យរាប់អានធម្មតាប៉ុណ្ណោះ។ ចំណែកនាងក៏មិនថាអ្វីដែរ ដោយប្រាប់ថា អាចឆាតមកលេងនាងបាន ហើយពេលនាងទំនេរពីការងារ នាងនឹងឆ្លើយតបវិញ។

បុរសជាប្តី  បានបន្តថា តាំងពីនោះមក លោកនិងនាង ផាន ស្រីអួច ក៏ចាប់ផ្តើមឆាតឆ្លើយឆ្លងគ្នា រៀបរាប់ពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន ប្រាប់គ្នាទៅវិញទៅមក ដោយមិនលាក់លៀម។ លុះក្រោយពីដឹងរឿងរ៉ាវជីវិតនាងកាន់តែស៊ីជម្រៅ ធ្វើឱ្យរូបលោក កាន់តែមានចិត្តអាណិតនាងធ្ងន់ឡើងៗ ក្លាយជាសេចក្តីស្នេហា រហូតដល់ ៣ខែក្រោយមក លោកក៏ដាច់ចិត្តសារភាពសុំស្រលាញ់នាងតែម្តង ប៉ុន្តែនាងមិនបានឆ្លើយយល់ព្រមភ្លាមៗនោះទេ ដោយនិយាយថា មើលចិត្តគ្នាសិនទៅ ព្រោះយើងជាមនុស្សល្អសមសួន ចំណែកនាង ពិការ ក្រែងស្រលាញ់នាងតែ មួយឆាវ ឬអាចគ្រាន់តែជាការលេងសើចមួយពេល។ បន្ទាប់មក លោកក៏បានស្វែងយល់ពីនាង កាន់តែច្រើន ឡើង និងបើកចិត្តបង្ហាញពីទំហំបេះដូងដែលមានចំពោះនាង រហូតដល់ជិត១ឆ្នាំ ទើបនាងព្រមឆ្លើយពាក្យថា ព្រមស្នេហ៍ ហើយក៏ឈានដល់ការស្តីដណ្តឹង រៀបការតែម្តង។

បុរសជាប្តីៅ បានបញ្ជាក់ថា នៅពេលដឹងថា លោកស្តីដណ្តឹង រៀបការជាមួយក្រមុំដៃខ្លី (ផាន ស្រីអួច) មក មិនខ្វះទេអ្នកលើកទឹកចិត្ត ជូនពរឱ្យចំណងស្នេហ៍របស់លោក មានសុភមង្គលប៉ុន្តែជាមួយគ្នានេះ ក៏មានអ្នក រិះគន់ សើចចំអកជាច្រើនផងដែរ ដែលទាំងនេះ គឺជាអ្វីដែលជំរុញចិត្តឱ្យគាត់ប្រឹងជម្នះនូវពាក្យមើលងាយ ដើម្បីមនុស្សជាទីស្រលាញ់ និងប្តេជ្ញាចិត្តថា នឹងស្រលាញ់មើលថែ បង្កើតគ្រួសារជាមួយគ្នា មើលថែគ្នា ឱ្យបានល្អតទៅថ្ងៃមុខ។

បុរសជានប្តី បាននិយាយថា “ខ្លះបានលើកឡើងបែបពេបជ្រាយថា ស្រលាញ់ទៅ ធ្វើអីកើត ដៃខ្លីអ៊ីចឹង? ខ្លះថា អ្ហែងយកទៅ អត់ខ្លាចកូនអ្ហែងកើតមក អត់ដៃ អត់ជើង អ៊ីចឹងដែរទេអី? តែអ្វីដែលខ្ញុំចង់បញ្ជាក់ទៅវិញនោះ ទោះកូនខ្ញុំកើតមកយ៉ាងម៉េច ក៏នៅតែជាកូនរបស់ខ្ញុំ ខ្ញុំនឹងមើលថែ ចិញ្ចឹមបីបាច់ឱ្យអស់ពីលទ្ធភាព ក្នុងនាមជាឪពុក នេះជាការតាំងចិត្តរបស់ខ្ញុំ…”៕ ដារិទ្ធ

RELATED ARTICLES