Friday, May 1, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទប់ស្កាត់ក្មេងទំនើង ត្រូវពង្រឹងនីតិរដ្ឋ បញ្ឈប់វប្បធម៌នយោបាយខ្សែខ្នង បក្ខពួក

ទប់ស្កាត់ក្មេងទំនើង ត្រូវពង្រឹងនីតិរដ្ឋ បញ្ឈប់វប្បធម៌នយោបាយខ្សែខ្នង បក្ខពួក

ភ្នំពេញ ៖ វេទិកាប្រធានអនាគត និងអ្នកនយោបាយ បានលើកឡើងថា ដើម្បីទប់ស្កាត់ក្មេងទំនើង ត្រូវបោះ ឆ្នោតជ្រើសរើសអភិបាលស្រុក ដោះស្រាយមន្រ្តីទំនើង និងបញ្ឈប់វប្បធម៌នយោបាយខ្សែខ្នងបក្ខពួក ត្រូវចាប់ផ្ដើមពឹងផ្អែកលើច្បាប់ ពង្រឹងការអនុម័តច្បាប់ និងនីតិរដ្ឋ  រួមជាមួយគន្លឹះដំណោះស្រាយ «មុំ៤» មានកិច្ចសហការគ្នារវាងឪពុកម្តាយ ឬអាណាព្យាបាល សាលារៀន ទីវត្តអារាម និងសមត្ថកិច្ច អាជ្ញាធរ តាមរយៈការអនុវត្តច្បាប់ និងការអប់រំសីលធម៌សង្គម ។

លោក អ៊ូ វីរៈ ប្រធានវេទិកាប្រធានអនាគត និងជាអ្នកវិភាគនយោបាយសង្គម បានសរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា «ទប់ស្កាត់ក្មេងទំនើង យើងត្រូវមានការបោះឆ្នោតជ្រើសរើសអភិបាលស្រុក ដោយផ្ទាល់ ដោះស្រាយមន្ត្រីទំនើងបាន ទប់ស្កាត់ក្មេងទំនើងបានហើយ។ បញ្ឈប់វប្បធម៌នយោបាយនៃខ្សែនិងខ្នង ត្រូវចាប់ផ្ដើមពឹងផ្អែកលើកច្បាប់វិញ»។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ថា ការបោះឆ្នោតជ្រើសរើសអភិបាលស្រុក ជាឯកត្តនាម ចង់ឲ្យចៅហ្វាយស្រុក មានអំណាចក្នុងការរើសនិងបញ្ជាអធិការប៉ូលិសស្រុក ហើយខ្លាចប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅមូលដ្ឋាន ប៉ុន្តែត្រូវតែមានថវិកាស្វយ័ត ឲ្យគាត់ផងដែរ ដើម្បីឲ្យគាត់ឈប់ខ្លាចបក្ស និងខ្លាចថ្នាក់ជាតិ ហើយខ្លាចប្រជាពលរដ្ឋនៅមូលដ្ឋានជាង ដល់ពេលនោះ យើងនឹងឃើញការអនុវត្តច្បាប់មានប្រសិទ្ធភាព ជាពិសេសទាក់ទងនឹងការលុបបំបាត់ក្មេងទំនើង ។ 

លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា “តាមពិត ទាក់ទងពីរឿងការបោះឆ្នោតដោយផ្ទាល់ សម្រាប់ចៅហ្វាយស្រុក ចៅហ្វាយខណ្ឌ សម្រាប់ខ្ញុំ គឺជាគន្លឹះសំខាន់ជាងគេបង្អស់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ទាំងមូល សំខាន់ជាងគេ ដោយសារជាទូទៅ យើងបែងចែកអំណាច ហើយនិងបែងចែកការទទួលខុសត្រូវ ។ ប្រសិនយើងមើលមែនទែនទៅ សំណួរសួរថា តើនរណាជាអ្នកចាត់ចែង? នរណាជាអ្នកឃ្លាំមើល? ជាអ្នកវិ និច្ឆ័យ? ជាទូទៅនៅក្នុងគោលនយោបាយសាធារណៈ បានន័យថា ការចាត់ចែងរឿងបញ្ហាសង្គម គោលន យោបាយសាធារណៈនេះ គឺយើងមានបីផ្នែក ខុសគ្នា ។ ទីមួយ «អ្នកផ្តើមគំនិត» សំណួរសួរថា អ្នកណាគេជាអ្នកផ្ដើមគំនិត? ហើយបន្ទាប់ពីផ្ដើមគំនិតហើយ តើគំនិតហ្នឹងទៅជាយ៉ាងម៉េច? វាទៅជាច្បាប់យកទៅអនុវត្ត? ទៅជាក្រមសីលធម៌សម្រាប់សង្គម ជាវប្បធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅ ជាជំនឿ ជាសិក្សាអីអ៊ីចឹងទៅ វាមានលក្ខណៈផ្សេងផ្សេងគ្នា ។ អ៊ីចឹងបើសិនយើងបែងចែកលម្អិត វាមាន ៥ជំហាន ។  អ៊ីចឹងតើសំណួរអី តើបញ្ហាអី ជាបញ្ហាចម្បងដែលសង្គមផ្ដោត? អាហ្នឹងគឺវាចេញពីទូទៅ ពីអ្នកដឹកនាំ ពីប្រជាពលរដ្ឋ ពីសារព័ត៌មាន ពីការផ្សព្វផ្សាយ ពីអ្នកតាមដាន ពីការចូលរួម ពីការអីអ៊ីចឹងទៅ វាចេញមកពីហ្នឹង បានយើងដឹងថា តើប្រធានបទមួយណា ជាប្រធានបទសំខាន់ជាង នាពេលបច្ចុប្បន្ន? ឬមួយក៏សម្រាប់ទៅអនាគត? អ្នករំពឹងទៅមុខ គេមិន មែនមើលពីបញ្ហាទំនាយទេ គេមើលទៅលើអ្វីដែលវាជាទស្សនវិស័យដែលគេចង់បាន ដើម្បីត្រៀមខ្លួនឲ្យហើយ ។ មែនទែន អ្នកដែលសង្កត់ទៅលើប្រធានបទមួយៗ បើសិនសង្គម គិតថា អាហ្នឹងសំខាន់មែន សម្រាប់អ្នក ដឹកនាំ គិតថា សំខាន់មែន អ្នកចូលរួមគិតថាសំខាន់មែន ទើបជាប្រធានបទសំខាន់សម្រាប់ពេលបច្ចុប្បន្ន ក្នុងការរកគំនិតជាគោលនយោបាយ បន្ទាប់ពីគេដាក់ចេញពីរបៀបវារៈហ្នឹងហើយ គេគិតពីរឿងសរសេរគោលន យោបាយ និងអនុម័តគោលនយោបាយ ហើយជាទូទៅ នៅថ្នាក់ជាតិ យើងមានសភា ប៉ុន្តែថ្នាក់ក្រោមជាតិ យើងអត់មានទេ យើងមានក្រុមប្រឹក្សាខេត្ត យើងមានក្រុមប្រឹក្សាស្រុក យើងមានក្រុមប្រឹក្សាឃុំ ប៉ុន្តែក៏អត់មានដើរតួជានីតិប្បញ្ញត្តិឯករាជ្យទេ ទាល់តែមានការបោះឆ្នោតដោយផ្ទាល់ ពីប្រជាពលរដ្ឋ។ ប៉ុន្តែប្រសិនបើបោះ ឆ្នោតដោយផ្ទាល់ ទាល់តែឯកត្តនាមទៅទៀត បើសិនជាគោលគំនិត គោលនយោបាយទាំងអស់ ក៏គាត់ស្តាប់បក្សរបស់គាត់ ដោយសារគាត់នៅចងខ្សែជាមួយនឹងបក្សហ្នឹង គឺគាត់អត់បានជាអ្នកតាក់តែងគោលនយោបាយទេ ។ គោលនយោបាយ មិនមែនថ្នាក់ជាតិទេ គឺគោលនយោបាយគ្រប់ថ្នាក់ទាំងអស់ ថ្នាក់ភូមិ ថ្នាក់ឃុំ សូម្បីតែការិយាល័យមួយ ក៏យើងមានគោលនយោបាយដែរ ប៉ុន្តែមិនមែនមានគោលនយោបាយសាធារណៈ ឬមិនមែនគោលនយោបាយជាឯកជន“ ។

លោក អ៊ូ វីរៈ បានមានប្រសាសន៍បន្តថា “អ៊ីចឹងគោលនយោបាយជាសាធារណៈ បានន័យថា វាទាក់ទងគ្រប់ជាន់ថ្នាក់ទាំងអស់ ហើយយើងក៏ប្រឹងការអនុវត្តគោលនយោបាយ ហៅថា សភាគ្រប់គ្រាន់កន្លែងហ្នឹង ។ គ្រប់កន្លែង បានន័យថា អ្នកអនុម័យគោលគំនិតសំខាន់ៗហ្នឹង ។ បន្ទាប់ពីអ្នកអនុម័តយើងមានរើសអ្នកអនុវត្ត ហើយយើងនេះ គឺចៅស្រុក ចៅហ្វាយខណ្ឌ ចៅហ្វាយឃុំ អីហ្នឹង គឺជាអ្នកអនុវត្ត ហើយជារួម រដ្ឋាភិបាលយើង គឺជាអ្នកអនុវត្តថ្នាក់ជាតិ អនុវត្តថ្នាក់ខេត្ត ថ្នាក់អីហ្នឹង គឺឃុំ ស្រុក គឺអនុវត្តផ្សេង ។ ប៉ុន្តែក្នុងករណីអ្នកអនុវត្តហ្នឹងមានបញ្ហាមួយ ដោយសារគាត់ក៏គាត់អនុវត្តហើយ សំណួរសួរថា នរណាជាអ្នកវិនិច្ឆ័យ? បន្ទាប់ពីអនុវត្ត យើងមានក្រុមអនុវត្ត ប៉ុន្តែត្រូវមានក្រុមវិនិច្ឆ័យ ហើយក្រុមវិនិច្ឆ័យនេះ វាជារឿងមួយពិបាក នៅថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំហ្នឹង ។ នៅក្នុងថ្នាក់ជាតិ យើងគិតថា អ្នកវិនិច្ឆ័យ គឺប្រជាពលរដ្ឋ តាមរយៈការបោះ ឆ្នោតថ្នាក់ជាតិ ។ នៅថ្នាក់ឃុំ យើងថា ប្រជាពលរដ្ឋដដែល ព្រោះប្រជាពលរដ្ឋ មានសិទ្ធិបោះឆ្នោតឃុំ ប៉ុន្តែគ្រាន់តែថាជាក់ស្ដែងមែនទែន វាអត់មានទេ ដោយសារថា ថ្នាក់ឃុំ មិនមានឯករាជ្យ ប្រសិនជាថ្នាក់ឃុំ គាត់ឈរឈ្មោះឯកត្តនាម អាហ្នឹងវាមានគណៈវិនិច្ឆ័យបាន វិនិច្ឆ័យគាត់បាន ប៉ុន្តែបើសិនជាបក្ស ជាអ្នកវិនិច្ឆ័យ ឬមួយក៏ថ្នាក់ជាតិ ជាអ្នកវិនិច្ឆ័យ អាហ្នឹងគឺអ្នកវិនិច្ឆ័យ ដែលឃ្លាំការអនុវត្តនៅតាមភូមិ តាមឃុំ តាមស្រុក តាមខេត្តហ្នឹង គឺមើលមិនឃើញទេ គាត់មិនអាចទៅដល់ គាត់មិនអាចមើលឃើញ ហើយក៏គាត់មិនអាចមានពេល ឬមួយក៏មានអារម្មណ៍តាមមើលគ្រប់ជ្រុងជ្រោយ ហើយទៅលើប្រធានរាប់រយ រាប់ពាន់ រាប់ម៉ឺន ដែលកើតឡើងនៅតាមឃុំ តាមស្រុក និងតាមខេត្តនីមួយៗហ្នឹង ។ អ៊ីចឹងហើយ បានឈានមកដល់គន្លឹះនៃបញ្ហាដែលយើងឃើញនៅបច្ចុប្បន្ននេះ ចង់ដោះស្រាយយ៉ាងម៉េចក៏ដោយ ក៏ដោះស្រាយអត់ចេញដែរ ដោយសារអ្នកដែលឃ្លាំមើលអ្នកអនុវត្ត ។ បានន័យថា អ្នកអនុវត្ត យើងចាត់ទុកថា ចៅហ្វាយស្រុក ចុះ គាត់មានកាតព្វកិច្ចធ្វើការរឿងសន្តិសុខនៅស្រុកគាត់ តាមរយៈក្មេងទំនើង តាមរយៈចោរឆក់ក្ដី តាមរយៈរឿងសម្លាប់គ្នាក្ដី តាមរយៈឈ្លោះគ្នា អ្នករកស៊ីឈ្លោះគ្នាក្ដី គឺថា ចៅហ្វាយស្រុក អត់អនុវត្ត ប៉ុន្តែគាត់អនុវត្ត គឺពឹងផ្អែកទៅលើច្បាប់ ។ ច្បាប់ អ្នកជាតិសរសេរឲ្យ មិនតម្រូវគ្រប់ស្រុកទេ ព្រោះស្រុកខ្លះ វាខុសគ្នា ។ ខ្ញុំសូមលើកឡើងឧទាហរណ៍មួយ ដែលយើងនិយាយពីរឿងច្បាប់ថ្នាក់ជាតិ ។ ដូចរឿងអាំងគោ យកគោទាំងមូល ទៅអាំង ហៅថា គោដុត យើងដាក់តាំងគោដុត នៅកណ្ដាលផ្លូវ អីអ៊ីចឹងទៅ មានមតិមួយចំនួន រួមទាំងព្រះសង្ឃ រួមទាំងសាធារណជនហ្នឹង គាត់ថា បើអាំងគោអ៊ីចឹង វាអត់ត្រូវទេ ព្រោះក្រែងលោវាប៉ះពាល់ទៅលើទេសចរណ៍ អារម្មណ៍ទេសចរជនជាតិឥណ្ឌា ដែលគាត់មិនចង់ឃើញអ៊ីចឹង ។ អ៊ីចឹងយើងអាំងជ្រូក បានអត់? អាំងជ្រូក មានប៉ះពាល់ដល់អារម្មណ៍អ្នកកាន់សាសនាអ៊ិស្លាម យើងអាំងមាន់បានអត់ បើសិនគេកាន់សាសនាអ៊ីចឹងដែរ? វាមានជារឿងជាច្រើន ដែលខ្ញុំនិយាយហ្នឹង ហើយខ្ញុំចេះតែសួរ នឹកឃើញថា បើអាំងគោ នៅក្នុងផ្លូវ នៅកណ្ដាលទីក្រុងភ្នំពេញ មាត់ទ ន្លេកណ្ដាលទីក្រុងភ្នំពេញ ដែលមានទេសចរច្រើន វាប្រហែលជាត្រូវមែន វាអាចស្រុក ឬមួយខណ្ឌដូនពេញអីអ៊ីចឹង វាអាចប្រហែលអ្វីដែលបានលើកឡើងហ្នឹងវាត្រឹមត្រូវមែន ប៉ុន្តែប្រសិនបើអាំងគោ នៅកណ្តាលព្រៃ នោះខ្ញុំមើលទៅមិនដឹងវាប៉ះពាល់នរណាគេទេ ឬប៉ះពាល់ទេសចរណ៍អីទេ ហើយបើយើងគិតមើល នៅមណ្ឌលគិរី រតនគិរី ព្រៃវែង ស្វាយរៀង នៅក្រចេះ ស្ទឹងត្រែង បាត់ដំបង កំពង់ចាម អី មិនដឹងជាអាំងគោហ្នឹង ទៅប៉ះពាល់ទេសចរណ៍ឥណ្ឌា ណាមកដល់ទេ ហើយដោយសារអ៊ីចឹងហើយ បានន័យថា គ្រាន់តែរឿងអាំងគោ មួយ យើងអត់បានពិចារណាត្រូវផង“ ។

លោក អ៊ូ វីរៈ បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងបានច្បាប់ ឬមួយក៏គោលគំនិតចេញពីថ្នាក់ជាតិ វាអត់ដែលត្រូវគ្រប់ជំហាន គ្រប់កន្លែងទេ ។ អ៊ីចឹងហើយ បានច្បាប់ថ្នាក់ជាតិ គេអនុវត្តច្បាប់ណាដែលគ្របដណ្ដប់ស្មើភាពគ្នាទៅលើគ្រប់ទីតាំង ក្នុងប្រទេសទាំងមូល។ ប៉ុន្តែនៅក្នុងពេលណាដែលវាអត់ប៉ះពាល់ទីតាំងទាំងមូលទេ គេទុកឲ្យច្បាប់ហ្នឹងអនុម័តដោយថ្នាក់ខេត្ត ថ្នាក់ខណ្ឌ ឬមួយស្រុក ឬមួយថ្នាក់ឃុំ ហើយបើសិនក្នុងថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ គេហៅដីកា ហើយគណៈកម្មការហ្នឹង មានសិទ្ធិក្នុងការអនុម័ត បន្ទាប់ពីចេញដីកាហ្នឹង ។ ប៉ុន្តែបន្ទាប់ពីហ្នឹងហើយ សំណួរសួរថា តើនរណាជាអ្នកឃ្លាំមើល បើគាត់ទីមួយ គំនិតនុវត្តច្បាប់ល្អ គួរអនុម័ត មិនអនុម័ត គាត់ស្ដាប់នរណាគេ? គាត់គិតឃើញតាមគាត់ ខ្លួនគាត់ គាត់គិតឃើញតាមខ្លួនគាត់ គាត់អនុវត្តច្បាប់ណាដែលមានផលប្រយោជន៍គ្នាគាត់ទេ មិនមែនផលប្រយោជន៍ទូទៅ ប្រជាពលរដ្ឋទូទៅទេ ។ ប្រសិនជាប្រជាពលរដ្ឋ មានអំណាច គាត់ត្រូវអនុវត្តដែលមានផលប្រយោជន៍ទូទៅ អាហ្នឹងគាត់ខ្លាចប្រជាពលរដ្ឋ ។ អ៊ីចឹងប្រជាពលរដ្ឋ ទាមទារផលប្រយោជន៍ ។ អ៊ីចឹងជាទូទៅ គឺការបោះឆ្នោត សំខាន់ តែទាក់ទងរឿងការឃ្លាំ មើលសន្តិសុខ ឬក្មេងទំនើងនេះ បើសិនជាយើងអត់ឲ្យប្រជាពលរដ្ឋ ជាអ្នកឃើញប្រចាំថ្ងៃ ដូចក្មេងទំនើង ហើ យឲ្យអំណាចទៅជាចៅហ្វាយស្រុក ក្នុងការអនុវត្ត មានអំណាចពិតប្រាកដ ប៉ុន្តែទន្ទឹមគ្នានឹងឲ្យអំណាចគាត់ ក៏ឲ្យការទទួលខុសត្រូវគាត់ជាមួយនឹងប្រជាពលរដ្ឋ ជាអ្នកឃ្លាំមើល ភ្នែក ច្រមុះ ជាអ្នកដឹងហើយ ជាអ្នកឈឺចិត្តទៀត ប្រជាពលរដ្ឋអ្នកដែលរងគ្រោះទៅលើក្មេងទំនើងច្រើន ទាំងដែលកំពុងដោយសារក្មេងទំនើង ទាំងអ្នកដែលរងគ្រោះអវិជ្ជមានដោយក្មេងទំនើង ហើយក្មេងទំនើងហ្នឹង ជាជនរងគ្រោះដែរ ។ អ៊ីចឹងជាទូទៅ យើងត្រូវធ្វើម៉េច ដើម្បីថា ឥឡូវឲ្យចៅហ្វាយស្រុក ក៏មានអំណាច ។ មានអំណាច មិនមែនគាត់ទៅប៉ូលិសទេ គាត់មានអំណាចក្នុងការជ្រើសអធិការប៉ូលិស នៅស្រុកហ្នឹង ។ បើសិនគាត់ជាអ្នកជ្រើសរើសមេប៉េអឹម ឬក៏មេប៉ូលិសហ្នឹង គឺនៅក្រោមចៅហ្វាយស្រុក ចៅហ្វាយសុ្រក នៅក្រោមប្រជាពលរដ្ឋ“ ។

លោក អ៊ូ វីរៈ បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងនៅពេលដែលមានបញ្ហា គឺប្រជាពលរដ្ឋ តវ៉ាទៅចៅហ្វាយស្រុក ចៅហ្វាយស្រុក គាត់ត្រូវឃ្លាំមើលថា តើអ្នកគាត់រើសឲ្យធ្វើប៉ូលិសអធិការ ឬមេប៉ូលិសស្រុកហ្នឹង ធ្វើល្អឬអត់? ព្រោះយើងអត់ចង់ឲ្យមេប៉ូលិសហ្នឹង ធ្វើនយោបាយឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋទេ ព្រោះអីយើងអត់ចង់ឲ្យគាត់ហ្នឹង ជាអ្នកពូកែនិយាយអួតប្រជាពលរដ្ឋ យើងចង់បានគាត់ជាអ្នកជំនាញ ប៉ុន្តែអ្នកជំនាញដែលឃ្លាំមើលដោយចៅហ្វាយស្រុក ជាអ្នករើស មានអំណាចលើគាត់ ហើយចៅហ្វាយស្រុក គាត់ខ្លាចប្រជាពលរដ្ឋ ។ អាហ្នឹងគឺប្រជាពលរដ្ឋ គាត់ដឹងហើយ គាត់ចង់បានអី? ឧទាហរណ៍ ទាក់ទងនឹងក្មេងទំនើង គាត់ចង់ឲ្យមានប្រព័ន្ធអប់រំក្នុងការជួយកែកូនគាត់ ទប់កូនគាត់បានអីអ៊ីចឹងទៅ ឬមួយក៏មានគ្រឿងញៀន គ្រឿងអីនៅក្នុងតំបន់គាត់ អីអ៊ីចឹងទៅ គាត់អាចបង្រ្កាបអីអ៊ីចឹងទៅ ។ អ៊ីចឹងគាត់នឹងទាមទារឲ្យចៅហ្វាយស្រុកហ្នឹង រកដំណោះស្រា យឲ្យ ហើយបើសិនជាប្រជាពលរដ្ឋគ្មានអំណាច ចៅហ្វាយស្រុក ត្រូវតែហ៊ានស្វះស្វែងធ្វើគ្រប់ជ្រុងជ្រោយទាំងអស់ ដើម្បីកាត់បន្ថយក្មេងទំនើង ។ ការកាតប់បន្ថយ ទប់ស្កាត់ក្មេងទំនើង វាមានរឿងច្រើន តែទាល់តែមានអ្នកនៅមូលដ្ឋានហ្នឹង មានអំណាច ហើយអ្នកឃ្លាំមើលហ្នឹង ប្រជាពលរដ្ឋហ្នឹង ជាអ្នកឃ្លាំមើល ជាអ្នកគ្រប់គ្រងអ្នកមានអំណាចអនុវត្តហ្នឹង អាហ្នឹងបានទៅរួច ។ ប្រសិនធ្វើអ៊ីចឹងបាន ខ្ញុំមើលទៅ រឿងហ្នឹងអាចកែបានលឿនបំផុត និងដោះស្រាយដោយងាយបំផុត ហើយមិញហ្នឹង ខ្ញុំអត់ទាន់បាននិយាយពីរឿងថវិកាទេ នៅពេលដែលយើងផ្ដល់អំណាចឲ្យថ្នាក់ស្រុក ឲ្យគាត់មានអំណាច គាត់មានការទទួលខុសត្រូវជាមួយប្រជាពលរដ្ឋ តែថវិកាគាត់ហ្នឹង ក៏ត្រូវតែឯករាជ្យពីថ្នាក់លើដែរ បានគាត់មានអំណាចទៅប្រជាពលរដ្ឋពិតប្រាកដ ។ ប្រសិនទោះបីផ្ដល់អំណាចឲ្យគាត់ បោះឆ្នោតមែន តែគាត់នៅក្នុងបក្ស ហើយគាត់ត្រូវការចាត់ចែងពីក្រសួងមហាផ្ទៃ ឬមួយអីអ៊ីចឹងទៅ អាហ្នឹងគឺគាត់នៅតែមិនឯករាជ្យ មិនទទួលខុសត្រូវជាមួយប្រជាពលរដ្ឋ គាត់ទទួលខុសត្រូវតែជាមួយនឹងបក្ស ហើយនិងថ្នាក់លើដដែលទេ ។ បើសិនចង់ដូរមែនទែន ទាល់តែបោះឆ្នោតឯកត្តនាមហើយ ត្រូវតែមានថវិកាស្វយ័ត ឲ្យគាត់ទៅទៀត បានគាត់ឈប់ខ្លាចបក្សនិងខ្លាចថ្នាក់ជាតិ ហើយគាត់ខ្លាចប្រជាពលរដ្ឋនៅមូលដ្ឋានជាង អាហ្នឹងគឺយើងឃើញមានប្រសិទ្ធភាពហើយ“ ។

ដោយឡែក លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី យល់ថា រឿងក្មេងទំនើង កំពុងពេញនិយម ជាប្រធានបទ តែសូមកុំឆក់ឱកាស កុំបណ្តែតបណ្តោយ ហើយមិនត្រូវអត់ឱនទេ ព្រោះប្រទេសជាតិ មានច្បាប់ មន្រ្តីរាជការ មានវិន័យ ពលរដ្ឋមានសណ្តាប់ធ្នាប់ ។ ដូច្នេះមានគ្រឹះ៤ ជាគន្លឹះដំណោះស្រាយរឿងក្មេងទំនើង គឺត្រូវសកម្ម និងសហការគ្នា រវាងឪពុកម្តាយ ឬអាណាព្យាបាល សាលារៀន ទីវត្តអារាម និងសមត្ថកិច្ច-អាជ្ញាធរ តាមរយៈការអនុវត្តច្បាប់ សីលធម៌សង្គម និងការអប់រំទូន្មាន។

 លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា ការចង្អុលបង្ហាញនៃរដ្ឋបាលសាធារណៈ និងអភិបាល កិច្ចល្អ វាមានទម្រង់បែបផែនខុសៗគ្នានៃសង្គម តំបន់ ហើយនិងប្រពៃណី វប្បធម៌របស់ជាតិសាសន៍នៃប្រទេសមួយៗ ។ បើយើងប្រៀបធៀបតំបន់អាស៊ីអាគេ្នយ៍ តំបន់អាស៊ីទាំងមូល ទៅនឹងអឺរ៉ុប ពួកលោកខាងលិចអី គឺថាផ្នត់គំនិតនិងរបៀបដឹកនាំ ការកើតនៃធម្មជាតិប្រទេស ក៏ដូចជាអត្តសញ្ញាណជាតិ និងពលរដ្ឋរៀងៗខ្លួន វាមានទម្រង់ខុសៗគ្នា ។ អ៊ីចឹងការលើកឡើងរបស់អ្នកវិភាគសង្គម ទាក់ទងទៅនឹងថា តើការទប់ស្កាត់ក្មេងទំនើងហ្នឹង ចាំបាច់ត្រូវជ្រើសរើសអភិបាលស្រុកក្រុងខណ្ឌ របៀបកុំនយោបាយចាត់តាំង របៀបជាការបោះឆ្នោតដោយប្រជាពលរដ្ឋ ដើម្បីដោះស្រាយមន្រ្តីទំនើង ឬក៏ក្មេងទំនើង ខ្ញុំថាវាមិនប្រាកដថាគ្មានប្រសិទ្ធភាព ឬប្រសិទ្ធភាពទេ គឺខ្ញុំមើលឃើញថា ៥០លើ៥០ ប៉ុន្តែអ្វីដែលយើងពង្រឹង គឺច្បាប់ នីតិរដ្ឋ ហើយយើងឲ្យសហគមន៍នោះ មានកិច្ចសហការគ្នា ចេញពី៤គន្លឹះធំៗ ។ ទី១ ពីឪពុកម្ដាយ អាណាព្យាបាល គ្រួសាររបស់ប្រជាពលរដ្ឋ ដែលមានកូនជាក្មេងទំនើង មន្រ្តីទំនើងអីជាដើមហ្នឹង អាហ្នឹងបញ្ហាគ្រួសារ ។ ទី២ គឺគ្រូ សាលារៀនហ្នឹង ពង្រឹងនូវសីល ធម៌ សុជីវធម៌ វិន័យ ។ ទី៣ គឺសមត្ថកិច្ច អាជ្ញាធរនៅក្នុងសហគមន៍ហ្នឹង ត្រូវពង្រឹងផ្នែកច្បាប់ និងទំនាក់ទំនង តាមដាន អង្កេត ផ្ដល់នូវការចងជាសម្ព័ន្ធគ្នាបែបណារវាងគ្រួសារ រវាងសាលារៀន រវាងសមត្ថកិច្ច និងអាជ្ញាធរ ហើយពិសេសទៅទៀតនោះ ប្រទេសកម្ពុជា ជាប្រទេសកាន់ព្រះពុទ្ធសាសនា អ៊ីចឹងជាសាសនារបស់រដ្ឋ ព្រះ សង្ឃដែលឆាន់បាយនៃពុទ្ធបរិស័ទ ជាស្រែបុណ្យនោះ គឺថាត្រូវអប់រំផ្នែកផ្លូវចិត្ត ផ្លូវធម៌យ៉ាងម៉េច អំពីអំពើហិង្សា អហិង្សា បុណ្យបាប កុសល ធ្វើល្អបានល្អ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប កសាងបែបណាៗ វាជាផ្នែកការអប់រំផ្លូវចិត្ត នៃធម៌ព្រះពុទ្ធ ទស្សនវិជ្ជារបស់ព្រះពុទ្ធ» ។

លោក មាជ សុវណ្ណារ៉ា បន្តថា «អ៊ីចឹងវាមានកត្តាគន្លឹះ ៤ហ្នឹង ដែលជំរុញឲ្យមានការជឿជាក់ពីមហាជន ពីប្រជាពលរដ្ឋ ពីសមត្ថកិច្ច អាជ្ញាធរ ក៏ដូចជាពីសាលារៀន គ្រូបង្រៀន អីជាដើមហ្នឹង អាហ្នឹងហើយជាលំនឹងដែលវិលទៅរកការទប់ស្កាត់ ការកាត់បន្ថយពួកក្មេងទំនើង មន្រ្តីទំនើងអីហ្នឹង ។ អ៊ីចឹងវាមិនជាការចាំបាច់គ្រាន់តែជ្រើសរើសអភិបាលស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលយើងបានបោះឆ្នោតនោះ គឺត្រូវមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ណាមួយ ទទួលបន្ទុកផ្នែកសីលធម៌ សណ្ដាប់ធ្នាប់ សន្តិសុខសង្គមហ្នឹង បើតាមខ្ញុំដឹង គឺមានចៅសង្កាត់រងទី២ ឬក៏ជំទប់ទី២ ទទួលបន្ទុកខាងហ្នឹង ប៉ុន្តែយើងសហការគ្នាទៅ សហការគ្នានៃចតុកោណ កែងហ្នឹង មានន័យថា មុំទាំង៤ហ្នឹង គឺថា គ្រួសារ សាលារៀន សមត្ថកិច្ចអាជ្ញាធរ ហើយនិងទីវត្តអារាមហ្នឹង ។ អ៊ីចឹងខ្ញុំមើលឃើញចំណុចនេះ ដែលជាចំណុចមួយ ដែលយើងចូលរួមពីឆន្ទៈនៃថ្នាក់ដឹកនាំ គឺបញ្ចប់នូវវប្បធម៌ “ឯងជួយអញ អញជួយឯង“ ខ្សែបក្ខពួក គ្រួសារនិយម ហើយនិងនិន្នាការនយោបាយ ជាមួយនឹងនយោបាយប្រជាភិថុតិ ខ្ញុំថាមិនមានប្រសិទ្ធភាពទេ បើយើងមិនលុបបំបាត់បញ្ហាដែលខ្ញុំលើកបញ្ជាក់ហ្នឹង ហើយនិងយើងពង្រឹងច្បាប់ នីតិរដ្ឋហ្នឹងជាធំទៅ គឺគ្មានការលើកលែង អត់ឱនជាដាច់ខាត“ ។

 គួរកត់សម្គាល់ថា បញ្ហាក្មេងទំនើង នាពេលបច្ចុប្បន្ននេះ មិនត្រឹមតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទេ សូម្បីតែសមត្ថកិច្ចក៏ពិបាកទប់ស្កាត់ និងបានទទួលរងគ្រោះដោយសារក្មេងទំនើងដែរ ។ ជាក់ស្ដែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងស្រុកស្ទឹងត្រង់ បានរងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម បញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ដោយសារតែក្មេងទំនើង ចាក់ដោយដែកឆាប ចំផ្ទៃមុខ ធ្លុះភ្នែក ពេលចុះបង្ក្រាបករណីក្មេងទំនើងវាយតប់គ្នា នៅកម្មវិធីប្រដាល់គុនខ្មែរ នៅក្នុងមូលដ្ឋាន ។

 ជុំវិញបញ្ហាក្មេងទំនើងនេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុតលើក្មេងទំនើងដែលបង្ករបួសស្នាមដល់សមត្ថកិច្ច ពេលចុះប្រតិបត្តិការ ដោយគ្មានការយោគយល់នោះឡើយ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាក់ថា ចំពោះក្មេងទំនើង ដែលតដៃជាមួយសមត្ថកិច្ច ធ្វើឲ្យសមត្ថកិច្ចមានរបួសស្នាម ត្រូវដាក់ឲ្យតឹងមែនទែន ព្រោះបងប្អូនចុះអនុវត្ដការងារ មិនត្រូវសមត្ថកិច្ចខ្លាចក្មេងទំនើងទេ ត្រូវក្មេងទំនើង គ្រាន់តែឃើញអាវសមត្ថកិច្ច គឺត្រូវខ្លាច និងគោរព ។ បន្ថែមពីនោះទៀត សម្ដេច បានឲ្យដឹងថា មន្រ្ដីអនុវត្ដច្បាប់ ត្រូវមានច្បាប់ការពារ ហើយមានសិទ្ធិអំណាចក្នុងការអនុវត្ដ ដើម្បីឲ្យអ្នកល្មើសច្បាប់ខ្លាច ហើយអ្នកល្មើសច្បាប់តដៃ ធ្វើឲ្យសមត្ថកិច្ចមានរបួសស្នាម ត្រូវដាក់វិធានការឲ្យតឹងជាទីបំផុត ដោយគ្មានការយោគយល់នោះឡើយ។

 លើសពីនេះ សម្ដេចនាយករដ្ឋមន្រ្តី បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សិក្សាផ្នែកច្បាប់ ពាក់ព័ន្ធនឹងករណីក្មេងទំនើង គឺក្រុមក្មេងទំនើងដែលចាប់បាន អាចបង្វិលពីដាក់គុក គឺយកទៅលត់ដំខ្លួន បម្រើសមរភូមិមុខ ជួយការងារកងវិស្វកម្ម មានជីកលេណដ្ឋាន ជាដើម តាមទម្ងន់ទោស។

 សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា «ឥឡូវយើងចាប់ដាក់គុកអស់តែបាយ ហើយចេញមក ខ្លះកែ ខ្លះមិនកែ។ យើងមិនចាំបាច់រុញទៅដល់ជួរមុខទេ ឱ្យគិតគូរពីការប្រើប្រាស់ការអប់រំកម្រិតណា ដើម្បីអាចភ្ជាប់ជាមួយនឹងការបម្រើដល់សមរភូមិមុខ។ មិនបាច់យកទៅកាន់កាំភ្លើងបាញ់ទេ យកទៅធ្វើជាអ្នកចាក់ពុម្ពលេណដ្ឋាន ដើម្បីជួយដល់កងវិស្វកម្មវិញ» ។

 ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី អំពាវនាវឱ្យរដ្ឋបាលរាជធានី-ខេត្ត សមត្ថកិច្ចទាំង អស់ ត្រូវបង្រ្កាបមិន ដកដៃ លើករណីក្មេងទំនើង ៕ កុលបុត្រ

RELATED ARTICLES