Friday, May 8, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រោះធម្មជាតិ ៤ខែ ៤៥០លើក សម្លាប់មនុស្ស១៥នាក់ ខូចផ្ទះជិត២ពាន់ខ្នង

គ្រោះធម្មជាតិ ៤ខែ ៤៥០លើក សម្លាប់មនុស្ស១៥នាក់ ខូចផ្ទះជិត២ពាន់ខ្នង

ភ្នំពេញ ៖ នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦នេះ គ្រោះធម្មជាតិ រួមមានគ្រោះរន្ទះបាញ់ គ្រោះអគ្គិភ័យ និងខ្យល់កន្ត្រាក់បានកើតឡើង ៤៥៨លើក បង្កឱ្យស្លាប់មនុស្ស ១៥នាក់ របួស៤៨នាក់ និងខូចខាតផ្ទះ ១៩៣៨ខ្នង មានការថយចុះបើប្រៀបធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នា កាលពីឆ្នាំ២០២៥ កន្លងទៅ។

លោកសុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឱ្យដឹង កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា ក្នុងនោះគ្រោះរន្ទះបាញ់កើតឡើង ចំនួន១៣លើក បណ្តាលឱ្យឆេះផ្ទះ ៤ខ្នង ស្លាប់មនុស្ស ៧នាក់ របួស ៧នាក់ និងងាប់គោ ក្របី ៨ក្បាល។ ចំណែកគ្រោះអគ្គិភ័យ បានកើតឡើងចំនួន៣៤៥លើក បណ្តាលឱ្យឆេះផ្ទះ ចំនួន៣៤១ខ្នង តូបផ្សារ៤៨តូប ឃ្លាំងទំនិញ ១៨កន្លែង រោងចក្រសិប្បកម្ម ១៣កន្លែង អគាររដ្ឋបាល ៨កន្លែង ស្លាប់មនុស្ស ៧នាក់ និងរបួស ៣៣នាក់។ រីឯខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ១០០លើក បណ្តាលឱ្យរលំផ្ទះ ចំនួន១៥៦ខ្នង របើកដំបូលផ្ទះ ចំនួន១៤៣៧ខ្នង សាលារៀន ៣៧ខ្នង តូបផ្សារ ៦តូប អគាររដ្ឋបាល ៨កន្លែង ស្លាប់មនុស្ស ១នាក់ និងរបួស ៨នាក់។

លោកបានបន្តថា តួលេខនេះ បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នា ឆ្នាំ២០២៥ កន្លងទៅឃើញថា មានការថយចុះ ខណៈ៤ខែឆ្នាំមុន គ្រោះធម្មជាតិ រួមមានគ្រោះរន្ទះបាញ់ គ្រោះអគ្គិភ័យ និងខ្យល់កន្ត្រាក់ បានកើតឡើង ចំនួន៥៥៥លើក ខូចខាតផ្ទះ ៤៣២៦ខ្នង ស្លាប់មនុស្ស  ២៥នាក់ និងរបួស ៧៨នាក់។ ក្នុងនោះ ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ១០៧លើក បានបណ្តាលឱ្យរលំផ្ទះ ចំនួន ២៦៧ខ្នង ផ្ទះរបើកដំបូល ចំនួន ៣៦៩២ខ្នង សាលារៀន ២៨អគារ តូបផ្សារ ១៤តូប អគាររដ្ឋបាល ១២កន្លែង ស្លាប់មនុស្ស ៤នាក់ និងរងរបួស ១៥នាក់។

រីឯគ្រោះអគ្គិភ័យ បានកើតឡើងចំនួន ៤១៨លើក បណ្តាលឱ្យឆេះផ្ទះ ៣៦១ខ្នង តូបផ្សារ ២៩តូប ឃ្លាំងទំនិញ ១៥កន្លែង រោងចក្រ សិប្បកម្ម ៨កន្លែង អគាររដ្ឋបាល ៩កន្លែង ស្លាប់មនុស្ស ៩នាក់ និងរបួស ២២នាក់ ។ គ្រោះរន្ទះបាញ់ បានកើតឡើងចំនួន ៣០លើក បណ្តាលឱ្យខូចខាតផ្ទះ ចំនួន ៦ខ្នង ស្លាប់មនុស្ស ១២នាក់ របួស ១៦នាក់ និងងាប់គោ ក្របី ចំនួន ២១ក្បាល៕

RELATED ARTICLES