Saturday, May 9, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតួសម្តែង MV ចាយមិនគ្រប់ ឆក់ទូរស័ព្ទស្រី ជាប់ខ្នោះ

តួសម្តែង MV ចាយមិនគ្រប់ ឆក់ទូរស័ព្ទស្រី ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាកម្មករផង និងជាតួសម្តែង ថត MV បែបខ្លីៗផង តែរកលុយចាយមិនគ្រប់ ស្រាប់ តែបែកគំនិតធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នារីម្នាក់ បានសម្រេច ភ្លេចចាក់សាំងម៉ូតូ លុះជិះរត់គេចបានប្រមា ណ ២០០ម៉ែត្រ ម៉ូតូអស់សាំងល្មម ក៏ត្រូវនារីរងគ្រោះ ស្រែកឆោឡោ ហៅប្រជាពលរដ្ឋ ឱ្យជួយព័ទ្ធចាប់ក្របួចជាប់ ប្រគល់ឱ្យកម្លាំងអាវុធហត្ថ នាំយកទៅចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបុរីរុងរឿង ស្ថិតនៅក្នុងទីក្រុង OCIC សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពនារីរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ នាងបានជិះម៉ូតូ មកដល់មុខផ្ទះ ហើយបានឈប់និយាយទូរស័ព្ទ ស្រាប់តែរំពេចនោះ មានជនសង្ស័យម្នាក់ ជិះម៉ូតូ ពណ៌ក្រហម អត់ស្លាកលេខ មកឆក់យកទូរស័ព្ទរបស់នាង ម៉ាក  iPhone 13 Pro Max បានសម្រេច រួចជិះគេចខ្លួន។ ភ្លាមៗ នាងបានជិះម៉ូតូដេញតាម ហើយគាប់ជួនជនសង្ស័យជិះម៉ូតូចេញឆក់ ភ្លេចចាក់សាំង ក៏អស់សាំង និងត្រូវបាននាងតាមទាន់ ឃើញជនសង្ស័យកំពុងបណ្តើរម៉ូតូ រត់ ទើបនាងបានស្រែកហៅប្រជាពលរដ្ឋក្បែរនោះ ឱ្យជួយ ធ្វើឱ្យជនសង្ស័យភ័យ ផ្តួលម៉ូតូចោល រួចរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ក្របួចជាប់ និងបានទូរស័ព្ទទៅលេខ ១២៩១ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សុំកិច្ចអន្តរាគមន៍ នាំយកជនសង្ស័យ ចាត់ការតាមផ្លូវច្បាប់។ ដោយឡែក ទូរស័ព្ទ ត្រូវបានជន សង្ស័យលាក់នៅក្នុងម៉ូតូ។

ជនសង្ស័យឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ២១ឆ្នាំ ដែលទើបក្លាយជាតួសម្តែង ថត MV បែបខ្លីៗ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានឆ្លើយសារភាពថា ពេលទំនេរជាកម្មករ ទើបបានចូលថតវីដេអូខ្លី ហើយមុនកើតហេតុ ខ្លួនទៅកុងស៊ីកាប់ជ្រូក ពេលជិះម៉ូតូឃើញនារីជនរងគ្រោះ ឈប់ម៉ូតូ និយាយទូរស័ព្ទ ក៏ឆ្លៀតឱកាសមេឃមិនទាន់ភ្លឺ មិនសូវមានមនុស្សធ្វើដំណើរតាមផ្លូវ ខ្លួនក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទនារីរងគ្រោះ ហើយជិះម៉ូតូរត់គេចខ្លួន តែបានប្រហែលតែ ២០០ម៉ែត្រ ម៉ូតូអស់សាំង ត្រូវប្រជាពលរដ្ឋដេញចាប់បានតែម្តង។ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ រួចនាំខ្លួនជនសង្ស័យ ទៅ កាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ដើម្បីធ្វើការសាកសួរ៕

RELATED ARTICLES